
អ្នកចូលរួមពិនិត្យមើលគ្រឿងអលង្ការនៅក្នុងពិធីតាំងពិព័រណ៍គ្រឿងអលង្ការ នៅមជ្ឈមណ្ឌលកោះពេជ្រនាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ កម្ពុជាទទួលបានទឹកប្រាក់ប្រមាណជាង ១,៣ ពាន់លានដុល្លារពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅទីផ្សារអន្តរជាតិនារយៈពេល ៦ ខែដំបូង ក្នុងឆ្នាំ ២០២០ ខណៈកាលពីឆ្នាំ ២០១៩ ការនាំចេញនេះមានតម្លៃសរុបជាង ៤១៥ លានដុល្លារតែប៉ុណ្ណោះ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍បានបង្ហាញថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ ២០២០ កម្ពុជាបាននាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅក្រៅប្រទេសក្នុងតម្លៃសរុប ១ ៣១៤ លានដុល្លារ ស្មើនឹងទម្ងន់សរុប ៣៦ ៨០៣ គីឡូក្រាម ឬ ២៥ ៥៦៣ គ្រឿង។
ទោះបីយ៉ាងណាភ្នំពេញប៉ុស្តិ៍មិនមានទិន្នន័យពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០១៩ ទេ ប៉ុន្តែសម្រាប់ការនាំចេញសរុបប្រចាំឆ្នាំ ២០១៩ វិញគឺមានតម្លៃត្រឹម ៤១៥,៧៥ លានដុល្លារ ស្មើនឹង ១៩ ៨៨០ គីឡូក្រាម ឬ ៤៧ ០៧១ គ្រឿង។
ទន្ទឹមគ្នានេះក្នុងរយៈពេល ៦ ខែឆ្នាំនេះកម្ពុជាក៏បាននាំចូលគ្រឿងអលង្ការ និងត្បូងមានតម្លៃពីបរទេសក្នុងតម្លៃប្រមាណ ៣៨៣,៣២ លានដុល្លារស្មើ ២៨ ៨៤៤ គីឡូក្រាម ឬ ៦៤០ ២២២ គ្រឿង។ ចំណែកក្នុងឆ្នាំ ២០១៩ ទាំងមូល ការនាំចូលមានតម្លៃសរុប ១៤៩,៥៧ លានដុល្លារ ស្មើនឹងទម្ងន់ ៥៧ ៦៣២ គីឡូក្រាម ឬ ១ ០៤៣ ៧២៧ គ្រឿង។
ប្រទេសសិង្ហបុរី គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាតាមពីក្រោយដោយប្រទេសថៃ វៀតណាម បែលហ្ស៊ិក ជប៉ុន អ៊ីតាលី និងប្រទេសចិន។ គ្រឿងអលង្ការ និងត្បូងមានតម្លៃដែលកម្ពុជានាំចេញមានដូចជា គជ់ធម្មជាតិ ឬគជ់ចិញ្ចឹម ត្បូងថ្មមានតម្លៃ លោហៈធាតុមានតម្លៃ លោហធាតុស្រោបដោយលោហៈមានតម្លៃ និងគ្រឿងអលង្ការកាឡៃ និងកាក់ជាដើម។ ដោយឡែកប្រទេសថៃ សិង្ហបុរី កាណាដា បែលហ្ស៊ិក និងហុងកុង គឺជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
ម្ចាស់ហាងលក់មាស ១ កន្លែងនៅក្បែរផ្សារធំថ្មីបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា បើទោះបីជាបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនរុករករ៉ែមួយចំនួនកំពុងដំណើរការក៏ដោយ ប៉ុន្តែជាទូទៅកម្ពុជាតែងនាំចូលមាសពីប្រទេសជាច្រើននៅលើពិភពលោកដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងមួយចំនួនទៀតយកមករចនាជាម៉ូដផ្សេងៗសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។ លោកបន្តថា ការនាំចេញគ្រឿងអលង្ការពីកម្ពុជាគឺជាផលិតផលដែលគេបានរចនារួចរាល់ និងមានគ្រឿងត្បូងមួយចំនួនផងដែរ។
លោកបានអះអាងថា៖ «ដោយសារប្រទេសភាគច្រើនគេឈប់ធ្វើការកែច្នៃគ្រឿងអលង្ការពីដៃផ្ទាល់ ហេតុនេះមាសសុទ្ធជាច្រើនត្រូវបាននាំចូលមកកម្ពុជាដើម្បីយកទៅកែច្នៃ និងនាំចេញទៅវិញជាផលិតផលកែច្នៃរួច»។
លោកប្រាប់ទៀតថា ត្បូងមានតម្លៃរបស់កម្ពុជាក៏មាននាំចេញទៅក្រៅប្រទេសច្រើនផងដែរនាពេលនេះ។ កម្ពុជាក៏តែងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងជារៀងរាល់ឆ្នាំផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា កំណើននៃការនាំចេញ និងនាំចូលគ្រឿងអលង្ការ និងត្បូងមានតម្លៃគឺបង្ហាញថា កម្ពុជាគឺជាប្រទេសដែលមានការរីកចម្រើនទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាមានសមត្ថភាពក្នុងការកែច្នៃ ព្រមទាំងមានទីផ្សារធំ។ លោកបានបន្តថា ជាមួយនឹងភាពរីកចម្រើននេះ ចំនួនក្រុមហ៊ុនដែលកំពុងវិនិយោគលើការរុករករ៉ែមាស និង ត្បូងថ្ម ក៏កំពុងមានកំណើនផងដែរ។
លោកបានអះអាងថា៖ «កំណើននេះបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ខណៈចំនួនក្រុមហ៊ុនកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃក៏មានកាន់តែច្រើន»។
នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនកែច្នៃត្បូង និងពេជ្រមួយចំនួនកំពុងបើកដំណើរការដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ នេះបើតាមលោក លឹម ហេង។
បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនរុករករ៉ែមាសធំៗចំនួន ២ កំពុងដំណើរការរុករករ៉ែនៅភាគឦសានប្រទេស ដែលរួមមាន ក្រុមហ៊ុនរុករករ៉ែមាសមកពីប្រទេសឥណ្ឌា Mesco Gold ទទួលបានសិទ្ធិធ្វើអាជីវកម្មក្នុងខេត្តរតនគិរី ដោយរំពឹងថាអាចនឹងធ្វើការចម្រាញ់រ៉ែមាសជាលើកដំបូងនៅចុងឆ្នាំនេះ និងក្រុមហ៊ុនចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលី Emerald Resources ដែលកំពុងអភិវឌ្ឍន៍គម្រោងរ៉ែមាសអូរខ្វាវនៅខេត្តមណ្ឌលគិរី ដែលគ្រោងនឹងទាញយករ៉ែមាសជាលើកដំបូងនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ ខាងមុខ៕ LA
វីដេអូ៖