ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផល​នេសាទ​សរុប ៣ ៥៩០ តោន​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​សរុប​ជាង ៨,៣៣ លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ ៧៤,៥៣ ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ១៤ ១០០ ​តោន​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

អ្នក​ក្នុង​វិស័យ​ជលផល​អះអាង​ថា ការធ្លាក់ចុះ​នេះ​គឺ​ដោយសារ​ក្នុង​អំឡុងពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ការនាំ​ចូល នាំចេញ​ផល​នេសាទ​ត្រូវបាន​រឹតបន្តឹង ដើម្បី​ធានា​បាន​សន្តិសុខ​ស្បៀងអាហារ​នៅក្នុង​ប្រទេស​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យ​ដឹងថា​ក្នុង​ឆ្នាំ​ ២០២០ កន្លងមក​កម្ពុជា​ប្រមូលផល​ជលផល​បាន​ចំនួន​សរុប ៩៣៦ ៣០០ ​តោន​ ដោយ​ក្នុងនោះ​ផលិតផល​ទឹកសាប​មាន​ចំនួន ៤១៣ ២០០ ​តោន ផល​នេសាទ​សមុទ្រ ១២២ ៧០០ តោន និង​ផលវារីវប្បកម្ម​ចំនួន ៤០០ ៤០០ ​តោន​។

តម្លៃ​សរុប​នៃ​ផលិតផល​ទឹកសាប និង​សមុទ្រ​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន ១,០៧ ​ពាន់​លាន​ដុល្លារ និង​តម្លៃ​សរុប​នៃ​ផលិតផល​វារីវប្បកម្ម​មាន​ចំនួន ៨០០,៨ ​លាន​ដុល្លារ​។ នេះ​បើតាម​លោក វេង សាខុន​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បកម្ម​នៅ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មាន​ការបង្កើន​សមត្ថភាព​ផលិត​ផលិតផល​ជលផល​ឱ្យបាន​ច្រើន​ដើម្បី​ធានាការ​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​មុន​នឹង​ឈានទៅដល់​ការនាំចេញ​នៅពេល​អនាគត​។ លោក រ៉ាដែន បន្ថែម​ថា​ទោះ​ជា​យ៉ាងណា រដ្ឋាភិបាល​ក៏ត្រូវ​ជំរុញ និង​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ជលផល ពិសេស​ប្រព័ន្ធ​ទឹក​ត្រូវមាន​និរន្តរភាព​។

លោក​និយាយថា​៖ «​ដើម្បី​ជំរុញ​ការនាំចេញ​បាន​ទាល់តែ​ផលិតផល​យើង​មាន​គុណភាព​ល្អ យើង​អាច​មាន​ការផលិត​ចំណី​ត្រី​ដោយ​ខ្លួនឯង​ និង​មានតម្លៃ​ទាប​សមរម្យ​ហើយ​តម្លៃ​អគ្គិសនី​ក៏​ទាប​ដែរ ដើម្បី​អាច​ប្រកួតប្រជែង​បាន​»​។

លោក ហេង សុភារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​កណ្តាល បាន​និយាយថា រដ្ឋបាល​ជលផល​ខេត្តកណ្តាល​កំពុង​ជំរុញ​វារីវប្បកម្ម​ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ក្នុងអំឡុងពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។ លោក​បាន​បន្ថែមថា​៖ «​ការធ្វើ​វារីប្បកម្ម​លក្ខណៈ​គ្រួសារ​កំពុងមាន​និន្នាការ​កើនឡើង​យ៉ាងខ្លាំង នៅពេល​នេះ​»​។

លោក​ប្រាប់ទៀតថា រដ្ឋបាល​ជលផល​ខេត្ត​កំពុងមាន​គោលដៅ​ជំរុញ​វារីប្បកម្ម​ពី​លក្ខណៈ​គ្រួសារ​ទៅជា​លក្ខណៈ​ពាណិជ្ជកម្ម​ផងដែរ​។

លោក វេង សាខុន កន្លងមក​ធ្លាប់បាន​លើកឡើង​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​វារីវប្បកម្ម ដើម្បី​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ឈាន​ទៅ​ដល់​ការនាំចេញ​ផលនេសាទ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅពេល​អនាគត​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​ជឿថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង​នាពេល​នេះ វិស័យ​ឯកជន​នឹង​មើលឃើញ​ថា កម្ពុជា​អាចឈាន​ដល់​ការនាំចេញ​ផលនេសាទ​ទៅ​ទីផ្សារ​អន្តរជាតិ​ដោយ​ការចិញ្ចឹម​សម្រាប់​នាំចេញ​តាម​បែបផែន​ផលិតកម្ម ដើម្បី​អាចឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។ យើង​ត្រូវមាន​ការកែលម្អ​ការចិញ្ចឹម ដើម្បី​ឆ្លើយតប​នឹង​ស្តង់ដា​របស់គេ​ស្របពេល​ប្រមុខ​រដ្ឋាភិបាល​កំពុង​ធ្វើការ​កែលម្អ​ការដឹកជញ្ជូន​ទំនិញ​»​។

របាយការណ៍​ពី​រដ្ឋបាល​ជលផល​ឱ្យដឹងថា តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​ជលផល​ឆ្នាំ ២០១៥-២០២៤ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​វារីវប្បកម្ម ២០១៦-២០៣០ កន្លងមក រដ្ឋបាល​ជលផល​សង្ឃឹម​ថា នៅ​ឆ្នាំ ២០២៤ កម្ពុជា​អាច​ផ្គត់ផ្គង់​ផលជលផល​តាមរយៈ​ការធ្វើ​វារីវប្បកម្ម​បាន ៧៤០ ០០០ តោន​៕

វីដេអូ៖