ភ្នំពេញៈ ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ នេះ​សម្រេចបាន​ប្រមាណ ១៦ ​ពាន់​លាន​ដុល្លារ​កើន​ជាង​ ១៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ទោះបីជា​ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​ធ្វើឱ្យ​អាក់ខាន​ដល់​ការផលិត និង​បន្ថយល្បឿន​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ក៏ដោយ​។

ទិន្នន័យបឋម​ពី​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​ផ្សាយ​ផ្ទាល់​ពិសេស​កាលពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​មាន ៣២ ​ពាន់​លានដុល្លារ​ក្នុង​នោះ​ការនាំ​ចេញពី​កម្ពុជា​មាន​ប្រហែល ១៦ ​ពាន់លាន​ដុល្លារ​។

លោក​បាន​បន្តថា កម្ពុជា​ទទួល​បាន​កំណើន​ខ្លាំង​ផ្នែក​ផលិតផល​កសិកម្ម​សំខាន់ៗ​ទាំង​ ៧ ដែលមាន​តម្លៃ សរុប ៣,៨១ ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ការនាំចេញ​អង្ករ​មាន​ ៦៧៥ ០០០ តោន​កើនឡើង ១១,១១ ​ភាគរយ ឬ​មានតម្លៃ ៥១៤ ​លាន​ដុល្លារ ដំឡូងមី​ជាង ៧ ​លាន​តោន​​ តម្លៃ​ជាង ១ ​ពាន់លាន​ដុល្លារ ស្វាយចន្ទី ២១៨ ៨៨៤​ តោន តម្លៃ ២៨៨ ​លានដុល្លារ ស្វាយ​ ៨៥០ ០០០ ​តោន តម្លៃ ៤៧៣ ​លាន​ដុល្លារ ចេក​អំបូង​លឿង ៣១៣​ តោន​តម្លៃ ៥៥១ ​លាន​ដុល្លារ មៀន​ប៉ៃលិន ១៧៤ ​តោន តម្លៃ​ ៥៧ ​លាន​ដុល្លារ ម្រេច​តម្លៃ ២៥ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ទោះបី​ (​យើង​ទទួលរង​ផលប៉ះពាល់​) ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​-១៩ ក៏​ការនាំចេញ​របស់​យើង​នៅតែមាន​ដំណើរការ​ល្អ​។ ​យើង​ទទួលបាន​ការកើនឡើង​ជាច្រើន​ផ្នែក​ផលិតផល​កសិកម្ម​»​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​ពន្យល់ថា​៖ «​សម្រាប់​ទីផ្សារ​នាំចេញ​របស់​យើង​គឺ​បន្ត​ពង្រីក​ទីផ្សារ ខណៈ​ទីផ្សារ​កសិកម្ម​របស់​យើង​កំពុង​កើនឡើង​។ ជាមួយ​គ្នា​នេះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់​ (RCEP) ​បាន​ចុះហត្ថលេខា​រួចហើយ​ដែល​នឹងមាន​ទីផ្សារ​ផ្សេងទៀត​ដូចជា ជប៉ុន អូស្ដ្រាលី ចិន នូវែលសេឡង់​។​ល​។ យើង​ក៏បាន​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ហើយ​យើង​នឹងមាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង និង​ជាមួយ​ប្លុក​សហភាព​សេដ្ឋកិច្ច​អឺរ៉ូ​អាស៊ី​ (Eurasia) ​ផងដែរ​»​។

លោក ខែន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ឱ្យ​ដឹងថា ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​សរុប​បាន​ធ្លាក់ចុះ​ប្រមាណ ១០ ​ភាគរយ​ក្នុង​រយៈពេល ១០ ​ខែ​ដំបូង​ឆ្នាំនេះ​។ លោក​បន្ថែមថា​៖ «​ខ្ញុំ​មិនមាន​ទិន្នន័យ​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល ១០ ​ខែ​ដំបូង​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ធ្លាក់ចុះ​ប្រហែល ១០ ​ភាគរយ​»​។

លោក​លើកឡើង​ថា​៖ «​និន្នាការ​សម្រាប់​ឆ្នាំ​ ២០២១ នឹង​ពឹង​ផ្អែកលើ​ស្ថានការណ៍​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ទីផ្សារ​រៀងៗ​ខ្លួន​។ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ​នៅពេល​នេះ​»​។

ទិន្នន័យ​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា ទំហំ​ការនាំចូល និង​ការនាំចេញ​សរុប​របស់​កម្ពុជា​មាន​តម្លៃ ៣៦,៧ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។

ការនាំចេញ​មាន​ចំនួន​ ១៤,៥៣ ​ពាន់​លាន​ដុល្លារ កើនឡើង ១២,៧ ភាគរយ និង​ការ​នាំចូល​មាន​ចំនួន ២២,១៩ ​ពាន់​លាន​ដុល្លារ​ កើនឡើង​ ១៨,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ទោះជា​យ៉ាងណា​ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៃ​ពិភពលោក​បន្ត​កើនឡើង​កាលពី​ឆ្នាំមុន​ដល់​ ៧,៦៦ ​ពាន់​លាន​ដុល្លារ​ កើនឡើង ៣១,៦ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

អាមេរិក​គឺជា​ទីផ្សារ​ធំជាងគេ​របស់​កម្ពុជា​ដោយ​មាន​ចំនួន​ ២៩,៦ ​ភាគរយ​នៃ​ការនាំចេញ​សរុប​កាលពី​ឆ្នាំមុន​។

ការនាំ​ចូល​របស់​កម្ពុជា​ភាគច្រើន​មកពី​ប្រទេស​ចិន​ដែល​មាន ៤៣,១ ​ភាគរយ​នៃ​ចំនួន​សរុប​កាលពី​ឆ្នាំ​ ២០១៩​។ ថៃ​ជា​ប្រទេស​ទី​ ២ ​មាន​ចំនួន​ ១៥,៥ ​ភាគរយ វៀតណាម ១៣,៦ ​ភាគរយ ជប៉ុន​ចំនួន ៤,៧ ​ភាគរយ និង​ប្រទេស​កូរ៉េខាងត្បូង ៣,៤ ​ភាគរយ​៕ LA