ភ្នំពេញៈ ការដាក់ចេញ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្វើឱ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​កើនឡើង​គ្រប់​វិស័យ​ក្នុង​នោះ​ការនាំចេញ​ម្ទេស​ស្រស់​ក្នុង​ឆ្នាំ​ ២០២០ សម្រេចបាន​ជាង ៧ ​ម៉ឺន​តោន​ កើន​ជាង ២៧ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​នាំចេញ​ផលិតផល​កសិកម្ម​ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន កាលពី​ថ្ងៃទី​ ៦ ខែ​មករា ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ ការនាំចេញ​ម្ទេស​ស្រស់ សម្រេច​បាន ៧០ ៥៤៦ ​តោន​ កើនឡើង ២៧,០៨ ​ភាគរយ​ ពី​ចំនួន ៥៥ ៥១៣ ​តោន​ កាលពី​ឆ្នាំ​ ២០១៩​។

លោក ឈឹម វជិរ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្នុង​ឆ្នាំ​ ២០២០ ផ្ទៃដី​ដាំដុះ​បន្លែ​ (​បន្លែ​គ្រប់មុខ និង​ម្ទេស​) ​ក្នុង​ខេត្តបាត់ដំបង បាន​កើន​ដល់​ជាង ១ ០០០ ហិកតា ឬ​ស្មើ​ជាង ១៥០ ​ភាគរយ​នៃ​ផែនការ​ដែល​បានកំណត់​។

ការកើនឡើង​ផ្ទៃដី​ដាំដុះ​នេះ ដោយសារ​រដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​ក្នុង​ការពង្រឹង និង​ពង្រីក​សក្តានុពល​ផលិតផល​កសិកម្ម ខណៈ​តម្លៃ​ផលិតផល​កសិកម្ម​ក៏ល្អ​ជាង​ឆ្នាំ​ ២០១៩ ដែរ​។ លោក​បន្ថែមថា សម្រាប់​ផ្ទៃដី​ដាំ​ម្ទេស​ក្នុង​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​ ២០២០ គឺមាន​ការកើនឡើង​នៅ​ស្ទើរ​គ្រប់​ស្រុក​ទាំងអស់​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ឆ្នាំ​ ២០២០ តម្លៃ​ម្ទេស​បាន​កើនឡើង​ខ្ពស់ជាង​ឆ្នាំមុន​ច្រើន ហើយ​ទីផ្សារ​ក៏​មិន​ជួប​ការលំបាក​ដែរ ដោយ​មន្ទីរ​កសិកម្ម និង​អាជ្ញាធរខេត្ត​តែង​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​ប្រជាកសិករ​ត្រូវ​បង្កើន​ការដាំដុះ​ដំណាំ​ឱ្យ​បាន​ច្រើន និង​ស្របតាម​តម្រូវការ​ទីផ្សារ​។ ជាមួយ​គ្នា​នេះ​យើង​ក៏បាន​ជំរុញ​ឱ្យ​ពួកគាត់​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​បណ្តុះ​អាជីវកម្ម ឬ​ការទិញ-លក់​តាម​កិច្ចសន្យា​ផងដែរ​»​។

សម្រាប់​ផ្ទៃដី​ដាំដុះ​ម្ទេស​ក្នុង​ឆ្នាំ​នេះ​លោក វជីរ៉ា អះអាង​ថា​ការដាំ​ម្ទេស​នឹងមាន​សកម្មភាព​ល្អ​ជាង​ឆ្នាំមុន​។ លោក​ថ្លែងថា​៖ «​នេះ​ជា​ការធ្វើ​ពិពិធកម្ម​លើ​ផលិតផល​កសិកម្ម ដើម្បី​ជំរុញ​ការនាំចេញ​ឱ្យបាន​កាន់តែច្រើន​»​។

បើ​យោងតាម​លោក វជិរ៉ា ក្នុង​ឆ្នាំ​ ២០២០ ​កន្លងមក​មាន​សហគមន៍​កសិកម្ម​ចំនួន ៩៦ ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ឬ​អ្នកប្រមូល​ទិញ​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​លោក គឹម ហួត បាន​និយាយថា ទោះបី​ទិន្នផល​ម្ទេស​ស្រស់​ក្នុង​ខេត្តបាត់ដំបង​កាលពី​ឆ្នាំ​ ២០២០ មិន​កើនឡើង​ច្រើន ប៉ុន្តែ​សម្រាប់​ការនាំចេញ​ម្ទេស​ស្រស់​ទៅ​ប្រទេស​ថៃ​ដោយ​ឆ្លងកាត់​តាម​ខេត្តបាត់ដំបង គឺមាន​រហូត​ជាង ៣២ ០០០ ​តោន​។ លោក​បន្តថា ផ្អែក​តាម​តួលេខ​ក្រសួង​កសិកម្ម ការនាំចេញ​តាម​ច្រក​ខេត្តបាត់ដំបង​មាន​ជាង ៤៥ ​ភាគរយ​នៃ​ការនាំចេញ​សរុប​។

ជាមួយ​នឹង​ស្ថានភាព​ដូច​បច្ចុប្បន្ន​លោក គឹម ហួត បាន​អះអាងថា​៖ «​បើ​ស្ថានភាព​តម្លៃ និង​ទីផ្សារ​ផលិតផល​កសិកម្ម​មាន​ភាពល្អ​បែប​នេះ ខ្ញុំ​រំពឹងថា ការនាំចេញ​ផលិតផល​កសិកម្ម​នៅ​ឆ្នាំនេះ​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​កាន់តែខ្លាំង​បន្ថែមទៀត​»​។

លោក មាស សុផល ដែលមាន​ផ្ទៃដី​ដាំ​ម្ទេស​ក្នុង​ខេត្ត​កំពង់ធំ សៀមរាប និង​កំពង់ឆ្នាំង និង​ជា​អ្នកប្រមូល​ទិញ​ម្ទេស​ពី​ប្រជាកសិករ​មួយចំនួន​ដើម្បី​យកទៅ​សម្ងួត​សម្រាប់​នាំ​ចេញទៅ​ប្រទេស​ចិន​បាន​លើកឡើង​ថា កត្តា​អាកាសធាតុ​មិន​អំណោយផល​បានធ្វើឱ្យ​ទិន្នផល​ផ្លែ​ម្ទេស​ធ្លាក់ចុះ​ច្រើន​ក្នុង​ឆ្នាំ​ ២០២០ ដែលជា​ហេតុ​ធ្វើឱ្យ​តម្លៃ​របស់​វា​បាន​ហក់​ឡើង​យ៉ាងខ្ពស់​នា​រយៈពេល​ចុងក្រោយ​នេះ​។ លោក​បន្តថា ការធ្លាក់ចុះ​ទិន្នផល​ឆ្នាំ​កន្លង​មក​បាន​ធ្វើឱ្យ​ផែនការ​នាំចេញ​ម្ទេស​ក្រៀម​ទៅ​ប្រទេស​ចិន​របស់លោក​ត្រូវ​ផ្អាក​។

លោក​អះអាង​ថា​៖ «​អាកាសធាតុ​ប្រែប្រួល​បានធ្វើឱ្យ​ការដាំ​ម្ទេស​ក្នុង​ឆ្នាំមុន​ជួប​បញ្ហា​ច្រើន​។ ជាមួយ​នឹង​សម្ទុះ​តម្លៃ​ពេលនេះ ខ្ញុំ​គិតថា​ក្នុង​ឆ្នាំ​ ២០២១ ផ្ទៃ​ដី​ដាំ​ម្ទេស​នឹង​កើនឡើង​»៕ LA