ភ្នំពេញ: ការនាំចេញ​កសិផល​របស់​កម្ពុជា​ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ សម្រេចបាន​ជិត ៣ ​លាន​តោន ទោះបី​ជា​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា​ក៏ដោយ​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

របាយការណ៍​បង្ហាញថា កសិផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ជា​ផ្លូវការ​រួម​មាន អង្ករ ដំឡូងមី ម្រេច កៅស៊ូ ស្វាយ ស្វាយចន្ទី ចេក ពោត សណ្តែកសៀង បន្លែ និង​ថ្នាំជក់​។ ចំណែក​ការនាំចេញ​ក្រៅ​ផ្លូវការ​គឺ​ស្រូវ និង​ដំឡូងមី​ស្រស់​ទៅកាន់​ប្រទេស​វៀតណាម​។

របាយការណ៍​បន្តថា ការនាំចេញ​អង្ករ​កម្ពុជា​សម្រេច​បាន​ជាង ​២៣០ ៩៤៨ ​តោន​ ក្នុង​រយៈពេល ៣ ​ខែ​ឆ្នាំនេះ​កើនឡើង ៣៥,២០ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំ​ចេញ​ទៅ​ប្រទេស​ ចិន​ មាន​ចំនួន ១០១ ៣៤៥ ​តោន ​ស្មើនឹង ៣៤,៨៨ ​ភាគរយ​ ទៅ​អឺរ៉ុប​ ៧០ ០៤០ ​តោន​ ស្មើនឹង ៣០,៣៣ ​ភាគរយ ខណៈ​ការនាំ​ចេញទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន ២៨ ៧៩៩ ​តោន​ ស្មើនឹង​ ១២,៤៧ ​ភាគរយ និង​ទិសដៅ​នាំចេញ​ផ្សេងទៀត​មាន ៣០ ៧៦៤ ​តោន​ ស្មើនឹង​ ១៣,៣២ ​ភាគរយ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា បើទោះបី​ជា​សកលលោក​រួមទាំង​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការរីក​រាលដាល​វីរុស​កូរ៉ូណា​ក៏ដោយ តែ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​នៅតែ​រក្សា​កំណើន​យ៉ាងរឹងមាំ​។ លោក​ថ្លែងថា​៖ «​ការនាំចេញ​កើនឡើង​នេះ​ដោយ​តម្រូវការ​ស្បៀង​ពិភពលោក​មាន​ការកើនឡើង ស្របពេល​មនុស្ស​មានការ​ភ័យខ្លាច​ជំងឺ​កូវីដ​ ១៩ បាន​ជំរុញ​ឲ្យ​ពួកគេ​ទិញ​ស្បៀង​ស្តុក​ទុក​»​។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​ម្រេច​របស់​កម្ពុជា​បាន​ចំនួន​ជាង​ ២៩៩ ​តោន​ ដោយ​នាំចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន អាលឺ្លម៉ង់ បែលហ្ស៊ិក ហូឡង់ បារាំង អាមេរិក ស្វ៊ីស វៀតណាម រុស្ស៊ី អង់គ្លេស និង​ប្រទេស​ឥណ្ឌា​។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ (KPPA) ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ម្រេច​កំពត​ដែល​ជា​ដំណាំ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ (GI) បច្ចុប្បន្ន​ប្រជាកសិករ​កំពុង​មមាញឹក​ប្រមូលផល​ម្រេច​ដែល​លោក​រំពឹង​ថា​នឹង​ប្រមូលបាន​ប្រហាក់ប្រហែល​ឆ្នាំមុន​គឺ ១០០ ​តោន​ក្នុង​រដូវប្រមូលផល​ឆ្នាំនេះ​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​ជា​យ៉ាងណា​សព្វថ្ងៃ​កសិករ​ប្រមាណ ២០ ភាគរយ​បានសម្រេច​បោះបង់​ការដាំដុះ និង​ការប្រមូលផល​ម្រេច​ដោយសារ​បញ្ហា​កង្វះ​ទីផ្សារ​»​។

លោក​បញ្ជាក់ថា កាលពី​ឆ្នាំមុន​ម្រេច​កំពត​បាន​នាំចេញ​សម្រេច​បាន ៨០ ​តោន​ កើនឡើង​ប្រមាណ ២០ ​តោន ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ លោក​ថ្លែងថា​៖ «​ការនាំចេញ​ម្រេច​កំពត​កើនឡើង​កាលពី​ឆ្នាំ​មុន​ដោយសារ​ម្រេច​កំពត​បាន​ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​»​។

លោក​បន្តថា បច្ចុប្បន្ន KPPA បាន​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចំនួន ៣៨ ដើម្បី​នាំ​ម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ​។ តម្លៃ​ម្រេច​កំពត​នៅ​រក្សា ១៥ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម​ សម្រាប់​ម្រេចខ្មៅ ២៥ ​ដុល្លារ​ សម្រាប់​ម្រេច​ក្រហម និង ២៨ ដុល្លារ​សម្រាប់​ម្រេចស​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានផ្តល់​អនុសាសន៍​ឲ្យ​ត្រៀម​នូវ​វិធានការ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ជា​សកល​ដោយ​ជំងឺ​កូវីដ ​១៩ គឺ​ត្រូវ​ពង្រឹង​វិស័យ​កសិកម្ម​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ត្រៀម​ទុក​នូវ​វិធានការ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ជា​សកល​ដោយសារ​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ដែល​អាច​បន្ត​អូសបន្លាយ​រយៈពេល​យូរ​គឺ​ត្រូវ​ពង្រឹង​វិស័យ​កសិកម្ម​ដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា ពិសេស​ការត្រៀម​ទំនិញ​ស្បៀង​ចាំបាច់​សម្រាប់​ប្រជាជន​កម្ពុជា​ដូចជា អង្ករ និង​អំបិល​។

ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​ផ្អាក​ការនាំចេញ​អង្ករស និង​ស្រូវ ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​ ៥ ខែមេសា ​តទៅ ដើម្បី​ធានា​ការផ្គត់ផ្គង់​ក្នុងស្រុក​ឲ្យ​បាន​គ្រប់គ្រាន់ ធានា​សន្តិសុខ​ស្បៀង និង​ស្ថិរភាព​តម្លៃ​នៅ​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ​១៩​។

បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង ៥,៤ លាន​ដុល្លារ​ រួមមាន អង្ករ ម្សៅ ដំឡូងមី ដំឡូងមី​ស្រស់ គ្រាប់ស្វាយចន្ទី ពោត ស្វាយ និង​បន្លែ​ជាដើម​៕ LA