ភ្នំពេញ: កម្ពុជា​នៅតែ​ចាត់ទុក​វិស័យ​ឧស្សាហកម្ម​ជា​វិស័យ​ចម្បង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប៉ុន្តែ​មាន​ទំនោរ​ងាក​ចេញ​ពី​ការពឹងផ្អែក​ខ្លាំង​លើ​ឧស្សាហកម្ម​វាយនភណ្ឌ​ទៅរក​គោលដៅ​អភិវឌ្ឍន៍​ឧស្សាហកម្ម​មិនមែន​វាយនភណ្ឌ ដើម្បី​ចាប់យក​ឱកាស​វិនិយោគ​ក្រៅប្រទេស​ជាពិសេស​ពី​ប្រទេស​ចិន​។ នេះ​បើតាម​អ្នកសិក្សា​ស្រាវជ្រាវ​។

លោក គី សេរីវឌ្ឍន៍ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​អង្គារ​ថា រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ទៀត​ដោយ​ងាក​ចេញ​ពី​វិស័យ​វាយនភណ្ឌ ដើម្បី​ចាប់​ឱកាស​វិនិយោគ​ពី​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ​ដែល​ងាកចេញ​នេះ​ពី​វិស័យ​វាយនភណ្ឌ​នៅពេល​នេះ​មិនមែន​ដោយសារ​ការដក​អនុគ្រោះ​ពន្ធ EBA ​នោះ​ទេ តែ​ជា​ការអភិវឌ្ឍ​ឈាន​ទៅ​ចាប់យក​ឱកាស​ថ្មី​នៃ​ការវិនិយោគ​ដែល​ហូរ​ចេញ​ពី​ប្រទេស​ចិន​មកវិញ​ដោយសារ​ការជះឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក​ប៉ុណ្ណោះ​»​។

តាម​អ្នកសិក្សា​ស្រាវជ្រាវ​រូបនេះ ការអភិវឌ្ឍ​លើ​ឧស្សាហកម្ម​ថ្មី​នេះ រដ្ឋាភិបាល​នឹង​យក​ចិត្ត​ទុកដាក់​លើ​ឧស្សាហកម្ម​គ្រឿង​អេឡិចត្រូនិក អគ្គិសនី និង​គ្រឿងបន្លាស់​រថយន្ត ដោយ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការវិនិយោគ​ពី​ក្រៅ​ប្រទេស​កាន់តែ​ច្រើន​។

លោក​និយាយថា​៖ «​ខ្ញុំ​ជឿថា​ការវិនិយោគ​លើ​វិស័យនេះ​នឹង​ជួយ​បង្កើន​តម្លៃ ព្រោះ​ឧស្សាហកម្ម​នេះ​នឹង​ប្រើប្រាស់​កម្លាំង​ពលកម្ម​តិចជាង​មុន​ដែល​ទទួល​បាន​ចំណូល​ខ្ពស់ជាង​វិស័យ​កាត់ដេរ​ហើយ​ឧស្សាហកម្ម​ប្រភេទ​នេះ​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពួកគាត់​នឹងត្រូវ​ចំណាយពេល​ខ្លី​ និង​ងាយ​យល់ ឆាប់​ចេះ​អាច​បម្រើ​ការងារ​បាន​ភ្លាមៗ​»​។

លោក​បន្ថែម​៖ «​ឧស្សាហកម្ម​របស់​យើង​ចូលដល់​ជុំ​ទី​ ២ ​ហើយ​ដែល​កាលពី​មុន​យើង​អភិវឌ្ឍ​តែ​លើ​វិស័យ​វាយនភណ្ឌ ចំពោះ​ជុំ​ទី​ ២ ​នេះ​គឺជា​យុទ្ធសាស្ត្រ​កែច្នៃ​កសិផល​កសិកម្ម​ឲ្យ​ទៅ​ឧស្សាហកម្ម​កែច្នៃ​ស្បៀងអាហារ​កញ្ចប់ ដើម្បី​ទប់ទល់​ជាមួយ​ការផលិត​លើស​នៃ​កសិផល និង​ជំរុញ​កំណើន​នៃ​តម្លៃបន្ថែម​នៅក្នុង​សេដ្ឋកិច្ច​ជា​ជាង​ឲ្យ​កសិករ​បេះ តែ​ផ្លែឈើ​យក​ទៅ​លក់​»​។

លោក​បន្តថា តាមរយៈ​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម​នេះ រដ្ឋាភិបាល​បាន​សម្រេច​កែទម្រង់​លើ​វិស័យ​ពន្ធដារ កងកម្លាំង​ប្រដាប់អាវុធ ប្រព័ន្ធ​ដឹកជញ្ជូន ប្រព័ន្ធ​អប់រំ និង​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ការលើក​ទឹកចិត្ត​ដល់​កម្មករ​ជាដើម ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ឧស្សាហកម្ម​មាន​ការលូតលាស់​ទៅមុខ​រហ័ស​។

កាលពី​ថ្ងៃទី​ ១៤ ខែសីហា គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ដើម្បី​រួមចំណែក​ដល់​ការរក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន រដ្ឋាភិបាល​បានដាក់​ចេញ និង​កំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥​។

សេចក្តី​ប្រកាស​នោះបាន​បន្តថា គោលនយោបាយ​នេះ​គឺជា​យុទ្ធសាស្ត្រ​ជំរុញ​កំណើនសេដ្ឋកិច្ច​ថ្មី​របស់​កម្ពុជា​ក្នុង​ការផ្តោតលើ​ពិពិធកម្ម​សេដ្ឋកិច្ច ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការលើកកម្ពស់​ផលិតភាព​ឲ្យ​ស្រប​តាម​បរិបទ​នៃ​ការប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុងស្រុក និង​សភាពការណ៍​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។

ក្នុង​ឆ្នាំ ២០១៧-២០១៨ រដ្ឋាភិបាល​បាន​អនុវត្ត​រួច​មកហើយ​លើ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ដោយ​ទទួលបាន​សមិទ្ធផល​វិជ្ជមាន​ដោយ​អនុបាត​វិស័យ​ឧស្សាហកម្ម​បាន​កើនឡើង​ពី ២៧,៧ ភាគរយ នៅ​ឆ្នាំ ២០១៥ ដល់​ ៣២,៦ ​ភាគរយ​នៅ​ឆ្នាំ ២០១៨ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​ដែល​សម្រេចបាន​មុន​គោលដៅ​កំណត់​ត្រឹម ៣០ ​ភាគរយ​នៅ​ឆ្នាំ​ ២០២៥​។

គណៈរដ្ឋមន្ត្រី​ឲ្យ​ដឹងថា តាមរយៈ​គោលនយោបាយ​នេះ រដ្ឋាភិបាល​មាន​គោលដៅ​បង្កើន និង​ពិពិធកម្ម​មុខទំនិញ​នាំចេញ​ផ្នែក​កម្មន្តសាល​ (​មិនមែន​ជា​វាយនភណ្ឌ​) ​ឲ្យ​បាន​ ១៥ ភាគរយ និង​ជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឲ្យ​បាន ១២ ភាគរយ​នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​ ២០២៥​។

កម្ពុជា​បាននិង​កំពុង​ធ្វើ​ពិពិធកម្ម​មុខទំនិញ​នាំចេញ​របស់ខ្លួន​ជា​បន្តបន្ទាប់ និង​បន្ត​ជំរុញ​កំណើន​នៃ​ការនាំចេញ​កសិផល​កែច្នៃ​ឲ្យ​កាន់តែ​សម្បូរបែប​ដោយ​មិន​ពឹងផ្អែក​តែ​ការនាំចេញ​ទំនិញ​កម្មន្តសាល​ផ្នែក​សម្លៀកបំពាក់ និង​ស្បែកជើង​នោះទេ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​គោលនយោបាយ​នេះ រដ្ឋាភិបាល​ក៏បាន​ដាក់​ទិសដៅ​នឹង​ចុះបញ្ជី​ជា​ផ្លូវការ​សហគ្រាស​ធុន​តូច​ ៨០ ​ភាគរយ​ និង​មធ្យម​ ៩៥ ​ភាគរយ ហើយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ត្រូវមាន​បញ្ជិកា​គណនេយ្យ និង​តារាង​តុល្យការ​ត្រឹមត្រូវ​ឲ្យ​បាន​ ៥០ ភាគរយ និង​ ៧០ ភាគរយ​រៀង​គ្នា​នៅត្រឹម​ឆ្នាំ​ ២០២៥​។

ការចុះបញ្ជី​សហគ្រាស​ធុនតូច​ និង​មធ្យម​មាន​ផលប្រយោជន៍​ក្នុង​ការរួមចំណែក​ពង្រឹង​អភិបាលកិច្ច​អាជីវកម្ម​ និង​ឱកាស​ទទួលបាន​ហិរញ្ញប្បទាន​៕ LA