ភ្នំពេញៈ ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ចំនួន​ទឹកប្រាក់​ពី​ការនាំចូល​មធ្យោបាយ​ធ្វើដំណើរ និង​ដឹកជញ្ជូន ព្រមទាំង​គ្រឿងបន្លាស់​មក​កាន់​ប្រទេស​កម្ពុជា ​ក្នុង​រយៈពេល ៥ ​ខែ​ដើម​ឆ្នាំ​ ២០២០ នេះ​មាន​ការធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​បង្ហាញថា ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា ការនាំចូល​ម៉ូតូ រថយន្ត និង​គ្រឿងបន្លាស់​មាន​តម្លៃ​សរុប ៦០០,៩ ​លាន​ដុល្លារ​ ​ធ្លាក់ចុះ ១២៦,៤៥ ​លាន​ដុល្លារ​ ស្មើនឹង ១៧,៣៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែល​មាន​តម្លៃ ៧២៧,៣៥ ​លាន​ដុល្លារ​។ ក្នុង​នោះ​ការនាំ​ចូល​ម៉ូតូ​មាន​តម្លៃ ៩៦,៦៥ ​លាន​ដុល្លារ​ ធ្លាក់​ចុះ ១៥,៤៣ ​ភាគរយ និង​ការនាំចូល​រថយន្ត​ទេសចរណ៍​មាន​តម្លៃ ២៥១,៣៨ ​លាន​ដុល្លារ ​ធ្លាក់ ២១,៤៦ ​ភាគរយ​។

ទិន្នន័យ​ឲ្យ​ដឹង​ទៀតថា ចំណែក​ការ​នាំចូល​រថយន្ត​ដឹកអ្នកដំណើរ​ដែល​មាន​ចំណុះ​ពី​ ១០ ​នាក់​ឡើង​មាន ១៧,៤៤ ​លាន​ដុល្លារ​ ធ្លាក់ ៥៩,៩៨ ​ភាគរយ រថយន្ត​ដឹកទំនិញ​មានតម្លៃ ១៧១,០៦ ​លាន​ដុល្លារ​ ធ្លាក់ចុះ ៨,២៥ ​ភាគរយ និង​ការ​នាំចូល​គ្រឿងបន្លាស់​មាន​ ៣១,៨ ​លាន​ដុល្លារ ​ធ្លាក់​ ១២,៧៤ ​ភាគរយ​។

ដោយឡែក​សម្រាប់​ការនាំចូល​រថយន្ត​ប្រភេទ​ផ្សេងទៀត​មាន​តម្លៃ ៣២,៥៣ ​លាន​ដុល្លារ​ កើនឡើង ២២,៨៦ ​ភាគរយ​។

លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​និន្នាការ​នៃ​ការនាំចេញ នាំចូល​ទំនិញ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ធ្លាក់ចុះ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ជាពិសេស​ផលិតផល​ដែល​មិន​ស្ថិត​ក្នុង​វិស័យ​កសិកម្ម​។ លោក​បន្តថា​៖ «​ការធ្លាក់ចុះ​នេះ គឺជា​រឿង​កើតមាន​ជាទូទៅ​ក្នុង​អំឡុង​ពេលនេះ​»​។

ទោះជា​យ៉ាងណា​ជាមួយ​នឹង​ភាព​កាន់តែ​ប្រសើរ​នៃ​ការគ្រប់គ្រង​ជំងឺ​នេះ​លោក សុវិជាតិ បាន​អះអាង​ថា បរិមាណ​នៃ​ការនាំចូល​ផលិតផល​ទាំងអស់​នេះ​កំពុង​ចាប់ផ្តើម​មាន​សញ្ញា​កើនឡើង​វិញ​ជា​បណ្តើរៗ​ហើយ​។ លោក​ប្រាប់​ថា​៖ «​បន្ទាប់ពី​កូវីដ​ ១៩ មាន​ភាព​ស្រាកស្រាន្ត ខ្ញុំ​គិត​ថា ការនាំចូល​ផលិតផល​ទាំងនេះ​មក​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​នៅ​ចុង​ឆ្នាំនេះ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ឲ្យ​ដឹងថា ទីផ្សារ​លក់​រថយន្ត និង​ម៉ូតូ​បាន​ធ្លាក់ចុះ​យ៉ាងច្រើន​ក្នុង​អំឡុង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ហេតុនេះ​ការនាំ​ចូល​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះដែរ​។ លោក​បន្តថា ការធ្លាក់ចុះ​តម្រូវការ​រថយន្ត និង​ម៉ូតូ គឺ​ដោយសារ​ប្រជាពលរដ្ឋ​បាត់បង់​ចំណូល​ដែល​ធ្វើការ​ទិញ​យក​ទៅ​ប្រើប្រាស់​ត្រូវ​ពន្យារពេល​។ លោក​និយាយ​ថា​៖ «​កូវីដ​ ១៩ បាន​ធ្វើឲ្យ​តម្រូវការ​រថយន្ត និង​ម៉ូតូ​ធ្លាក់​ស្ទើរ​សូន្យ​តែម្តង​»​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់ថា ការធ្លាក់​ចុះ​ប្រាក់​នាំចូល​រថយន្ត ម៉ូតូ និង​គ្រឿងបន្លាស់​ក្នុង​ពេលនេះ គឺ​ជាប់ទាក់ទង​យ៉ាង​ខ្លាំង​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​។

លោក​លើកឡើង​ថា​៖ «​មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើឲ្យ​ចំនួន​ប្រាក់​នាំចូល​ផលិតផល​ទាំងអស់​នេះ​មក​កម្ពុជា​ធ្លាក់ចុះ មានដូចជា ការរឹតត្បិត​ការចំណាយ​របស់​ប្រជាជន ការដឹកជញ្ជូន​ទំនិញ​ឆ្លង​ប្រទេស​មាន​ការពិបាក​ជាង​ពេលមុន និង​ដំណើរការ​របស់​រោងចក្រ​ផលិត​នៅ​ក្រៅ​ប្រទេស​ក៏មាន​មួយចំនួន​ជួប​បញ្ហា​ខ្លះ​ដែរ​»​។

លោក​បន្ថែមថា ដោយសារ​ស្ថានភាព​កូវីដ ហាក់​មាន​ភាពធូរស្រាល ហេតុនេះ​កំណើន​នៃ​ការនាំ​ចូល​ផលិតផល​ទាំងអស់​នេះ​នឹង​កើនឡើង​វិញ​។ លោក​បញ្ជាក់ថា​៖ «​នៅពេល​ខាងមុខ​បើ​មាន​ការបើក​ព្រំដែន​ឡើងវិញ​ខ្ញុំ​គិតថា អ្វីៗ​នឹង​ត្រឡប់​មក​កំណើន​វិញ ប៉ុន្តែ​វា​នឹង​មិន​ស្ទុះ​ឡើង​គំហុក​វិញ​ភ្លាមៗ​ទេ​»​។

របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ការនាំចេញ នាំចូល​ទំនិញ​មក​កម្ពុជា​មាន​តម្លៃ​សរុប ៣៦,៧ ​ពាន់​លាន​ដុល្លារ​ក្នុងនោះ​ការនាំចេញ​មាន​ ១៤,៥៣ ​ពាន់​លាន​ដុល្លារ កើន​ ១២,៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ​ខណៈ​ការ​នាំចូល​មាន ២២,១៩ ​ពាន់​លាន​ដុល្លារ​កើនឡើង ១៨,៦ ​ភាគរយ​៕ LA