ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​កង់​សរុប​ ១,៥២ ​លាន​គ្រឿង ​ទៅ​ទីផ្សារ​អឺរ៉ុប​កាល​ពី​ឆ្នាំ​ ២០១​៨​ ដែល​មាន​តម្លៃ​ជា​ទឹក​​ប្រាក់​ ៣៣១ ​លាន​ដុល្លារ​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក។​

ទំហំ​ទឹក​ប្រាក់​នេះ​បាន​ធ្វើ​ឲ្យ​​ការ​នាំចេញ​កង់​ទៅ​ទីផ្សារ​អឺរ៉ុប​​ក្លាយ​ជា​ផលិតផល​សំខាន់​ទី​៣ របស់​កម្ពុជា​បន្ទាប់​ពី​សម្លៀក​បំពាក់ និង​ស្បែក​ជើង​។

របាយការណ៍​របស់​ធនាគារ​​ពិភព​​លោក​ស្តីពី «ការ​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​របស់​ប្រទេស ​កម្ពុជា» ​ចេញ​ផ្សាយ​កាល​​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា សម្លៀក​​បំពាក់​គឺ​ជា​ទំនិញ​​​នាំចេញ​ទី​១ របស់​​ប្រទេស ​កម្ពុជា ទៅ EU ដែល​​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ ​៣,​៦៥ ​​ពាន់​លាន​ដុល្លារ ខណៈ​ស្បែក​​ជើង​គឺ​ជា​ទំនិញ​សំខាន់​ទី​២​ គឺ​មាន​តម្លៃ​ ​៥០៨ លាន​ដុល្លារ​។​ ការ​នាំចេញ​កង់​ទៅ​ ​EU មាន​តម្លៃ​ ៣៣១ ​លាន​ដុល្លារ​ ខណៈ​អង្ករ​មាន​តម្លៃ​ ១៧៧,​៥ ​លាន​ដុល្លារ។​

របាយការណ៍​នេះ ​មិន​បាន​លម្អិត​​ពី​និន្នាការ​នាំចេញ​ ឬ ព័ត៌មាន​បន្ថែម​នោះ​ទេ​។ យ៉ាង​ណា​ក៏​ដោយ ​​យោង​តាម​គេហទំព័រ​ Bike-EU.com ​​​ជា​គេហទំព័រ​ឯកទេស​ផ្នែក​ឧស្សាហកម្ម​កង់​បាន​ឲ្យ​ដឹង​ថា​ ប្រទេស ​កម្ពុជា ​បាន​ក្លាយ​ជា​​ប្រទេស​ផ្គត់ផ្គង់​កង់​ឈាន​មុខ​គេ​ទៅ​​ EU ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ​២០១​៧​ ដោយ​វ៉ា​ដាច់​កោះ​តៃវ៉ាន់ ដែល​បាន​​​ជាប់​ចំណាត់​ថ្នាក់​ទី​១ អស់​​​រយៈពេល​ជាង ​២ ​ទសវត្សរ៍​មក​ហើយ​នោះ​​។

Bike-EU.com បាន​បង្ហាញ​​ថា ​កាល​ពី​ឆ្នាំ ​២០១៧ ​កម្ពុជា​បាន​នាំចេញ​កង់​ជាង ​១,​៤២ ​​លាន​គ្រឿង​ ​កើន​ឡើង​ ​៩ ​​ភាគរយ​ធៀប​នឹង ​១,​២៩ ​លាន​គ្រឿង​កាល​ពី​ឆ្នាំ ​២០១​៦​។​

លោក​ ស៊ាង​ ថៃ អ្នក​នាំពាក្យ​ក្រសួង​​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​ដំឡើង​ និង​នាំចេញ​កង់​​​របស់​កម្ពុជា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ ​៣-៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​កត្តា​នេះ​រួម​ចំណែក​​សំខាន់​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដែល​កម្ពុជា​ទទួល​បាន​ពី​​អឺរ៉ុប​។​

យោង​តាម​លោក​ ថៃ ​ដើម្បី​បាន​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចេញ​កង់​ទៅ​អឺរ៉ុប ​កម្ពុជា​ត្រូវ​បង្ហាញ​ថា មាន​វត្ថុ​ធាតុ​​ដើម និង​​​តម្លៃ​នៃ​ការ​​ផលិត​យ៉ាង​ហោច​ណាស់ ៤០ ​ភាគរយ​នៃ​តម្លៃ​សរុប។ តែ​តាម​រយៈ​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​អាស៊ាន លោក​ ថៃ ​បាន​បញ្ជាក់​ថា​ ការ​នាំចូល​គ្រឿង​ផ្គុំ​ខ្លះ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​វត្ថុ​ធាតុ​ដើម​ក្នុង​​ស្រុក​​ដែរ​។

លោក​ថ្លែង​ថា​៖ «​យើង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​​​នឹង​កំណើន​ការ​នាំចេញ​កង់​ពី​ប្រទេស ​កម្ពុជា ​ទៅ​ទីផ្សារ EU។ នេះ​បង្ហាញ​ពី​សមិទ្ធផល​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​សមាជិក​មួយ​របស់​អាស៊ាន​»។​

ប៉ុន្តែ​ កំណើន​ឧស្សាហកម្ម​កង់​​របស់​កម្ពុជា កំពុង​មាន​បញ្ហា​ប្រឈម​ ដោយសារ​​ភាព​មិន​ច្បាស់លាស់​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​​​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​ទីផ្សារ​​​សហភាព​​អឺរ៉ុប​​។​ ខណៈ​​កំណើន​របស់​វិស័យ​នេះ​បាន​ជំរុញ​ដោយ​​ការ​នាំចូល​ដោយ​រួច​ពន្ធ​​​ទៅ​អឺរ៉ុប សិទ្ធិ​អនុគ្រោះ​ពាណិជ្ជកម្ម​អាច​បញ្ចប់​។ ហើយ​ប្រសិន​បើ​ពន្ធ​នាំចូល​របស់​សហភាព​អឺរ៉ុប ​ត្រូវ​បាន​ផ្អាក​ កង់​របស់​កម្ពុជា​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ពន្ធ​នាំចូល​ ហើយ​ពន្ធ​នាំចូល​លើ​កង់​មាន​ចំនួន ​១០ ​ភាគរយ។

លោក​ ថៃ បាន​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​ការ​នាំចេញ​កង់​ត្រូវ​បង់​​ពន្ធ​នាំចូល​ ការ​នាំចេញ​អាច​ធ្លាក់​ចុះ​ ប៉ុន្តែ​វា​​មិន​មាន​​ន័យ​​ថា​ កម្ពុជា​នឹង​បាត់​បង់​ទីផ្សារ​នេះ​ទេ។​ លោក​លើក​ឡើង​ថា​៖ «​ការ​នាំចេញ​នឹង​អាច​មាន​​ការ​ធ្លាក់ចុះ​បន្តិច​បន្តួច​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​វា​មិនមែន​​ជា​បញ្ហា​ធំ​ទេ​​។ រដ្ឋាភិបាល​បាន​ធ្វើ​ការ​កែ​ទម្រង់​មួយ​ចំនួន​​ដែល​ជួយ​បន្ទាប​ថ្លៃ​​​ផលិតកម្ម​​ ដែល​កត្តា​​នេះ​ អាច​ឲ្យ​ក្រុមហ៊ុន​​​នៅ​តែ​អាច​​នាំចេញ​ទំនិញ​នេះ​ទៅ​ EU ​បាន​»​​។

កាសែត Asian Nikkei Review ​​របស់​ប្រទេស​ ជប៉ុន ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៤ ខែ​ ឧសភា បាន​ឲ្យ​ដឹង​ថា​ លោក​ ​Jon Edwards ​អគ្គនាយក​​​ក្រុមហ៊ុន A&J Worldwide​  ដែល​មាន​រោងចក្រ​ដំឡើង​កង់​សំខាន់​មួយ​នៅ​​កម្ពុជា​បាន​ថ្លែង​ថា ​ការ​រក្សា​បាន​​ ​EBA​​ មាន «​សារៈសំខាន់​​ខ្លាំង​បំផុត» សម្រាប់​ភាព​ល្អ​ប្រសើរ​របស់​​ឧស្សាហកម្ម​​កង់​នៅ​កម្ពុជា​។​

លោក​ ​Edwards បាន​ថ្លែងថា៖ «​​ភាព​ជោគជ័យ​ និង​ការ​វិនិយោគ​ជា​បន្ត​របស់​យើង​​គឺ​ជា​ផ្នែក​​ដ៏​ធំ​មួយ​ ដោយសារ​តែ ​EBA​»។ ​លោក​បន្ត​​ថា៖ ​«​វា​នឹង​​មាន​​ការ​លំបាក​ក្នុង​ការ​ប្រជែង​ជាមួយ​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​កង់​ខ្លាំង​ស្រាប់​ដូច​ជា​ កោះ​តៃវ៉ាន់ ​ថៃ ហ្វីលីពីន ​និង​ឥណ្ឌូនេស៊ី»៕ LA