ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ដូងប្រេងឆៅ​ប្រមាណ ២ ​ម៉ឺន​តោន​នៅក្នុង​រយៈពេល​ជិត ៥ ​ខែ ដើមឆ្នាំ​ ២០២១ កើនឡើង​ជាង ៣៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​បាន​ឱ្យដឹងថា ភាពអំណោយផល​នៃ​អាកាសធាតុ​បាន​នាំឱ្យ​ទិន្នផល​ក្នុងស្រុក​កើនឡើង ស្របពេល​ផលិតកម្ម​ដូងប្រេង​របស់​ប្រទេស​អ្នក​ផលិត និង​នាំចេញ​ធំជាងគេ​លើ​ពិភពលោក​បន្ត​ធ្លាក់ចុះ​ដោយ​បញ្ហា​អាកាសធាតុ និង​កង្វះ​កម្លាំង​ពលកម្ម​។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​ឱ្យដឹងថា រយៈពេល​ជិត ៥ ខែ​ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​ដូងប្រេង ១៩ ៩១៦ ​តោន កើនឡើង ៣៥,៧៦ ​ភាគរយ ឬ​ស្មើនឹង ៥ ២៤៦ ​តោន ធៀប​នឹង​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែឧសភា​ថា នៅក្នុង​អំឡុង​ពេលនេះ​កម្ពុជា​បាន​នាំចេញ​ដូងប្រេងឆៅ​ទៅ​ប្រទេស​ឥណ្ឌា និង​ម៉ាឡេស៊ី ដែលជា​ទីផ្សារ​សំខាន់​របស់​កម្ពុជា​។

ប្រទេស​ម៉ាឡេស៊ី គឺ​អ្នក​ផលិត និង​នាំចេញ​ដូងប្រេង​ឆៅ​ធំ​ទី​​ ២ បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​ឃើញថា ប្រទេស​មួយចំនួន​បាន​កាត់បន្ថយ​ការផលិត​ដូងប្រេង​ដោយសារ​កម្លាំង​ពលកម្ម​ឡើងថ្លៃ គាត់​ធ្វើ​អត់​ចំណេញ អ៊ីចឹង​គាត់​បង្វែរ​ទៅ​ទិញ​ដូងប្រេង​នៅ​ប្រទេស​ណា​ដែល​អាច​ផលិត​បាន​»​។

លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការនាំចេញ​ដូងប្រេងឆៅ​របស់​ក្រុមហ៊ុន​លោក​បាន​ប្រមាណ ២០ ០០០ តោន ចាប់ពី​ខែ​មករា ដល់​ចុងខែ ឧសភា ឆ្នាំ ២០២១ ច្រើនជាង​ឆ្នាំ​ ២០២០ ចំនួន ៥ ៦៦​ ​តោន​។

លោក​បញ្ជាក់ថា​៖ «​កំណើន​នៃ​ការនាំចេញ​នេះ មកពី​កត្តា​អំណោយផល​អាកាសធាតុ​ធ្លាក់ភ្លៀង​ច្រើន​នៅ​ដើម រដូវវស្សា​ធ្វើឱ្យ​ដូងប្រេង​ទទួលបាន​ផល​ច្រើនជាង​ឆ្នាំ​ ២០២០​។ រីឯ​តម្លៃ​ក៏​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០២០ ផងដែរ គឺជា​មធ្យម ៩១៩ ​ដុល្លារ​ ក្នុង​ ១ ​តោន​កើនឡើង​ប្រមាណ ២៨ ​ភាគរយ ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​»​។

បច្ចុប្បន្ន​ផលិតផល​ពី​ដំណាំ​ដូងប្រេង​ត្រូវ​បាន​គេ​យកទៅ​ប្រើ​យ៉ាង​ទូលំទូលាយ​ដូចជា ចំណីអាហារ​មនុស្ស សត្វ ថាមពល ឱសថ និង​គ្រឿងសម្អាង​។ ដូងប្រេង​មាន​ការដាំដុះ​ច្រើន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ​ជាដើម​។

ចាប់ផ្តើម​បណ្តុះ​កូន​ដាំ​ដំបូង​ក្នុង​ឆ្នាំ ១៩៩៦ មកដល់​ពេល​នេះ​ផ្ទៃដី​ដាំដុះ​ដូងប្រេង​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មាន​ប្រមាណ ២០ ០០០ ​ហិកតា​។

ម៉ុង ឫទ្ធី វិនិយោគទុន​ដំណាំ​ដូងប្រេង​កម្ពុជា​ (Mong Reththy Investment Cambodia Oil Palm Co., Ltd) ​ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គឺជា​ក្រុមហ៊ុន​ដាំដុះ​ដូងប្រេង​ធំជាងគេ​នៅ​កម្ពុជា និង​លំដាប់​ទី​ ៤ នៅ​អាស៊ីអាគ្នេយ៍​។

សព្វថ្ងៃ​ក្រុមហ៊ុន​នេះ​មាន​រោងចក្រ​កែច្នៃ​កិន​យក​ប្រេងដូង​ចំនួន ២ ដែល​មាន​សមត្ថភាព​ផលិត​សរុប ៧៥ ​តោន​ ក្នុង​ ១ ​ម៉ោង​។ ក្រុមហ៊ុន​នេះ​នាំចេញ​ដូងប្រេងឆៅ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​សហគមន៍​អឺរ៉ុប​។

របាយការណ៍​ក្រសួងកសិកម្ម​បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ដូងប្រេង​ឆៅ​ចំនួន ៣២ ៨១០ តោន​ ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា ចិន ស្វ៊ីស និង​ប៉ាគីស្ថាន​៕ LA