ភ្នំពេញៈ ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​យ៉ាងគំហុក​រហូតដល់​ជាង​ ៥៥ ​ភាគរយ​ក្នុង​រយៈពេល​ ២ ​ខែ​ដើម​ឆ្នាំនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០២០​។ នេះ​យោងតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ដោយ​មិនបាន​បញ្ជាក់​នូវ​មូលហេតុ​នាំឱ្យ​មាន​កំណើន​នោះទេ​។

កំណើន​ ៥៥,២៧ ភាគរយ​ បាន​ធ្វើឱ្យ​បរិមាណ​ផលិតផល​កសិកម្ម​នាំចេញ​សរុប​ដល់​ ១ ៥៩៩ ៩២២ ​តោន​ ទៅកាន់​គោលដៅ​ ២៥ ប្រទេស​។ នេះ​បើតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក​លើកឡើង​ថា ក្នុងចំណោម​ផលិតផល​ដែល​បាន​នាំចេញ​ទាំងអស់​មាន​ផលិតផល​មួយចំនួន​បានទទួល​បញ្ជា​ទិញ​បាន​ច្រើនជាងគេ រួមមាន ដំឡូងមី​ក្រៀម​មាន​ចំនួន ៨០២ ៤៥១,៥៦ តោន និង​ដំឡូងមី​ស្រស់​មាន​ចំនួន ១៥៤ ៧៥០ ​តោន​។ ស្រូវ​ចំនួន ២៨៧ ៨៥០ តោន ដោយ​មិនបាន​ឆ្លងកាត់​ច្រក​ភូតគាម​អនាម័យ​មាន​ចំនួន ៥៥៩ ០៣៣ តោន​។

កសិផល​ផ្សេងទៀត​មាន​ដូចជា​គ្រាប់​ស្វាយចន្ទី ៧៩ ៤៧៣ ​តោន គ្រាប់​ពោតក្រហម ៧៨ ៨៥៦ ​តោន ផ្លែ​ចេក​ស្រស់​ ៧៥ ៦៤៥,៥៧ ​តោន ផ្លែស្វាយ​ស្រស់​ ៤៣ ៦៨០ ​តោន និង​ម្ទេស​ស្រស់​ ៣២ ៤១៧ ​តោន ដូងប្រេង​ ៧ ១៧៦ ​តោន កន្ទក់ ៦ ២៥០ តោន និងផលិតផល​ចំនួន ៣៣ មុខ​ផ្សេងទៀត​សរុប​ចំនួន ៣១ ៣៧១ ​តោន​។

អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ម៉ាដាមហួត​នៅ​ខេត្តកំពង់ធំអះអាង​ថា គ្រាប់ស្វាយចន្ទី​កំពុងមាន​ទីផ្សារ​ល្អ​ជាង​ឆ្នាំមុន ហើយ​សិប្បកម្ម​របស់​អ្នកស្រី​ក៏បាន​បង្កើន​ការកែច្នៃ​ដោយ​បន្ថែម​កម្លាំង​ពលកម្ម​រហូតដល់​ ៨០ ​នាក់ ដើម្បី​បង្កើន​ល្បឿន​ចង្វាក់​ផលិតកម្ម​ឆ្លើយតប​នឹង​ការបញ្ជាទិញ​។

អ្នកស្រី ឡៃហួត បន្ថែមថា ក្នុង​ឆ្នាំ​នេះ​អ្នកស្រី​ត្រូវការ​គ្រាប់ស្វាយចន្ទី​ស្រស់​ ៩០ តោន​ ដែល​នឹង​កែច្នៃ​ជា​ផលិតផល​សម្រេច​ ១៥ តោន ​សម្រាប់​បំពេញ​តាម​ការបញ្ជាទិញ​របស់​ក្រុមហ៊ុន Top Planning Japan Co., Ltd​។

អ្នកស្រី​បន្ត​៖ «​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ទិញ​គ្រាប់ស្វាយចន្ទី​ពី​សហគមន៍ និង​បង្កើត​ការងារ​ដល់​ពួកគាត់​»​។

កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំណាំ​កសិឧស្សាហកម្ម​ចំនួន​ ៦ ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​សម្រេច​បាន​ជាង ៨,៥៥ លាន​តោន​ ដែល​មាន​តម្លៃ​ទឹកប្រាក់​ជាង ២,៣២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។ ផលិតផល​ទាំងនោះ​រួមមាន ផលិតផល​ដំឡូងមី ផ្លែស្វាយ​ស្រស់ គ្រាប់ស្វាយចន្ទី ផ្លែ​ចេក​ស្រស់ មៀន​ប៉ៃលិន និង​ម្រេច​។ នេះ​យោងតាម​តួលេខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ LA