ភ្នំពេញ៖ ការនាំចេញកៅស៊ូរបស់កម្ពុជាសម្រេចបានជិត ១០ ម៉ឺនតោនមានកំណើនប្រមាណ ១៧ ភាគរយក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ២០២០ ទោះបីជាជំងឺកូវីដ ១៩ បានរាតត្បាតពិភពលោកធ្វើឲ្យប៉ះពាល់ដល់រោងចក្រឧស្សាហកម្ម និងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចក៏ដោយ។
លោក ឃួង ផល្លា ប្រធានរដ្ឋបាល និងនីតិកម្មនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការនាំចេញកៅស៊ូរបស់កម្ពុជាសម្រេចបាន ៩៧ ១៧៥ តោន ក្នុងអំឡុងពេលនេះ កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ឃួង ផល្លា អះអាងថា ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២ ក្នុងពិភពលោកនៅតែជាទីផ្សារធំសម្រាប់ស្រូបយកផលិតផលកៅស៊ូកម្ពុជានាពេលបច្ចុប្បន្ននេះ។
លោកបន្ថែមថា តម្លៃកៅស៊ូនាំចេញក្នុងខែឧសភា បានកើនឡើងប្រមាណ ៥ ដុល្លារ ដែលមានតម្លៃ ១ ១៩៣ ដុល្លារ ក្នុង ១ តោនធៀបនឹងតម្លៃកាលពីខែមេសា ប៉ុន្តែតម្លៃនេះនៅទាបជាងតម្លៃមធ្យមភាគក្នុងរយៈពេល ៥ ខែ ដែលមានតម្លៃ ១ ៣១៤ ដុល្លារ ក្នុង ១ តោន ដោយសារតម្លៃកៅស៊ូខ្ពស់ជាងកាលពីដើមឆ្នាំ។
លោកបន្តថា៖ «យើងឃើញថា តម្រូវការកៅស៊ូមិនទាន់មានប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់ទេក្នុងអំឡុងពេលនេះ ដែលជះឥទ្ធិពលដោយសារជំងឺកូវីដ ១៩។ បន្ថែមលើសពីនោះ ការបញ្ជាទិញក៏មិនទាន់មានអ្វីប្រែប្រួលដែរ»។
លោកអះអាងថា ស្ថានភាពពិភពលោកបច្ចុប្បន្ននេះមិនមានអំណោយផលដល់ការកើនឡើងតម្លៃកៅស៊ូនាពេលខាងមុខនោះទេ។
បើយោងតាម លោក ផល្លា បច្ចុប្បន្នផ្ទៃដីប្រមូលផលកៅស៊ូមានចំនួន ២៥០ ១០៧ ហិកតា នៃផ្ទៃដីដាំដុះសរុប ៤០៤ ៧០១ ហិកតា។
លោក ហេង ស្រេង ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Long Sreng International Co Ltd ជាក្រុមហ៊ុនដាំដុះ និងនាំចេញកៅស៊ូ ក្រោមឈ្មោះ ក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមហ៊ុនលោកនាំចេញកៅស៊ូជាមធ្យម ១ ៧៥០ តោន ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះទៅកាន់ទីផ្សារប្រទេសចិន និងវៀតណាម។ ប៉ុន្តែតម្លៃនាំចេញកៅស៊ូពីក្រុមហ៊ុនរបស់លោក ហេង ស្រេង ហាក់ទាបជាងតម្លៃដែលកត់ត្រាដោយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា ដែលមានតម្លៃចន្លោះពី ១ ១០០ ដុល្លារ ទៅ ១ ៣០០ ដុល្លារ ក្នុង ១ តោន។
លោកថ្លែងថា៖ «ការនាំចេញរបស់យើងដំណើរការជាធម្មតា យើងនាំចេញប្រមាណ ៣៥០ តោនក្នុង ១ ខែ ហើយតម្លៃកៅស៊ូមិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ទេ»។
កាលពីខែមីនាកន្លងទៅរដ្ឋាភិបាលបានសម្រេចកាត់បន្ថយពន្ធលើឧស្សាហកម្មកៅស៊ូ ដោយសារការធ្លាក់ចុះតម្លៃលើពិភពលោកដែលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងបណ្តាលមកពីការរាតត្បាតវីរុសកូរ៉ូណាក្នុងវិស័យឧស្សាហកម្មនេះ។
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមីនា បានកំណត់ថា ប្រសិនបើតម្លៃនាំចេញកៅស៊ូនៅក្រោម ១ ៤០០ ដុល្លារ ក្នុង ១ តោន នឹងមិនតម្រូវឲ្យបង់ពន្ធនោះទេ ប៉ុន្តែបើតម្លៃនាំចេញចាប់ពី ១ ៤០០ ដុល្លារដល់ ៣ ៥០០ ដុល្លារ ក្នុង ១ តោន នោះអ្នកនាំចេញនឹងជាប់កាតព្វកិច្ចបង់ពន្ធចន្លោះពី ២៥ ដុល្លារ ទៅ ២០០ ដុល្លារ ក្នុង ១ តោន។
របាយការណ៍នាំចេញកៅស៊ូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញកៅស៊ូ ២៨២ ០៧១ តោន កាលពីឆ្នាំ ២០១៩ ដោយមានកំណើន ៣០ ភាគរយ បើធៀបនឹងបរិមាណនាំចេញ ២១៧ ៥០១ តោន កាលពីឆ្នាំ ២០១៨។
ការនាំចេញកៅស៊ូមានតម្លៃ ៣៧៧ លានដុល្លារ កាលពីឆ្នាំ ២០១៩ កើនឡើង ៣២ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមាន តម្លៃ ២៨៦ លានដុល្លារ៕ LA
វីដេអូ៖