ភ្នំពេញៈ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ នៅ​អាស៊ាន និង​លេខ​ ៥ លើ​ពិភពលោក​ក្នុង​នាម​ជា​ប្រទេស​ដែល​នាំចេញកង់ទៅ​ទីផ្សារ​អន្តរជាតិ​ច្រើនជាងគេ​ក្នុង​ឆ្នាំ​ ២០២០​។

យោងតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​រយៈពេល ១២ ​ខែ ឆ្នាំ​​ ២០២០ កម្ពុជា​បាន​នាំចេញ​កង់​ក្នុងតម្លៃ​សរុប ៥២៧,០៨ ​លាន​ដុល្លារ​ កើនឡើង ២៧,៧៨ ​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ដែលមាន​ទីផ្សារ​សំខាន់ៗ​​ដូចជា អាមេរិក អាល្លឺម៉ង់ ស៊ុយអែត ប៊ែលហ្ស៊ិក កាណាដា អង់គ្លេស ដាណឺម៉ាក អូស្ត្រាលី អូទ្រីស ហូឡង់ ឆែក​អ៊ីតាលី កូឡុំប៊ី កូរ៉េ និង​អេស្ប៉ាញ​។ ចំណែក​ការនាំ​ចូល​កង់​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ ៨,៣៨ ​លាន​ដុល្លារ ធ្លាក់ចុះ ១៩,៣៣ ​ភាគរយ​ពី​ប្រទេសមួយ​ចំនួន​ដូចជា ជប៉ុន ចិន កោះ​តៃវ៉ាន់ វៀតណាម អាមេរិក ថៃ និង​វៀតណាម ជាដើម​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា កំណើន​ជា​បន្តបន្ទាប់​នៃ​ការនាំចេញ​កង់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ គឺ​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ មាន​គោលនយោបាយ​កែទម្រង់​មុតស្រួច​ (​ផ្នែក​សេដ្ឋកិច្ច​) Pro Business ច្បាប់​វិនិយោគ​មាន​លក្ខណ:​អំណោយផល សម្បូរ​កម្លាំង​ពលកម្ម ការវិនិយោគ​មាន​លក្ខណ:​សេរី ព្រមទាំង​មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​។

លោក​បន្តថា ក្រៅពីនេះ​លក្ខណៈ​អំណោយផល​ទាំងនេះ​ប្រទេស​កម្ពុជា​ក៏​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជា​សមាជិក​អាស៊ាន និង​ជា​ប្រទេស​ដែល​មាន និង​ត្រៀម​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់​តំបន់ អនុតំបន់​ផងដែរ​។ លើសពីនេះ​ទៀត កម្ពុជា​ក៏​ទើប​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) ជាមួយ​ប្រទេស​ចិន ព្រមទាំង​កំពុង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​។

លោក​ថ្លែងថា​៖ «​ចំនួន​ទឹកប្រាក់​នាំចេញ​នេះ​ធ្វើឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ៥ នៃ​ការនាំចេញ​កង់​ក្នុង​ពិភពលោក និង​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ក្នុង​តំបន់​អាស៊ាន​»​។

យោងតាម​លោក ស៊ាង ថៃ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោងចក្រ​ដំឡើង​កង់ ៥ រួមមាន​ក្រុមហ៊ុន A and J(Cambodia) Co., Ltd ក្រុមហ៊ុន Speedtech Industrial Co., Ltd ក្រុមហ៊ុន Smart Tech(Cambodia)Co.,Ltd ក្រុមហ៊ុន Xds Bicycle (Cambodia)Co., Ltd និង​ក្រុមហ៊ុន Evergrand Bicycle (Cambodia) Co., Ltd​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៤ ខែមករា​ថា ប្រាក់​ចំណូល​ពី​ការនាំចេញ​កង់​កំពុង​រួមចំណែក​លើកកម្ពស់​កំណើន​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ប្រាក់​ពន្ធ និង​បង្កើត​ការងារ​ថ្មីៗ​។ កង់​ជា​ផលិតផល​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅ​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។

លោក​ថ្លែងថា​៖ «​ការផលិត និង​នាំចេញ​កង់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​នៅក្នុង​ឆ្នាំ​ ២០២១ នេះ​។ ទោះយ៉ាងណា ក្រុមហ៊ុន​ក៏ត្រូវ​តែ​គិតគូរ​ឱ្យបាន​ខ្លាំង​បន្ថែមទៀត​លើ​គុណភាព​ផងដែរ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង ធ្លាប់​ប្រាប់ថា ភាពអំណោយផល​នៃ​ច្បាប់​វិនិយោគ និង​ភាពសម្បូរ​នៃ​កម្លាំង​ពលកម្ម​បានធ្វើឱ្យ​កម្ពុជា​ទាក់ទាញ​បាន​នូវ​ការ​ចូលមក​បណ្តាក់ទុន​លើ​រោងចក្រ​ដំឡើង​កង់​ជា​បន្តបន្ទាប់​។

លោក​បាន​បន្តថា សម្រាប់​កំណើន​នាំចេញ​កង់​ពី​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ក៏​ទទួលបាន​ឥទ្ធិពល​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ខ្លះ​ដែរ​។ លោក​និយាយថា​៖ «​ការកាត់បន្ថយ​គម្លាត និង​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩ គឺជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​កំណើន​នៃ​តម្រូវការ​ប្រើប្រាស់​កង់​កើនឡើង​ជា​លំដាប់​»​។

យោងតាម Bike-EU.com ដែលជា​គេហទំព័រ​ឯកទេស​ផ្នែក​ឧស្សាហកម្ម​កង់​បានឱ្យដឹងថា កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​កង់​ឈានមុខ​គេ​ទៅ​សហគមន៍​អឺរ៉ុប​ចាប់តាំងពី​ឆ្នាំ​ ២០១៧ ដោយបាន​វ៉ា​ដាច់​កោះ​តៃវ៉ាន់ ដែល​កាន់តំណែង​នេះ​ក្នុង​រយៈពេល​ជាង ២ ​ទសវត្សរ៍​។ តាម Bike-EU.com ក្នុង​ឆ្នាំ​ ២០១៧ កម្ពុជា​នាំចេញ​កង់​ជាង ១,៤២ ​លាន​គ្រឿង កើន ៩ ភាគរយ​ធៀប​នឹង ១,២៩ ​លាន​គ្រឿង​ កាលពី​ឆ្នាំ​ ២០១៦៕ LA

វីដេអូ៖