ភ្នំពេញ: ការនាំចេញ​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ជាង​ ៣ ​លាន​តោន ​ត្រឹម​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​ ២០២០ ខណៈ​កសិករ​បាន​អះអាង​ពី​តម្រូវការ​ទីផ្សារ​ល្អ​ក្នុង​ពេល​ប្រមូលផល​កន្លងមក ទោះបី​ជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​ក៏ដោយ​។

ទិន្នន័យ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី​ ១១ ខែ​កញ្ញា កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សម្រេច​បាន​ចំនួន ៣ ០៣៩ ០៣០ តោន​ ដែល​មាន​ភាពប្រកៀកប្រកិត​គ្នា​នឹង​រយៈពេល​ ៩ ​ខែ​ពេញ​នៃ​ឆ្នាំ​ ២០១៩ ​ដែល​មាន​ចំនួន ៣ ០៦៥ ៥៥៥ តោន​។

ផលិតផល​កសិកម្ម​នាំចេញ​សំខាន់ៗ​រួមមាន អង្ករ ដំឡូងមី ម្រេច កៅស៊ូ ផ្លែស្វាយ​ស្រស់ ចន្ទី ចេក ពោត សណ្តែកសៀង បន្លែ និង​ថ្នាំជក់ ជាដើម​។

របាយការណ៍​នោះ​បាន​បង្ហាញថា ការនាំចេញ​អង្ករ​សម្រេច​បាន ៤៦៣ ៨០៥ តោន ដំឡូងមី​ស្រស់ ចំណិត​ដំឡូងមី​ក្រៀម និង​ម្សៅដំឡូងមី​ជាង​ ១,៧ ​លាន​តោន គ្រាប់​ស្វាយចន្ទី ២០២ ២០៧ តោន ចេកអំបូង​លឿង​ស្រស់ ២១៣ ៤៨៦ តោន ស្វាយ​ស្រស់ និង​ដំណាប់​ស្វាយ ៥៦ ៥៩០ តោន ម្រេច ៣ ៩៥៩ តោន ដូងប្រេង ៤១ ៩៧០ តោន ថ្នាំជក់ ៥ ៣៧៦ តោន​។

ការនាំចេញ​គ្រាប់​សណ្តែកបាយ​សម្រេច​បាន​ ៣ ៨៧៦ តោន គ្រាប់ពោត ១៩៣ ៦៦០ តោន បន្លែ​ ៨៤ តោន ដំឡូងជ្វា ២ ៨៦៥ តោន ម្ទេស​ស្រស់​ និង​ម្ទេស​ក្រៀម ៥២ ៦២១ តោន ក្រូច​ត្លុង ១៥ ១៥០ តោន​ និង​ផលិតផល​ផ្សេងៗ​ទៀត​ចំនួន ៥៥ ៤២០ តោន​។

ប្រទេស​ដែល​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ដូចជា ប្រទេស​ថៃ វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា ស្រីលង្កា អូស្ត្រាលី ប៉ាគីស្ថាន រុស្សី បារាំង បែលហ្ស៊ិក អ៊ីតាលី ឆែក ក្រូអាស៊ី ស្វ៊ីស ហូឡង់ អាល្លឺម៉ង់ អាមេរិក អង់គ្លេស បេឡារុស នូវែលសេឡង់ ស៊ុយអែត ក្រិក និង​ហុងគ្រី​។

លោក សួន សុផល ជា​កសិករ​ដាំពោត​ក្រហម​លើ​ផ្ទៃដី​ជាង​ ២ ​ហិកតា​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា លោក​បាន​ប្រមូលផល​ពោតក្រហម​លើក​ទី​ ១ ​រួចរាល់​ហើយ​ដោយ​ទទួលបាន​ទិន្នផល​ចន្លោះ​ពី ៨ ទៅ​ ១០ ​តោន ​ពី​ទំហំ​ដី​ ២ ​ហិកតា​នោះ ដោយ​ឈ្មួញ​កណ្តាល​មក​កក់​ទិញ​ទាំងអស់​សម្រាប់​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​មកពី​ប្រទេស​ថៃ និង​វៀតណាម​។

លោក​និយាយថា​៖ «​តម្លៃ​ពោតក្រហម​ឆ្នាំនេះ​ប្រហាក់ប្រហែល​ឆ្នាំមុន​ដែរ​គឺ​ចន្លោះ​ពី​ ៧៥០ ​រៀល​ទៅ​ ៨០០ ​រៀល​ ក្នុង​ ១ ​គីឡូ​»​។

តាម​កសិករ​រូបនេះ​ពោតក្រហម​ត្រូវ​ប្រមូលផល​ចំនួន​ ២ ​លើក​គឺ លើក​ទី​ ១ ​ចាប់ពី​ចុង​ខែ​មិថុនា ដល់​ខែ​សីហា និង​លើក​ទី​ ២ ចាប់ពី​ចុងខែ​តុលា ដល់​ខែកុម្ភៈ​។

លោក Sebastien Lesieur អគ្គនាយក​ក្រុមហ៊ុន Farm Link Ltd ដែល​ជា​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​ផលិតផល​ពី​ម្រេច​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កន្លងមក​ថា ក្រុមហ៊ុន​លោក​បាន​នាំចេញ​ម្រេច​កំពត​ដែល​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) ​សម្រេច​បាន​ប្រមាណ​ ១០ ​តោន​ ក្នុង​រយៈពេល​ ៧ ​ខែ​ឆ្នាំ​ ២០២០ ដែល​ទីផ្សារ​សំខាន់​គឺ​សហគមន៍​អឺរ៉ុប​រួមមាន ប្រទេស​អេស្ប៉ាញ បារាំង និង​អាល្លឺម៉ង់ ជាដើម​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតកម្ម​ស្បៀង​នៅក្នុង​ស្រុក ដើម្បី​កាត់បន្ថយ​ការនាំចូល​ស្បៀង​នៅក្នុង​អំឡុងពេល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​ការទប់ស្កាត់​ក៏​ប្រឈម​ឧបសគ្គ​ដែរ​។

លោក​ថ្លែងថា​៖ «​ក្រសួង​កត់សម្គាល់​ឃើញថា​មាន​បុគ្គល​មួយចំនួន​តូច​បាននិង​កំពុង​ជួយ​ការពារ​ឈ្មួញ​មួយចំនួន​តូច​ក្នុង​ការនាំចូល​ផលិតផល​កសិកម្ម​ពី​ខាងក្រៅ ប៉ុន្តែ​ករណី​នេះ​ក្រសួង​កំពុង​ខិតខំ​ធ្វើការ​ទប់ស្កាត់​យ៉ាង​យកចិត្ត​ទុកដាក់​»​។

បើ​យោងតាម​លោក សាខុន ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានតម្លៃ ​១ ៥០០ លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩ កើន​ពី​ជិត​ ១ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៣​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ប្រទេស​កម្ពុជា​បានចេញ​ផលិតផល​កសិកម្ម​ចំនួន ៦១ មុខ​ទៅ ៥៩ ​ប្រទេស ដោយ​អង្ករ​ជា​ផលិតផល​លេចធ្លោ​ក្នុង​ការនាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​៕ LA