
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា (ABC)។ សហការី
ភ្នំពេញ: កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្និបាតធនាគារអាស៊ានលើកទី ២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី ៤៩ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រិតិបត្តិការក្នុងវិស័យធនាគារជាមួយបណ្តាញសមាជិក ASEAN។ នេះបើតាមប្រធានសមាគមធនាគារនៅកម្ពុជា។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីវិនិយោគិន និងអ្នកក្នុងវិស័យធនាគារជាង ៤០០ នាក់។ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC)។
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនេះធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តងដែលជាលើកទី ១ របស់កម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ។
កិច្ចប្រជុំឆ្នាំនេះ ក្រោមប្រធានបទ «ការតភ្ជាប់សមាគមអាស៊ានត្រឹមឆ្នាំ ២០២៥ ស្តីពីពិភពលោកថ្មីនៃនវានុវត្តភាពបច្ចេកវិទ្យាសម្រាប់វិស័យធនាគារអាស៊ានតែមួយ»។ នេះបើតាមលោក អ៊ិន ចាន់នី។
លោកបន្ថែមថា ទាក់ទងនឹងប្រធានបទនេះគេនឹងលើកឡើងអំពីការទូទាត់សាច់ប្រាក់ក្នុងវិស័យធនាគារនៅក្នុងប្រទេសជាសមាជិក ASEAN។ លោកថ្លែងថា៖ «សម្រាប់កម្ពុជាគ្រោងនឹងលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថលការទូទាត់លក្ខណៈសកលតាមបច្ចេកវិទ្យា និងបទប្បញ្ញត្តិជាដើម»។
លោកបន្តថា បន្ទាប់ពីកិច្ចប្រជុំនេះកម្ពុជាក៏នឹងរៀបចំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី ៤៩ ជាលើកទី ២ ហើយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយត្រូវបានគេរៀបចំឡើងរាល់ឆ្នាំ។
លោកថ្លែងថា៖ «វាមានសារៈសំខាន់ណាស់ សម្រាប់ក្របខ័ណ្ឌអាស៊ាន គឺការពង្រឹងទំនាក់ទំនងក្នុងវិស័យធនាគារនៅតំបន់អាស៊ាន ដែលវិស័យនេះមានការគាំទ្រហិរញ្ញប្បទានគ្នាទៅវិញទៅមក ហើយចំពោះប្រទេសជាតិគេនឹងឃើញពីភាពរីកចម្រើន ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងការទាក់ទាញវិយោគិន»៕LA