ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​មាន​តម្លៃ​ប្រមាណ ២,៧៥ ​ពាន់​លាន​ដុល្លារ​ សម្រាប់​រយៈពេល​ ៦ ​ខែ​ ដោយសារ​កំណើន​ខ្ពស់​នៃ​ការនាំចេញ​ផលិតផល​ទាក់ទង​នឹង​ការធ្វើដំណើរ​ដែល​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក​។ នេះ​បើ​យោងតាម​ទិន្នន័យ​ការិយាល័យ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​អាមេរិក​។

ទិន្នន័យ​របស់​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹងថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក​នៅ​ក្នុង​ឆមាស​ទី​​ ១ ឆ្នាំ​ ២០២០ សម្រេចបាន ២,៧៥ ​ពាន់​លាន​ដុល្លារ ​កើន ២៣,០៥ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ចំនួន​ជិត ២,២៤ ​ពាន់​លាន​ដុល្លារ​។

ទិន្នន័យ​នេះ​បង្ហាញ​ថា ការនាំចូល​មកវិញ​របស់​កម្ពុជា​មាន​តម្លៃ ១៤៤,៦ ​លាន​ដុល្លារ​ ធ្លាក់ចុះ ៤៥,៤៣ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ចំនួន ២៦៥ ​លាន​ដុល្លារ​។

ផលិតផល​ទាក់ទង​នឹង​ការធ្វើ​ដំណើរ​ពី​កម្ពុជា​មានដូចជា កាបូបដៃ កាបូបយួរ និង​វ៉ាលីស​ត្រូវ​បាន​រាប់បញ្ចូល​ជា​ផលិតផល​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក (GSP) ​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៦​។

ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ផលិត​នៅ​កម្ពុជា​មិនទាន់​រាប់បញ្ចូល​ក្នុង​ប្រព័ន្ធ GSP របស់​អាមេរិក​នោះទេ​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា​៖ «​ការនាំចេញ​សំខាន់ៗ​របស់​យើង​ទៅ​អាមេរិក​គឺ​នៅតែ​រក្សា​កំណើន​ល្អ​ដូចជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​»​។

ទោះយ៉ាងណា​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ខែ​មុន​ថា ការនាំចេញ​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេចបាន ៣,៧៨ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំនេះ​ធ្លាក់ ៥,៤ ​ភាគរយ​បើ​ធៀប​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩​។

លោក​ថ្លែងថា​៖ «​មូលហេតុ​ចម្បង​ដែល​នាំឲ្យ​ថយចុះ​នេះ គឺ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឲ្យ​តម្រូវការ និង​ការបញ្ជា​ទិញ​ធ្លាក់ចុះ​។ ការថយចុះ​នេះ មិនមែន​ប៉ះពាល់​តែ​នៅក្នុង​វិស័យ​កាត់ដេរ​នេះ​នៅ​កម្ពុជា​ទេ គឺជា​សកល​តែម្តង​»​។

បើតាម​លោក ហេង សួរ ក្នុង​ឆមាស​ទី​ ១ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា​ចំនួន ៤៥០ ​បាន​ព្យួរការងារ ខណៈ ៨៣ បាន​បិទទ្វារ ចំណែក​រោងចក្រ ១០ បាន​បង្វែរ​ទៅ​ផលិត​ម៉ាស់​។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​បាន​និយាយថា ទោះបី​ការនាំចេញ​វិស័យ​វាយនភណ្ឌ​ធ្លាក់ចុះ​នៅ​ឆមាស​ទី​ ១ ប៉ុន្តែ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​រួមមាន កង់ និង​អង្ករ​នៅតែ​រក្សា​កំណើន​ល្អ​គួរ​ឲ្យ​កត់សម្គាល់​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​ធ្លាក់ចុះ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មែន តែ​ការនាំ​ចេញ​ទៅ​អាមេរិក​កើនឡើង​វិញ ដូច្នេះ​ទើប​ការនាំចេញ​នេះ​ធ្លាក់​ប៉ុណ្ណឹង​»៕ LA