ភ្នំពេញៈ ការនាំចេញ​នូវ​ផលិតផល​សម្រាប់​ប្រើប្រាស់​នៅក្នុង​បន្ទប់​គេង​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ មានតម្លៃ​ប្រមាណ​ជាង ២៤ ​លាន​ដុល្លារ​ កើនឡើង​ជាង ១៩០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​បង្ហាញថា ចាប់ពី​ខែ​មករា ដល់​ខែមេសា ឆ្នាំ​ ២០២០ ការនាំចេញ​ផលិតផល​ប្រើប្រាស់​ក្នុង​បន្ទប់​គេង​មាន​តម្លៃ ២៤,២១ ​លាន​ដុល្លារ កើនឡើង ១៥,៨៦ ​លាន​ដុល្លារ ឬ​ស្មើនឹង ១៩០,១១ ​ភាគរយ​ពី​ចំនួន ៨,៣៤ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម ផលិតផល​ទាំងនោះ​រួមមាន ពូក កម្រាលពូក ខ្នើយ ភួយ និង​ក្រណាត់​ក្រាល​ជាដើម​។

លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំចេញ​ផលិតផល​ប្រើប្រាស់​ក្នុង​បន្ទប់​គេង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​ជា​លំដាប់ ជាពិសេស​នា​រយៈពេល ៤ ​ខែ​ដើម​ឆ្នាំ​ ២០២០ នេះ​ដោយ​មាន​កំណើន​ទៅដល់​ជិត ២០០ ​ភាគរយ​។

លោក​បន្តថា ជាមួយ​នឹង​គោលនយោបាយ​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការជំរុញ និង​លើកកម្ពស់​គុណភាព​ផលិតផល​ផលិត​ក្នុងស្រុក បច្ចុប្បន្ន​ផលិតផល​ទាំងនេះ​ត្រូវបាន​នាំទៅ​ប្រទេស​ធំៗ​មួយ​ចំនួន​ដូចជា អាមេរិក កាណាដា ជប៉ុន អង់គ្លេស អូស្ត្រាលី បារាំង និង​នូវែលសេឡង់ ជាដើម​។

លោក​ថ្លែងថា​៖ «​ទំនិញ​ទាំងនេះ​ត្រូវ​បាន​ទទួល​ការបញ្ជាទិញ និង​ផលិត​ដោយ​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ដែល​តម្រូវ​ដោយ​ទីផ្សារ​គោលដៅ និង​ទៅតាម​ការចង់​បាន​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​។ ទំនិញ​របស់​យើង​គឺជា​ទំនិញ​ដែលមាន​គុណភាព​នាំចេញ​សម្រាប់​ទីផ្សារ​ប្រកួតប្រជែង​។ យើង​ចង់​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​ផលិតផល Made in Cambodia ឲ្យ​ក្លាយ​ទៅ​ជា​ផលិតផល​ដែល​អតិថិជន​ទទួលស្គាល់ និង​ការគាំទ្រ​ជា​អន្តរជាតិ​»​។

លោក​បន្ថែមទៀត​ថា ជាមួយនឹង​អត្រាកំណើន​ដ៏ច្រើន​នៃ​ការនាំចេញ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោងចក្រ​វិនិយោគ​ដែល​ផលិត​ផលិតផល​ទាំងនេះ​ចំនួន ៥ ​ក្នុងនោះ​រោងចក្រ​ចំនួន ៤ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ លោក​និយាយថា​៖ «​ដោយសារ​តម្លៃ​ពលកម្ម​នៅ​ស្រុក​យើង​នៅមាន​ប្រៀប ហេតុនេះ​ខ្ញុំ​សង្ឃឹម​ថា​នឹងមាន​វិនិយោគិន​បន្ថែម​ទៀត​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា ខណៈពេល​ទំនាក់ទំនង​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​កាន់តែ​មាន​ភាពល្អប្រសើរ និង​អាច​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​មួយចំនួន​ក្នុង​ពេល​ឆាប់ៗ​នោះ ឱកាស​ទាក់ទាញ​វិនិយោគិន​ឲ្យ​ចូលមក​បើក​អាជីវកម្ម​ក៏មាន​ច្រើន​ផងដែរ​នាពេល​នេះ​។

លោក​បញ្ជាក់ថា​៖ «​បើតាម​ខ្ញុំ​ដឹង​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​មានបំណង ឬ​កំពុង​រៀបចំខ្លួន​ចូលមក​វិនិយោគ​លើ​វិស័យ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​»​។

លោក​បន្ថែមថា ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​អាមេរិក និង​ចិន​នៅតែ​បន្ត​មាន​នោះ កម្ពុជា​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញ​បាន​អ្នក​វិនិយោគ​កាន់តែ​ច្រើន​ឲ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ដែល​ទទួលបាន​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ជាច្រើន​ពី​ប្រទេស​ធំៗ​ទាំងនោះ​៕ LA