ភ្នំពេញៈ ប្រាក់ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ម៉ាស៊ីន​បរិធាន (Electrical Equipment) និង​សម្ភារ​អគ្គិសនី​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២០ កើនឡើង​ជាង ៣១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ទិន្នន័យ​ឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​នាំចេញ​ម៉ាស៊ីន​បរិធាន និង​សម្ភារ​អគ្គិសនី​ក្នុងតម្លៃ​សរុប ៧៥៥,៣៤ ​លានដុល្លារ​កើន ៣១,៤៩ ភាគរយ​ពី​ចំនួន ៥៧៤,៤៤ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​។ ប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​ម៉ាស៊ីន​បរិធាន និង​សម្ភារ​អគ្គិសនី​មាន​ចំណែក​ទីផ្សារ​ប្រមាណ ៤,៣៨ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២០ ដែលមាន ១៧ ២១៥,៣៧ ​លាន​ដុល្លារ​។ ​

យោងតាម​ទិន្នន័យ​ខាងលើ ការនាំចេញ​ម៉ាស៊ីន​បរិធាន និង​សម្ភារ​អគ្គិសនី​បាន​ឈរ​នៅ​លេខ​រៀង​ទី​ ៤ នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២០ ដែល​នាំមុខ​ដោយ​ផលិតផល​សម្លៀកបំពាក់​មាន​តម្លៃ ៧ ៤២០,២៨ ​លាន​ដុល្លារ (៤៣ ​ភាគរយ​) ​ផលិតផល​ស្បែកជើង​មាន​តម្លៃ ១ ១១៦,៧៣ ​លាន​ដុល្លារ​ (៦ ​ភាគរយ​) និង​សម្ភារ​ធ្វើដំណើរ​មាន​តម្លៃ ៩៦៤,៧ ​លាន​ដុល្លារ​ (​ប្រហែល​ ៦ ​ភាគរយ​)​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ២៩ ខែមីនា ឱ្យដឹងថា ទោះបី​កម្ពុជា និង​ពិភពលោក​ស្ថិតក្នុង​កាលៈទេសៈ​ប្រឈម​ការរំខាន​ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ដែល​រាំងស្ទះ​ខ្លះ​ពី​ទីផ្សារ​គោលដៅ​ក៏​ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ មិនបាន​ធ្លាក់ចុះ​នោះទេ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៥ ខែមេសា​ថា កំណើន​ការនាំចេញ​ម៉ាស៊ីន​បរិធាន និង​សម្ភារ​អគ្គិសនី​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២០ គឺមាន​ជាប់ទាក់ទង​នឹង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ចិន​ និង​អាមេរិក ដែល​ជម្លោះ​នេះ​ជំរុញ​ឱ្យ​រោងចក្រ​នៅ​ប្រទេស​ចិន​មួយចំនួន​ប្តូរ​ទីតាំង​មក​កម្ពុជា ដែល​ជា​ប្រទេស​មាន​លក្ខណៈ​អំណោយផល​ច្រើន​សម្រាប់​ការវិនិយោគ និង​ការនាំចេញ​។ លោក​បន្តថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ច្បាប់​វិនិយោគ​ល្អ​ប្រសើរ សម្បូរ​កម្លាំង​ពលកម្ម និង​ទទួល​បាន​ភាពអនុគ្រោះ​ពន្ធ​លើ​ការនាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ជាច្រើន​។

លោក​អះអាង​ថា​៖ «​នេះ​ជា​កត្តា​ចម្បង​ដែល​ធ្វើឱ្យ​ការនាំចេញ​ម៉ាស៊ីន​បរិធាន និង​សម្ភារ​អគ្គិសនី​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជា​បន្តបន្ទាប់ ខណៈ​និន្នាការ​នៃ​ការចូល​មក​បណ្តាក់ទុន​លើ​រោងចក្រ​ផលិត​សម្ភារ​ទាំងអស់នេះ​ក៏​កំពុង​កើនឡើង​ដែរ​»​។

លោក​លើកឡើង​ថា កំណើន​នេះ​យើង​អាច​ឃើញ​តាមរយៈ​ការអនុម័ត​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​។

យោងតាម​បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ មាន​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​សម្ភារ​អគ្គិសនី និង​អេឡិចត្រូនិក​ជិត ១០ ​ក្រុមហ៊ុន​ត្រូវ​បាន CDC អនុម័ត​។ គម្រោង​ទាំងនោះ​មានដូចជា គម្រោង​សាងសង់​រោងចក្រ​ផលិត​សម្ភារ​អគ្គិសនី​គ្រឿង​បង្គុំ​អំពូល​ភ្លើង គ្រឿង​បង្គុំ​សម្ភារ​អេឡិចត្រូនិក ផ្ទាំង​កញ្ចក់​សូឡា និង​ផលិត​សម្ភារ​បរិក្ខារ​សម្រាប់​ចង្ក្រាន BBQ ជាដើម​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) បាន​និយាយ​ថា កំណើនការ​នាំចេញ​ម៉ាស៊ីន​បរិធាន និង​សម្ភារ​អគ្គិសនី គឺជា​ពិពិធកម្ម​ថ្មី​មួយទៀត​នៃ​ការនាំចេញ​របស់​កម្ពុជា​ដែល​កំណើន​នេះ​នឹង​រួមចំណែក​ដល់​ការលើក​តម្កើង​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបង្កើត​ការងារ​ក៏ដូចជា​ជំនាញ​ថ្មីៗ​សម្រាប់​ពលករ​កម្ពុជា​។

លោក​បន្តថា បច្ចុប្បន្ន​រោងចក្រ​ផលិត​ម៉ាស៊ីន​បរិធាន និង​សម្ភារ​អគ្គិសនី គេ​ឃើញ​កើនឡើង​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​។

លោក​អះអាង​ថា​៖ «​បើ​ការផលិត​ក្នុង​វិស័យនេះ​កាន់តែ​រីកចម្រើន ហើយ​ក្រុមហ៊ុន​ដែល​ចូល​មក​វិនិយោគ​សុទ្ធតែ​ជា​ក្រុមហ៊ុន​មាន​កេរ្តិ៍ឈ្មោះ​លំដាប់​អន្តរជាតិ​នោះ ខ្ញុំ​រំពឹងថា​ការនាំចេញ​ផលិតផល​ក្នុង​វិស័យនេះ​នឹង​មាន​ភាពរីកចម្រើន និង​អាច​ពង្រីក​ខ្លួន​បាន​កាន់តែ​ធំ​នៅពេល​អនាគត​»៕