
កម្មករធ្វើការនៅក្នុងក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែលវិនិយោគលើផ្ទៃដីទំហំ ១ ០០០ ហិកតាសម្រាប់ដាំចេកក្នុងខេត្តកំពត។ ហេង ជីវ័ន
ភ្នំពេញៈ ការនាំចេកអំបូងលឿងស្រស់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០១៩ កន្លងមកសម្រេចបានជិត ១៦ ម៉ឺនតោនដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ ការនាំចេញផ្លែចេកអំបូងលឿងស្រស់ដែលបានដាំ និងវេចខ្ចប់ក្នុងប្រទេសកម្ពុជាទៅទីផ្សារអន្តរជាតិមានចំនួន ១៥៧- ៨១២ តោន ដែលភាគច្រើនទៅកាន់ប្រទេសចិន ក្រៅពីនោះមានទៅប្រទេសវៀតណាម និងជប៉ុន។
កន្លងមកមិនមានទិន្នន័យច្បាស់លាស់ពីបរិមាណនៃការនាំចេញចេកទៅទីផ្សារអន្តរជាតិឡើយដោយភាគច្រើនគឺជាការនាំចេញក្រៅផ្លូវការទៅកាន់ប្រទេសវៀតណាម។ ទោះយ៉ាងណា បើយោងតាមក្រសួងកសិកម្ម ការនាំចេញចេកពីកម្ពុជាទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០១៨ មានបរិមាណជាង ១ ម៉ឺនតោន។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែលវិនិយោគលើផ្ទៃដីទំហំ ១ ០០០ ហិកតាសម្រាប់ដាំចេកក្នុងខេត្តកំពតបានប្រាប់ថាលើផ្ទៃដី ៤០០ ហិកតាដែលកំពុងប្រមូលផលក្នុងឆ្នាំ ២០១៩ ការនាំចេញចេកទៅប្រទេសចិនរបស់ក្រុមហ៊ុនសម្រេចបានជាង ១ ម៉ឺនតោន។ លោកបន្តថា ដោយសារប្រទេសចិនមានតម្រូវការផ្លែចេកច្រើន ក្រុមហ៊ុនលោកតែងនាំចេញទៅប្រទេសចិនជារៀងរាល់សប្តាហ៍។
លោកនិយាយថា៖ «សម្រាប់ឆ្នាំ ២០២០ ការនាំចេញចេករបស់ក្រុមហ៊ុន Longmate Agriculture Co.,Ltd ទៅប្រទេសចិននឹងមានកំណើនខ្ពស់ ដោយបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងពង្រីកផ្ទៃដីដាំបន្ថែមទៀត»។
បើតាមលោក ហ៊ុន ឡាក់ ក្រុមហ៊ុនគ្រោងនឹងពង្រីកផ្ទៃដីឲ្យកើនដល់ ១០០០ ហិកតាក្នុងឆ្នាំ ២០២១ ខាងមុខ។
នៅមុនទទួលបានការអនុញ្ញាតពីអាជ្ញាធរចិន ការនាំចេញចេករបស់ក្រុមហ៊ុន Longmate Agriculture Co.,Ltd តែងធ្វើឡើងតាមរយៈប្រទេសវៀតណាម។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមិនអាចទាក់ទងបានកាលពីថ្ងៃម្សិលមិញ ប៉ុន្តែក្នុងពេលចូលរួមបើកសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនចំនួន ៤ នៅក្នុងខេត្តរតនគិរីកាលពីចុងខែមុនលោកបាននិយាយថា ក្រសួងកសិកម្មបាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការធ្វើកិច្ចសហប្រតិបត្តិជាមួយអាជ្ញាធរប្រទេសចិន ដើម្បីអាចឲ្យក្រុមហ៊ុនកម្ពុជាច្រើនបន្ថែមទៀតទទួលបានសិទ្ធិក្នុងនាំចេញចេកទៅទីនោះ។
លោកថ្លែងថា៖ «ការទទួលបានការអនុញ្ញាតពីអាជ្ញាធរចិនឲ្យក្រុមហ៊ុននៅកម្ពុជាកាន់តែច្រើនអាចនាំចេញចេកនោះនឹងជួយឲ្យដំណើរការនាំចេញទៅទីផ្សារប្រទេសចិនបានកាន់តែច្រើននៅបណ្តាឆ្នាំខាងមុខ»។
បើតាមលោក ងិន ឆាយ រហូតមកដល់ពេលនេះនៅកម្ពុជាមានកសិដ្ឋាន និងរោងចក្រវេចខ្ចប់ចេកចំនួន ៩ ដែលត្រូវបានអាជ្ញាធរចិនអនុញ្ញាតឲ្យនាំចេញជាផ្លូវការទៅកាន់ប្រទេសចិនដែលក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Longmate Agriculture Co.,Ltd, Long Sreng Hua Jian Agriculture Development Co., Ltd, Reen Island Agricultural Development (Cambodia) Limited, Sovann Reachsey Co., Ltd. Agricultural Development (Cambodia) Co Ltd.។
ចំណែកក្រុមហ៊ុនថ្មីចំនួន ៤ ដែលទើបទទួលបានសិទ្ធិក្នុងការនាំចេញ ៤ ចុងក្រោយនេះរួមមាន ក្រុមហ៊ុន Hoang Anh Andong Meas, Hoang Anh Lumphat, Daun Penh Agrico និងក្រុមហ៊ុន Binhphuoc Kratie Rubber 2 ដែលក្រុមហ៊ុនទាំង ៤ នេះគឺជា HAGL Agrico៕LA