ភ្នំពេញៈ កម្ពុជា​នាំចូល​ផលិតផល​ឱសថ​ក្នុងតម្លៃ​ជិត ៤០០ ​លាន​ដុល្លារ កាលពី​ឆ្នាំ​ ២០២០ ថយចុះ​តិចតួច​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​បានឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​នាំចូល​ផលិតផល​ឱសថ​ក្នុងតម្លៃ ៣៩៣,៥ ​លាន​ដុល្លារ ធ្លាក់ចុះ​ ០,២៦ ​ភាគរយ​ធៀប​ឆ្នាំ ២០១៩ ដែល​មាន​តម្លៃ ៣៩៤,៥១ ​លាន​ដុល្លារ​។

លោក ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ PPM បាន​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កម្ពុជា​បាន​នាំចូល​ឱសថ​ពី​បរទេស​ប្រមាណ ៩០ ​ភាគរយ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។

លោក​បន្តថា​៖ «PPM ផលិត​ឱសថ​ជាង ២០០ ​មុខ យើង​មាន​កំណើន​ផលិត​ជា​រៀងរាល់​ឆ្នាំ​ទៅតាម​តម្រូវការ​ទីផ្សារ ក៏ប៉ុន្តែ​យើង​គ្រាន់តែ​អាច​ឆ្លើយតប​នឹង​មួយផ្នែក​នៃ​តម្រូវការ​ទីផ្សារ​ប៉ុណ្ណោះ​ព្រោះ​កម្ពុជា​នាំចូល​ឱសថ​ប្រហែល ៩០ ​ភាគរយ​។ ផលិតផល​ឱសថ​យើង​នាំចូល​ពី​ប្រទេស​បារាំង​ច្រើន​ជាងគេ ហើយ​មាន​ប្រទេស​ឥណ្ឌា កូរ៉េ ចិន ថៃ វៀតណាម ជាដើម​»​។

លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូចជា​រដ្ឋាភិបាល​ជួយ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក ដើម្បី​រក្សា​ភាពប្រកួតប្រជែង​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។

លោក​ប្រាប់ថា​៖ «​យើង​នាំចូល​ច្រើន ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ជួយ​ជំរុញ​ទីផ្សារ​បន្តទៀត​ ដើម្បី​ឱ្យ​ផលិតផល​ក្នុង​ស្រុក​ឡើងដល់​កម្រិត​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​ឱសថ​នាំចូល​»​។

លោក ស៊ីម សល្យ ស្ថាបនិក​ក្រុមហ៊ុន​ណានីកា សុខ​សប្បាយ ហ្វាម៉ា ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ក្នុង​ស្រុក​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​លោក​នាំចូល​ឱសថ​ពី​សហគមន៍​អឺរ៉ុប ឥណ្ឌូនេស៊ី​មក​ទីផ្សារ​របស់​កម្ពុជា​។

លោក​បាន​ប្រាប់ទៀតថា ការនាំចូល​ឱសថ​នេះ​ដោយសារ​ការផលិត​ក្នុង​ស្រុក​នៅមាន​កម្រិត និង​ពិបាក​ក្នុងការ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ផលិតផល​នាំចូល​ទាំង​បរិមាណ និង​ថ្លៃដើម​។

លោក​បាន​និយាយថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ផលិតផល​ក្នុង​ស្រុក​នឹង​ទទួល​បាន​ចំណែក​ទីផ្សារ​ក្នុងស្រុក​កាន់តែ​ច្រើន និង​កាត់បន្ថយ​ការនាំចូល​ពី​បរទេស ដោយហេតុថា​ខ្មែរ​យើង​មាន​ឆន្ទៈ​ស្រឡាញ់​ខ្មែរ គាំទ្រ​ផលិតផល​ខ្មែរ​»​។

កាលពី​ថ្ងៃទី ​៥ ខែឧសភា ឆ្នាំនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ស្ថាពរ​ឱ្យ​ក្រុមហ៊ុន Santelys Pharmaceutical Co., Ltd បង្កើត​រោងចក្រ​ផលិត​ឱសថ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោម​ទុនវិនិយោគ ១២,៥ ​លាន​ដុល្លារ និង​បង្កើត​ការងារ ២១៥ ​កន្លែង​៕ LA