ភ្នំពេញៈ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់ប្រទេសកម្ពុជា បានមើលឃើញកំណើនយ៉ាងខ្លាំងដល់ប្រមាណ ៤ ពាន់លានដុល្លារនៅឆមាសទី ១ ឆ្នាំនេះ ជាកំណើនពីរខ្ទង់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ NBC។
ជាមួយនឹងកំណើនដ៏ខ្លាំងនេះ អ្នកនៅក្នុងឧស្សាហកម្មនេះ លើកឡើងថា ប្រហែលដោយសារតែការលក់កាន់តែរឹងមាំទៅកាន់ទីផ្សារអាមេរិក។
របាយការណ៍ពាក់កណ្ដាលឆ្នាំរបស់ ធនាគារជាតិនៃកម្ពុជា (NBC) បង្ហាញថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា រួមបញ្ចូលគ្នាមានតម្លៃប្រមាណ ៤ ពាន់លានដុល្លារ កើនឡើង១១ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៦។
ល្បឿនកំណើននេះកើនឡើងជិតពីរដង ធៀបនឹងកំណើន ៦,៩ភាគរយកាលពីឆមាសទី ១ ឆ្នាំ ២០១៧ ។ នេះបើយោងតាមរបាយការណ៍។
ទោះបីយ៉ានេះក្តី របាយការណ៍របស់ NBC មិនបានផ្ដល់ព័ត៌មានលម្អិតពីមូលហេតុនៃកំណើននេះទេ។