ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​សន្លឹក​ថ្នាំជក់​ស្ងួត​ជាង ៥,៨ ​ពាន់​តោន​ទៅកាន់​ប្រទេស​ចំនួន ៩ កាលពី​ឆ្នាំ​ ២០២០ ដែលមាន​តម្លៃ​ជាង ១៧,៤៦ ​លាន​ដុល្លារ ធ្លាក់ចុះ ២៨ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​ដែល​បានផ្តល់​ដោយ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា កម្ពុជា​បាន​នាំចេញ​ថ្នាំជក់​សរុប ៥ ៨២០,៨២ ​តោន​ កាលពី​ឆ្នាំមុន​ធ្លាក់ចុះ ១៤,០២ ភាគរយ​ ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៦ ៧៦៩,៩៧ ​តោន​។ ក្នុងនោះ​ទឹកប្រាក់​ដែល​ទទួល​បាន​មានតម្លៃ ១៧ ៤៦២ ៤៦០ ដុល្លារ​ ធ្លាក់ចុះ ២៨,៣៤ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ចំនួន ២៤ ៣៧១ ៨៧៤,៧២ ដុល្លារ​។

ទិន្នន័យ​នេះ​បន្ថែម​ថា កម្ពុជា​បាន​នាំចេញ​ស្លឹក​ថ្នាំជក់​ស្ងួត​ទៅ​ប្រទេស​វៀតណាម ហុងគ្រី ឥណ្ឌូនេស៊ី អារ៉ាប់រួម បែលហ្ស៊ិក អាហ្វ្រិក​ខាងត្បូង ក្រិក សិង្ហបុរី និង​អាលឺ្លម៉ង់​។

កាលពី​ឆ្នាំ​ ២០១៦ ប្រទេស​កម្ពុជា និង​វៀតណាម​ បាន​យល់ព្រម​លើ​ការអនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​កសិកម្ម​ឆ្លងកាត់​ព្រំដែន​ទាំង​ ២​។ ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ​កម្ពុជា​ត្រូវបាន​អនុញ្ញាត​ឱ្យ​នាំ​ថ្នាំជក់​ស្ងួត ៣ ០០០ ​តោន​ទៅ​វៀតណាម ដោយ​រួច​ពន្ធ​រយៈពេល ១ ​ឆ្នាំ​។

បច្ចុប្បន្ននេះ​ដំណាំ​ថ្នាំជក់​ត្រូវបាន​ដាំ​ច្រើន​នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តក្រចេះ និង​មួយចំនួន​នៅ​ខេត្តកណ្តាល​។ ជាធម្មតា​ការប្រមូលផល​ថ្នាំជក់​ត្រូវបាន​ធ្វើ​ឡើង​ក្នុងអំឡុង​ដើមខែ​មីនា ដល់​ចុងខែ​មេសា​។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ផល​ថ្នាំជក់​ដែល​ប្រមូលបាន​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​ឈ្មួញ​នាំទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​លោក​មិនដឹងថា ការនាំ​ចេញ​ទៅ​វៀតណាម​នោះ​មាន​ការផ្តល់​កូតា​បែបណា​នោះទេ​។

លោក​និយាយថា​៖ «​ខ្ញុំ​គ្រាន់តែ​ដឹងថា ថ្នាំជក់​មួយចំនួន​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​សម្រាប់​បរិមាណ​ប៉ុន្មាន​នោះ​ខ្ញុំ​មិនដឹង​ទេ​»​។

លោក ពិសិដ្ឋ បន្ថែមថា សព្វថ្ងៃនេះ​ថ្នាំជក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ក៏​មាន​ឈ្មួញ​ជនជាតិ​ចិន​មក​ប្រមូល​ទិញ​ពី​ប្រជាកសិករ​ផងដែរ ប៉ុន្តែ​លោក​មិនដឹងថា គេ​នាំទៅ​ទីណា​នោះទេ​។

ក្នុង​ឆ្នាំ​ ២០២១ ខេត្ត​ត្បូងឃ្មុំ មាន​ផ្ទៃដី​ដាំ​ថ្នាំជក់ ៦៨០ ​ហិកតា​ ដោយ​ផ្តល់​ទិន្នផល​ជា​មធ្យម ១,៧០ ​តោន ​ក្នុង​ ១ ​ហិកតា​។ គិត​ត្រឹម​ថ្ងៃទី ១៦ មីនា ការប្រមូលផល​ថ្នាំជក់​នៅ​ខេត្ត​ត្បូងឃ្មុំ​សម្រេច​បាន ៦៨ ភាគរយ​។

អ្នកស្រី ម៉ាត់ សុកក្រី កសិករ​ដាំ​ថ្នាំជក់​លើ​ផ្ទៃដី ២,៥ ​ហិកតា ​នៅ​ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា ពេលនេះ​ដល់​ពេល​ប្រមូលផល​ស្លឹក​ថ្នាំជក់​ហើយ​ដោយ​រំពឹងថា នឹង​ទទួល​បាន​ទិន្នផល​ចន្លោះ​ពី ៥ ​ទៅ​ ៦ ​តោន​ នៅក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ​។

អ្នកស្រី សុកក្រី បាន​បន្ថែមថា ឆ្នាំនេះ​តម្លៃ​ថ្នាំជក់​ស្ងួត​មាន​គុណភាព​ល្អ​ចន្លោះ​ពី ៨ ៥០០ រៀល ទៅ ១០ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម ដែល​តម្លៃ​នេះ​បាន​ពឹងផ្អែក​តែ​ពី​ឈ្មួញ​ក្នុងស្រុក​ប៉ុណ្ណោះ​។

អ្នកស្រី​និយាយថា​៖ «​សូមឱ្យ​ឈ្មួញ​មក​ទិញ​ឱ្យ​តម្លៃ​សមរម្យ​ជាង​នេះ​បន្តិច​មក អ្នកចម្ការ​ចំណាយលុយ​ច្រើនណាស់​លើ​កម្មករ បើ​តម្លៃ​ទាប​ពេក​យើង​មិន​រួចខ្លួន​ទេ​»៕LA