
របាយការណ៍ឲ្យដឹងថា កាលពីឆ្នាំ ២០១៨ កម្ពុជាបាននាំចូលជ្រូកសាច់រស់ចំនួន ៦៣០ ៧៧៦ ក្បាល មាន់រស់ ៣ ៩៨១ ៣០៣ ក្បាល និងសាច់ចម្រុះ ២ ៤៤០,៧ តោន។ AFP
ភ្នំពេញៈ ប្រទេស កម្ពុជា បាននាំចូលសត្វរស់ និងសាច់សត្វពីបរទេសបរិមាណ ៥៤ ១៤៩ តោន ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកកាលពីឆ្នាំ ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បង្ហាញថា ក្នុងឆ្នាំ ២០១៨ កម្ពុជាមានសមត្ថភាពអាចផលិតផលិតកម្មសាច់សត្វក្នុងស្រុកសរុបបានប្រមាណ ២៣១ ២៨៣ តោន ស្មើនឹង ៨១ ភាគរយនៃតម្រូវការក្នុងស្រុកសរុប ដែលមានប្រមាណ ២៨៥ ៤៣២ តោន។
របាយការណ៍ឲ្យដឹងថា កាលពីឆ្នាំ ២០១៨ កម្ពុជាបាននាំចូលជ្រូកសាច់រស់ចំនួន ៦៣០ ៧៧៦ ក្បាល មាន់រស់ ៣ ៩៨១ ៣០៣ ក្បាល និងសាច់ចម្រុះ ២ ៤៤០,៧ តោន។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការថយចុះការចិញ្ចឹមជាលក្ខណៈគ្រួសារ និងកំណើននៃការតម្រូវការបរិភោគ ធ្វើឲ្យកម្ពុជាត្រូវការជាចាំបាច់នូវការនាំចូលសាច់សត្វបន្ថែមពីបរទេស។ លោកបន្តថា ដើម្បីកាត់បន្ថយការនាំចូល បច្ចុប្បន្នក្រសួងកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះការជំរុញការចិញ្ចឹមសត្វនៅក្នុងស្រុក។
លោកថ្លែងថា៖ «សម្រាប់ឆ្នាំ ២០១៩ និងឆ្នាំបន្តបន្ទាប់ យើងសង្ឃឹមថា អត្រានៃការនាំចូលសាច់សត្វពីបរទេសនឹងត្រូវកាត់បន្ថយ ព្រោះក្រសួងមានគោលនយោបាយជំរុញការចិញ្ចឹមសត្វនៅក្នុងស្រុកឲ្យកើនយ៉ាងហោចណាស់ ៣ ភាគរយជារៀងរាល់ឆ្នាំ»។
សម្រាប់ផលិតកម្មសាច់សត្វក្នុងស្រុកដែលផលិតបានកាលពីឆ្នាំ ២០១៨ រួមមាន សាច់គោ ក្របី ៨៦ ៧៧២ តោន សាច់ជ្រូក ៩៩ ៧៩៣ តោន និងសាច់បក្សី ៤៤ ៧១៨ តោន។
ទាក់ទងនឹងស្ថានភាពនៃការចិញ្ចឹមសត្វនៅកម្ពុជា លោក វុទ្ធី ប្រាប់ថា នៅពេលនេះការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់។
បើតាមលោក វុទ្ធី ការនាំចូលសាច់សត្វល្អៗមកកម្ពុជាភាគច្រើនមកពី អូស្រ្តាលី កូរ៉េ និងអាមេរិក ខណៈសាច់សត្វធម្មតា មកពីប្រទេសជិតខាង។
ទោះយ៉ាងណា ទន្ទឹមនឹងការនាំចូលសាច់សត្វនេះ កាលពីឆ្នាំ ២០១៨ កម្ពុជាក៏បាននាំចេញសាច់សត្វទៅកាន់ទីផ្សារបរទេសផងដែរ។ ទិន្នន័យបានបង្ហាញថា ក្នុងឆ្នាំ ២០១៨ កម្ពុជានាំចេញគោក្របី បាន ៦ ៧៨៦ ក្បាល ជ្រូកពូជ ៥ ៥០៥ ក្បាល និងស្វាក្តាម ១០ ៤៧២ ក្បាល។
ការស្រាវជ្រាវរបស់អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរកឃើញថា ជាមធ្យមប្រជាជនខ្មែរម្នាក់ទទួលទានសាច់សត្វ ១៧,៦ គីឡូក្រាមក្នុង ១ ឆ្នាំ៕ LA