ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​កង់​មានតម្លៃ​ជា​ទឹកប្រាក់​ជាង ៣៧៩ ​លាន​ដុល្លារ​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ ដោយ​កើន ២៨,៩២ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ​នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​នេះ​បង្ហាញថា អាមេរិក​គឺជា​ទីផ្សារ​ឈានមុខ​គេ​មួយ​សម្រាប់​ផលិតផល​កង់​កម្ពុជា​ក្នុង​អំឡុង​ពេលនេះ​។

កម្ពុជា​នាំចេញ​កង់​ជាង​ ១,៥ ​លាន​គ្រឿង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​អំឡុង​ពេលនេះ​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ AKP​។

កង់​ផលិត​នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​ជាង​ ៥០០ ០០០ ​គ្រឿង អាល្លឺម៉ង់ ៣៦០ ០០០​ គ្រឿង ចក្រភព​អង់គ្លេស ២៧០ ០០០ ​គ្រឿង និង​បែលហ្ស៊ិក ១៥០ ០០០ ​គ្រឿង​ ខណៈ​ដែល​ប្រទេស​ហូឡង់​មាន​ចំនួន​ ៩០ ០០០ ​គ្រឿង និង​អូស្ដ្រាលី​មាន​ចំនួន ១០០ ០០០ ​គ្រឿង​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ថា ដំណើរការ​ផលិត​កង់​របស់​កម្ពុជា​នៅតែ​បន្ត​ជាធម្មតា បើទោះ​ជា​វិបត្តិ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​ជា​សកល​កំពុង​បន្ត​ក៏ដោយ​។

លោក​អះអាង​ថា ក្នុងអំឡុង​ពេលនេះ​ប្រទេស​កម្ពុជា​បាន​នាំចេញ​កង់​កើន​ជាង​ ៨៥ លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​កង់​កើនឡើង​នេះ​វា​អាស្រ័យ​លើ​ការបញ្ជាទិញ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ថា និន្នាការ​នៃ​ការប្រើប្រាស់​កង់ ដើម្បី​កាត់បន្ថយ​ការបំពុល​បរិយាកាស​នៅ​តំបន់​ទីក្រុង ជុំវិញ​ពិភពលោក​បាន​ជំរុញ​ឱ្យ​មាន​ការនាំចេញ​កង់​របស់​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ចំពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ប្រជាជន​ចាំបាច់​ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​។

លោក លឹម ហេង ថ្លែងថា​៖ «​ការកើនឡើង​ការនាំចេញ​កង់​កម្ពុជា​ក្នុង​អំឡុង​ពេលនេះ​បាន​ឆ្លុះបញ្ចាំង​បរិយាកាស​វិនិយោគ​ល្អប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការទាក់ទាញ​ក្រុម​វិនិយោគិន មក​វិនិយោគ​នៅ​កម្ពុជា​។ ការកើនឡើង​នេះ​បានរួម​ចំណែក​ដល់​សេដ្ឋកិច្ចជាតិ​»​។

លោក ស៊ាង ថៃ បាន​ឱ្យ​ដឹងថា ក្នុង​ពេល​កន្លងមក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​ផ្ញើលិខិត​ទៅ​អ្នកបញ្ជា​ទិញ​ទាំងអស់​ឱ្យ​បន្ត​ទទួល​យក​ទំនិញ​ដែល​បាន​បញ្ជា​ទិញ​រួចហើយ និង​បញ្ជា​ទិញ​បន្ថែម​ទៀត​ព្រោះ​កម្ពុជា​នៅតែ​មាន​សមត្ថភាព​ផលិត​ទោះបី​ក្នុង​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។

ថ្លែង​នៅក្នុង​ការចេញ​ផ្សាយ​នៃ​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាលពី​សប្ដាហ៍​មុន លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​កត់សម្គាល់ថា កម្ពុជា​គឺជា​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ទៀងទាត់​នៃ​ផលិតផល​ និង​សេវា​អាមេរិក​។

លោក​បានឱ្យ​ដឹងថា វិស័យ​ឯកជន​កម្ពុជា​ធ្វើ​ការងារ​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​អាមេរិក និង​ទីភ្នាក់ងារ​របស់ខ្លួន​ដើម្បី​បង្កើត​មធ្យោបាយ​ផ្ដល់​ប្រភព​ទុន និង​ធ្វើឱ្យ​រីកចម្រើន​ពាណិជ្ជកម្ម​របស់​ពួកគេ​។

លោក Murphy បាន​ឱ្យ​ដឹង​ដែរ​ថា​អាមេរិក​ជា​ទីផ្សារ​សំខាន់​សម្រាប់​កម្ពុជា​នាំចេញ​ដែលមាន​ចំនួន​ ៥,៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ពី​ ៣ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៥៕LA