ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​ម៉ាស់ និង​សម្ភារ​ពេទ្យ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មានតម្លៃ​ជិត​ ២០០ ​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ខណៈ​ពេល​ដែល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​នៅតែ​បន្ត ហើយ​រដ្ឋាភិបាល​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ក្នុង​ការផលិត​សម្ភារ​ទាំងនេះ​ដើម្បី​ធ្វើ​ពិពិធកម្ម​នៃ​ការនាំចេញ​ជំនួស​ផលិតផល​ដែល​​រង​ផលប៉ះពាល់​ពី​ទីផ្សារ​។

យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការនាំចេញ​សម្ភារ​ពេទ្យ​ (PPE) ​របស់​កម្ពុជា​មាន​តម្លៃ​សរុប ១៩១,៣ ​លាន​ដុល្លារ​ចាប់ពី​ខែ​មករា​ដល់​ខែ​មិថុនា​ ឆ្នាំ​នេះ កើនឡើង​ ១៣០ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ចំនួន ៨៣,៣៦ ​លាន​ដុល្លារ​។

ទិន្នន័យ​នេះ​បង្ហាញ​ទៀតថា នៅក្នុង​រយៈពេល​ខាងលើ​ការនាំចេញ​ម៉ាស់​ពី​កម្ពុជា​មាន​តម្លៃ​សរុប​ ២,៥៣ ​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​ ២០១៩ ពុំមាន​ទិន្នន័យ​នាំចេញ​ផលិតផល​ម៉ាស់​នោះទេ​។

គិត​ត្រឹម​ថ្ងៃអាទិត្យ ទី ​៩ ខែ​សីហា ការឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​ទូទាំង​ពិភពលោក​កើន​ដល់​ជាង​ ១៩,៨០ ​លាន​នាក់​ក្នុង​នោះ អ្នកស្លាប់​មាន​ចំនួន​ជិត​ ៧៣ ​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន​ជាង​ ១២,៧០ ​លាន​នាក់​។ នេះ​បើ​យោងតាម Worldometer ដែល​បង្ហាញ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​​ នៅលើ​សកលលោក​។

សម្រាប់​ប្រទេស​កម្ពុជា ករណី​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ កើន​ដល់ ២៤៨ ​នាក់​ក្នុង​នោះ​ជាសះស្បើយ​មាន​ចំនួន​ ២១៧ ​នាក់​។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា​។

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន LY LY Food Industry និង​ក្រុមហ៊ុន Lyly Global Co Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ាស់​ក្នុង​ស្រុក​ម៉ាក SAFFI ដែល​បម្រើ​ដល់​សេចក្តី​ត្រូវការ​ក្នុង​ស្រុក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ការផលិត​ម៉ាស់​នៅ​ក្រុមហ៊ុន​របស់​លោកស្រី​បាន​បង្កើន​ចង្វាក់​ផលិតកម្ម​យ៉ាងច្រើន​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។

លោកស្រី​បញ្ជាក់ថា​៖ «​រោងចក្រ​ខ្ញុំ​ផលិត​ជា​ខ្នាតតូច​នៅ​ឡើយ យើង​មិនទាន់​បាន​នាំចេញ​ទេ ហើយ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ម៉ាស់​មាន​តម្រូវការ​ខ្ពស់​ក្នុង​អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។ ការលក់​របស់​យើង​មាន​ការកើនឡើង​ទ្វេដង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​»​។

លោកស្រី​បាន​បន្តថា សព្វថ្ងៃ​លោកស្រី​កំពុង​ស្វែងរក​ដៃគូ​សម្រាប់​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ លោកស្រី​និយាយថា​៖ «​យើង​រីករាយ​ណាស់​ដែល​ផលិតផល​ពេទ្យ​ខ្មែរ​យើង អាច​នាំចេញ​ក្នុង​តម្លៃ​ជិត​ ២០០ ​លាន​ដែលជា​តួលេខ​ ១ ​ធំ​។ យើង​ស្វាគមន៍​រាល់​អតិថិជន​ដែល​ចង់​ទិញ​ម៉ាស់​ពី​ក្រុមហ៊ុន​ខ្ញុំ​យកទៅ​លក់​បន្ត​នៅក្រៅ​ប្រទេស​»​។

បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បច្ចុប្បន្ន​មាន​រោងចក្រ​ចំនួន​ ៧ និង​សិប្បកម្ម​ចំនួន​ ៧ ​មូលដ្ឋាន ដោយ​មួយ​ចំនួន​ក្នុងចំណោម​នេះ​កំពុង​ផលិត​សម្ភារ​បរិក្ខារ​ការពារ​ជំងឺឆ្លង​រួចស្រេច​ទៅ​ហើយ និង​មួយចំនួន​ទៀត​បាន​សុំ​ចុះបញ្ជី​ផលិត​ម៉ាស់ និង​សម្លៀកបំពាក់​ពេទ្យ​។

ទិន្នន័យ​នេះ​បង្ហាញថា ប្រសិនបើ​រោងចក្រ​ និង​សិប្បកម្ម​ទាំងនោះ​ដំណើរការ​ផលិត​ពេញលេញ កម្ពុជា​នឹង​មាន​សមត្ថភាព​ផលិត​ម៉ាស់​ប្រមាណ ១៣៨ ​លាន សម្លៀកបំពាក់​ពេទ្យ​ប្រមាណ​ ២០,៧ ​លាន និង​មួក ពេទ្យ​ប្រមាណ ៩,៦ ​លាន​ ក្នុង​ ១ ​ខែ​។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ម៉ាស់ និង​សម្ភារ​ពេទ្យ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ជប៉ុន អាមេរិក និង​សហភាព​អឺរ៉ុប​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​កាលពី​ខែ​ឧសភា​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​នាំចេញ​មុខទំនិញ​ការពារ​ជំងឺឆ្លង​គ្រប់ប្រភេទ​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ដោយ​គាំទ្រ និង​លើក​ទឹកចិត្ត​ឲ្យ​បណ្តា​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ផលិត​សម្ភារ​ការពារ​ជំងឺឆ្លង​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក និង​បម្រើការ​នាំចេញ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មេសា​បាន​ថ្លែងថា រដ្ឋាភិបាល​ត្រូវការ​ម៉ាស់​ក្នុង​ស្តុក​យ៉ាងតិច​ចំនួន​ ១០ ​លាន​ម៉ាស់ សម្លៀកបំពាក់​ពេទ្យ​យ៉ាងតិច ៥ ០០០ ​សម្រាប់​។

ទិន្នន័យ​គយ និង​រដ្ឋាករ​បង្ហាញ​ថា កម្ពុជា​បាន​នាំចេញ​សម្ភារ​ពេទ្យ​មាន​តម្លៃ​ ១៩០,៩៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩៕ LA

វីដេអូ៖