ភ្នំពេញៈ តម្លៃ​នៃ​ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ជាង ១៦៩ ​លាន​ដុល្លារ ​នៅក្នុង​រយៈពេល​ ៧ ​ខែ​ ឆ្នាំ​ ២០១៩ ខណៈ​តម្លៃ​នៅតែ​បន្ត​ធ្លាក់ចុះ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។

ទោះបី​យ៉ាង​នេះ​ក្តី​របាយការណ៍​បាន​បង្ហាញ​ថា បរិមាណ​កៅស៊ូ​ដែល​បាន​នាំចេញ​ក្នុង​រយៈពេល​នេះ​កើនឡើង​ ២៥ ​ភាគរយ​ ដល់ ១២៥ ៩៥៥ តោន​។

ទិន្នន័យ​បង្ហាញ​ថា​តម្លៃ​កៅស៊ូ​ជា​មធ្យម​ក្នុង​រយៈពេល​ ៧ ​ខែ​កន្លង​មក​នេះ​គឺ ១ ៣៤២ ​ដុល្លារ​ ក្នុង​មួយ​តោន ​ដោយ​ធ្លាក់ចុះ​ប្រហែល ៥ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ដោយឡែក​សម្រាប់​ខែ​កក្កដា​ ការនាំចេញ​ជ័រកៅស៊ូ​មាន​បរិមាណ​ជាង ២១ ៦៩៣ តោន​ដោយ​មាន​តម្លៃ​ជា​មធ្យម ១ ៣៥៣ ​ដុល្លារ​ ក្នុង​មួយ​តោន​។

លោក ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា ការផលិត​កៅស៊ូ​របស់​កម្ពុជា​មាន​ការ​កើនឡើង ដោយសារ​តែ​បរិមាណ​ដើម​កៅស៊ូ​ដែល​អាច​ចៀរ​ជ័រ​បាន​កើនឡើង បើ​ទោះបី​ជា​ផ្ទៃដី​ដាំដុះ​មិន​មាន​ការប្រែប្រួល​ធៀប​នឹង​ឆ្នាំមុន​ក៏ដោយ​។ លោក​បាន​បនុ្ត​ថា​៖ «​ទិន្នផល​កៅស៊ូ​កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទាំងស្រុង ហេតុនេះ​នៅពេល​តម្លៃ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ កៅស៊ូ​កម្ពុជា​ក៏​ធ្លាក់ចុះ​ដែរ​»​។

បើ​តាម​លោក សុផា ជម្លោះ​រវាង​មហាអំណាច​ចិន និង​អាមេរិក​បាន​ធ្វើឲ្យ​កាត់បន្ថយ​ដល់​តម្រូវការ​កៅស៊ូ ខណៈ​ការផ្គត់ផ្គង់​ចេះតែ​កើនឡើង​។

លោក​ថ្លែងថា​៖ «​តម្លៃ​កៅស៊ូ​កម្ពុជា​នៅ​ឆ្នាំនេះ​បាន​ធ្លាក់ចុះ​បន្តិច ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ប្រទេស​មហាអំណាច​ទាំង​ ២ ​នេះ ហើយ​ការផ្គត់ផ្គង់​ទីផ្សារ​ចេះតែ​កើនឡើង​»​។ លោក​បន្ត​ថា​ជ័រកៅស៊ូ​កម្ពុជា​បាន​នាំចេញ​ភាគច្រើន​ទៅកាន់​ប្រទេស ​វៀតណាម ចិន ម៉ាឡេស៊ី និង​សិង្ហបុរី​។

កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​បាន​ជាង ២១ ​ម៉ឺន​តោន ​ដោយ​ទទួល​បាន​ចំណូល​ជិត​ ៣០០ ​លាន​ដុល្លារ​៕