ភ្នំពេញៈ ការនាំចេញ​កង់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៥ ​ខែ ឆ្នាំ​ ២០២០ មានតម្លៃ​សរុប​ជិត ២០០ ​លាន​ដុល្លារ​កើនឡើង​ ២៦ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទីផ្សារ​អឺរ៉ុប​មាន​ចំណែក​ទីផ្សារ​ប្រមាណ ៦០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​។

ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញ​ថា ចាប់ពី​ខែ​មករា​មក​ដល់​ខែ​ឧសភា ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​កង់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​សរុប ១៩៧ ​លាន​ដុល្លារ​កើន ២៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ចំណែក​កង់​ដែល​នាំចេញ​មាន​ចំនួន​សរុប ៨៧៦ ៦១២ ​គ្រឿង កើនឡើង ១៩ ភាគរយ​។

ទិន្នន័យ​ខាងលើ​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​កង់​ទៅ​ទីផ្សារ​អឺរ៉ុប​មាន​ចំនួន ៤៩៥ ៣៤១ ​គ្រឿង​ ស្មើនឹង​តម្លៃ ១១៩ ​លាន​ដុល្លារ​ ទៅ​អាមេរិក​មាន​ចំនួន ២២៣ ៩១២ គ្រឿង ស្មើនឹង​តម្លៃ ៤៤ លាន​ដុល្លារ​ទៅ​អង់គ្លេស​មាន​ចំនួន ១២៥ ៦០២ ​គ្រឿង​ស្មើនឹង ២៥ ​លាន​ដុល្លារ ទៅ​ជប៉ុន​មាន ៣៣៨ ​គ្រឿង ស្មើនឹង ៩៤ ១៣៧ ​ដុល្លារ ចំណែក​គោលដៅ​ផ្សេង​ទៀត​មាន​ចំនួន ៣១ ៤១៩ ​គ្រឿង ​នឹង​ជាង ៨ ​លាន​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ភាពអំណោយផល​នៃ​ច្បាប់​វិនិយោគ និង​ភាពសម្បូរ​កម្លាំង​ពលកម្ម​វ័យក្មេង​បាន​ធ្វើឲ្យ​កម្ពុជា​ទាក់ទាញ​បាន​នូវ​ការចូល​មក​បណ្តាក់ទុន​លើ​រោងចក្រ​ដំឡើង​កង់​ជា​បន្តបន្ទាប់​។ លោក​បន្តថា សម្រាប់​កំណើន​នាំចេញ​កង់​ពី​កម្ពុជា​ពេលនេះ​ក៏​ទទួល​ឥទ្ធិពល​ការរីករាលដាល​ជំងឺ​កូវីដ​​ ១៩ ផងដែរ​។

លោក​និយាយថា​៖ «​ការកាត់បន្ថយ​គម្លាត និង​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩ គឺជា​មូលហេតុ​មួយ​ដែល​ធ្វើឲ្យ​កំណើន​នៃ​តម្រូវការ​ប្រើប្រាស់​កង់​កើនឡើង​ជា​លំដាប់​នៅពេលនេះ​»​។

មិនមាន​ទិន្នន័យ​ពី​ចំនួន​រោងចក្រ​ដំឡើង​កង់​នៅ​កម្ពុជា​នោះទេ ប៉ុន្តែ​យោង​តាម​លោក លឹម ហេង រោងចក្រ​ដំឡើង​កង់​នៅ​កម្ពុជា​ភាគច្រើន​ជា​ការវិនិយោគ​របស់​វិនិយោគិន​មកពី​កោះ​តៃវ៉ាន់ និង​មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​កង់​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ​ស្មើ ៤១៨ ​លាន​ដុល្លារ​កើនឡើង ២៦,២៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៣៣១ ​លាន​ដុល្លារ​។

លោក លឹម ហេង អះអាង​ថា​ការនាំចេញ​កង់​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​មាន​កំណើន​បន្តទៀត ខណៈ​បច្ចុប្បន្ន​និន្នាការ​នៃ​ការប្រើ​កង់​នៅ​បណ្តា​ប្រទេស​រីកចម្រើន​កំពុងមាន​សម្ទុះ​កាន់តែ​ខ្លាំង​។ លោក​ថ្លែងថា​៖ «​និន្នាការ​នៃ​ការនាំចេញ​កង់ និង​មាន​សញ្ញា​វិជ្ជមាន​កាត់​តែ​ខ្លាំង​នៅក្នុង​ឆ្នាំនេះ​ធៀប​នឹង​ឆ្នាំមុន​»​។

គេហទំព័រ​ Bike-EU.com ​ដែល​ជា​គេហទំព័រ​ឯកទេស​ផ្នែក​ឧស្សាហកម្ម​កង់​បាន​ឲ្យ​ដឹងថា កម្ពុជា​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​កង់​ឈានមុខ​គេ​ទៅ​ទីផ្សារ​អឺរ៉ុប​ចាប់តាំងពី​ឆ្នាំ​ ២០១៧ ដោយបាន​វ៉ា​ដាច់​កោះ​តៃវ៉ាន់​ដែល​កាន់តំណែង​នេះ​ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​។ Bike-EU.com បង្ហាញ​ថា ឆ្នាំ​ ២០១៧ កម្ពុជា​នាំចេញ​កង់​ជាង ១,៤២ ​លាន​គ្រឿង​កើន ៩ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៦៕ LA