ភ្នំពេញៈ ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ត្រីមាស​ទី​១ ​ឆ្នាំនេះ ដែល​សម្រេចបាន​ទឹកប្រាក់​ជិត​ ១ ៨៦៣ លាន​ដុល្លារ ទោះបីជា​មាន​ការរអាក់រអួល​ផ្នែក​ផលិតកម្ម​ខ្លះ ដែល​បាន​បណ្ដាល​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ទិន្នន័យ​ចុងក្រោយ​បានមកពី​ការិយាល័យ​ជំរឿន​អាមេរិក កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ១ ៨៦៣ លាន​ដុល្លារ​ក្នុង​អំឡុង​ត្រីមាស​ទី​១ ​នេះ កើនឡើង​ ១៦,៨៤ ​ភាគរយ​ ធៀប​នឹង ​១ ៥៩៤ ​លាន​ដុល្លារ ​ខណៈ​ដែល​ការនាំចូល​ពី​សហរដ្ឋអាមេរិក​មកវិញ​ក៏បាន​កើនឡើង​ ២៥ ​ភាគរយ​ មានតម្លៃ​ជាង​ ១០៦ ​លាន​ដុល្លារ​ ធៀប​នឹង​ ៨៥ ​លាន​ដុល្លារ​ផងដែរ​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ទទួលស្គាល់​ថា អាមេរិក​គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​សម្លៀកបំពាក់ វាយនភ័ណ្ឌ និង​ទំនិញ​ធ្វើដំណើរ​របស់​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​កាលពី​ឆ្នាំមុន ទីផ្សារ​អាមេរិក ​គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​របស់​យើង ដែល​មាន​ប្រហែល​ ៤០ ​ភាគរយ​ នៃ​ការនាំចេញ​របស់​យើង​»​។

រហូត​មកដល់​ពេលនេះ អាមេរិក​មិនទាន់​បន្ត​សុពលភាព​កម្មវិធី​អត្ថប្រយោជន៍​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP) របស់ខ្លួន​ឡើយ បន្ទាប់ពី​ផុតកំណត់​កាលពី​ថ្ងៃទី​ ៣១ ខែធ្នូ ​ឆ្នាំមុន​។ ជាមួយ​គ្នា​នេះដែរ​លោក ខេន លូ ក៏បាន​បញ្ជាក់​ផងដែរ​ថា រហូត​មក​ដល់​ពេលនេះ ការនាំចេញ​ទំនិញ​ធ្វើ​ដំណើរ​ពី​កម្ពុជា​ចាំបាច់​ត្រូវ​បង់ពន្ធ​។

លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP) របស់​អាមេរិក​បាន​ផុតរលត់​ហើយ ពេលនេះ​យើង​កំពុង​រង់ចាំ​ការបន្ត​សុពលភាព​របស់​វា​។ ខណៈ​សម្លៀកបំពាក់ និង​ស្បែកជើង​មិនមែន​ជា​ផ្នែក​មួយ​នៃ​ផែនការ GSP ​ទេ ទំនិញ​ធ្វើដំណើរ ទទួលបាន​អត្ថប្រយោជន៍​ពី​ផែនការ GSP​។ ថ្មីៗ​នេះ​ការនាំចេញ​ទំនិញ​ធ្វើដំណើរ​ពី​កម្ពុជា​ទៅ​អាមេរិក​ចាំបាច់​ត្រូវ​បង់ពន្ធ​សម្រាប់​ការនាំ​ចូល​»​។

លោក​បន្តថា​៖ «​ប៉ុន្តែ​ចាប់តាំងពី GSP អនុវត្ត​ចំពោះ​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត វា​មិនមាន​ផលប៉ះពាល់​ខ្លាំង​មកដល់​យើង​នោះទេ​»​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ឱ្យ​ដឹងថា ពិព័រណ៍​សិទ្ធិ​ធ្វើ​អាជីវកម្ម​កម្ពុជា​កាលពី​ថ្ងៃទី​ ៥ ខែឧសភាថា លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​អាមេរិក និង​កម្ពុជា​កំពុង​កើនឡើង​គួរកត់សម្គាល់​ពី ១ ​ឆ្នាំទៅ ១ ​ឆ្នាំ​។

លោក​ ទូត ​បាន​អះអាងថា ក្រុមហ៊ុន​អាមេរិក​កាន់តែច្រើន​កំពុង​ចូលមក​កម្ពុជា​រៀងរាល់ឆ្នាំ ដែល​នាំយកមក​នូវ​អ្វីដែល​លោក​បានឱ្យដឹងថា ជា​ការអនុវត្ត​អាជីវកម្ម​ប្រកប​ដោយ​ក្រមសីលធម៌ ស្ដង់ដា​ការងារ និង​បរិស្ថាន​ខ្ពស់ និង​កម្មវិធី​ទទួល​ខុសត្រូវ​សង្គម (CSR) របស់​ក្រុមហ៊ុន​ដ៏រឹងមាំ ដែល​ផ្សារភ្ជាប់​ជាមួយ​សហគមន៍​ក្នុងប្រទេស​កម្ពុជា​។

លោក​បន្ថែមថា ក្រុមហ៊ុន​អាមេរិក និង​យីហោ​ល្បីៗ​ជារួម​បានទទួល​ជោគជ័យ និង​កំពុង​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ចាប់ពី​រថយន្ត Ford ក្រុមហ៊ុន Facebook ហាង​កាហ្វេ Starbucks និង​ហាង​នំភីហ្សា​របស់​ក្រុមហ៊ុន Papa John ជាដើម​។

លោក Murphy លើកឡើង​ថា​៖ «​យើង​សង្កេតឃើញថា ប្រជាជន​កម្ពុជា​ស្វែងរក​ផលិតផល និង​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់ និង​មាន​តម្រូវការ​ច្រើន​។ អ្នកនឹង​មើលឃើញ​យីហោ​ហាង​ទាំងនេះ​កាន់តែច្រើន​នៅ​អាស៊ីអាគ្នេយ៍​សព្វថ្ងៃនេះ ដូចជា​នៅ​ទីក្រុង​បាងកក ប្រទេស​សិង្ហបុរី និង​ទីក្រុង​ហូជីមិញ​។

នៅពេលនេះ ដល់​ពេលវេលា​ដែល​ត្រូវ​មើលឃើញ​យីហោ​ទាំងនេះ​នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​ហើយ​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ពិព័រណ៍​នេះ​នឹង​បង្កើន​ការយល់ដឹង​អំពី​ឱកាស​ពាណិជ្ជកម្ម​ដ៏អស្ចារ្យ និង​ការបង្កើត​ទំនាក់ទំនង ដែល​ផ្ដល់​លទ្ធផល​សម្រាប់​ប្រទេស​ទាំង​ ២»​។

កម្ពុជា​គឺជា​ទីផ្សារ​ការនាំចេញ​ទំនិញ​ឈានមុខ​គេ​ទី​ ១០០ ​របស់​អាមេរិក​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ដែល​ការនាំចេញ​ទំនិញ​អាមេរិក​ចូលមក​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ មានតម្លៃ​ ៥១៤ ​លាន​ដុល្លារ កើនឡើង​ ១៥,៣ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ទំនិញ​នាំចេញ​សំខាន់ៗ​កាលពី​ឆ្នាំ​ ២០១៩ រួមមាន រថយន្ត (៣៤៥ ​លាន​ដុល្លារ​) គ្រឿងយន្ត (២៧ ​លាន​ដុល្លារ​) កាកសំណល់​អាហារ និង​ចំណី​សត្វ (១៩ ​លាន​ដុល្លារ​) ក្រដាស និង​ក្រដាសកាតុង (១១ ​លាន​ដុល្លារ​) និង​ប្លាស្ទិក (១០ ​លាន​ដុល្លារ​)​។ ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​របស់​អាមេរិក ចូលមក​កម្ពុជា​មាន​តម្លៃ​សរុប​ ៦៣ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។

កម្ពុជា​ក៏​ជា​ប្រទេស​ផ្គត់ផ្គង់​ឈានមុខ​គេ​ទី​៤៤ ​របស់​អាមេរិក​នៃ​ការនាំចូល​ទំនិញ​កាលពី​ឆ្នាំ​ ២០១៩​។ ប្រភេទ​នាំចូល​សំខាន់ៗ​កាលពី​ឆ្នាំ​ ២០១៩ មាន​សម្លៀកបំពាក់​ប៉ាក់ (២,១ ​ពាន់​លាន​ដុល្លារ​) ផលិតផល​ស្បែក (៩០៣ ​លាន​ដុល្លារ​) សម្លៀកបំពាក់​ត្បាញ (៦៨៥ ​លាន​ដុល្លារ​) ស្បែកជើង (៤៨៦ ​លាន​ដុល្លារ​) និង​គ្រឿងសង្ហារិម (៤៦៣ ​លាន​ដុល្លារ​) និង​ផលិតផល​កសិកម្ម​សរុប​១៩ ​លាន​ដុល្លារ​៕LA