ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​តម្លៃ​ជិត​ ៨០០ ​លាន​ដុល្លារ​ ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ ដោយ​ធ្លាក់ចុះ​តិចតួច​នៅក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ ២០២០ ​នេះ បើ​ធៀប​នឹង​ឆមាស​ទី​ ១ ​នៃ​ឆ្នាំមុន ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ ​១៩ ​ជះ​ឥទិ្ធពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន​ (Jetro)​។

ទិន្នន័យ​របស់​ (Jetro) បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​នូវមុខ​ទំនិញ​ផ្សេងៗ​មកកាន់​ប្រទេស​ជប៉ុន ​ដែល​មាន​តម្លៃ ៧៩១,៦៦ ​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំនេះ ធ្លាក់ចុះ​ ០,២១ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​តម្លៃ​សរុប​ ៧៩៣,៣៨ ​លាន​ដុល្លារ​។

ទិន្នន័យ​ដដែល​នេះ​បាន​បង្ហាញ​ថា កម្ពុជា​ក៏បាន​នាំចូល​មកវិញ​មានតម្លៃ ២១៨,៦១ លាន​ដុល្លារ​ ចាប់ពី​ខែ​មករា ដល់​ខែ​មិថុនា ធ្លាក់ចុះ ៣៩ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ចំនួន ២៥៦ ​លាន​ដុល្លារ​។

លោក ឈួ វិចិត្រ ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត Sanco Cambo Investment Group Co., Ltd បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ធ្លាក់ចុះ​តិចតួច​នេះ ដោយសារ​ការថមថយ​ល្បឿន​នៃ​ចង្វាក់​ផលិតកម្ម​ផ្នែក​គ្រឿងបន្លាស់​យានយន្ត​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​ចំនួន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​កាលពី​ខែ​មេសា និង​ខែ​ឧសភា ប៉ុន្តែ​កំណើន​ចង្វាក់​ផលិតកម្ម​នេះ​បាន​ចាប់ផ្តើម​មាន​សម្ទុះ​ងើប​ឡើងវិញ​ចាប់​តាំងពី​ខែ​មិថុនា​កន្លងមក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញ​ថា​ពិតជា​មាន​ការនាំចេញ​របស់​យើង​ថយចុះ​បន្តិច​មែន ព្រោះ​ក្រុមហ៊ុន​មួយ​ចំនួន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ខ្ញុំ សកម្មភាព​នាំចេញ​មាន​ការថយចុះ ប៉ុន្តែ​ជាក់ស្តែង​ការនាំចេញ​គ្រឿងបន្លាស់​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​កុំព្យូទ័រ​មិន​ធ្លាក់ចុះ​ទេ​»​។

បើ​យោងតាម​លោក វិចិត្រ តំបន់​សេដ្ឋកិច្ច​ពិសេស​សានកូ-ប៉ោយប៉ែត ​មាន​ផ្ទៃដី​ជាង​ ៨៣ ​ហិកតា​ ដោយ​មាន​ក្រុមហ៊ុន​បោះទីតាំង​វិនិយោគ​ចំនួន​ ១០ រួមមាន NHK Spring, Steel Hub, SC Wado Component, (Toyota) Techno Park & Koiwabond ជាដើម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការនាំចេញ​របស់​កម្ពុជា​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ហាក់​មិន​ទទួល​បាន​ផលវិជ្ជមាន​ប៉ុន្មាន​នោះទេ ដោយសារ​បញ្ហា​វិបត្តិ​សុខភាព​ពិភពលោក​ដែល​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​ពិភពលោក​។

លោក​ថ្លែងថា​៖ «​បញ្ហា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​នាំឲ្យ​មនុស្ស​ភាគច្រើន​ផ្អាក​ទិញ​របស់របរ​ប្រើប្រាស់ ដូច្នេះ​ការនាំចេញ​របស់​យើង​រួមមាន​គ្រឿងអគ្គិសនី សម្លៀកបំពាក់ ស្បែកជើង ជាដើម មាន​ការធ្លាក់ចុះ​នៅក្នុង​អំឡុង​ពេលនេះ​»​។

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០១៩ ការវិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​មាន​ចំនួន ១៤១ ​គម្រោង​ដែល​មាន​ទុនវិនិយោគ​សរុប​តម្លៃ ២,៥ ​ពាន់​លាន​ដុល្លារ ក្នុង​នោះ ៦៦ ​គម្រោង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែលមាន​ទុនវិនិយោគ​ប្រមាណ ៣៤០ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​សម្រេច​បាន​ ១,៧ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ កើនឡើង ៧,៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ​។ នេះ​បើតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន Jetro៕ LA