ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​សម្រេចបាន​ជាង​ ២០ ​ម៉ឺន​តោន​កើន ២០,៥១ ​ភាគរយ​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​យ៉ាងហោច​ប្រទេស​ ១០ ​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២០ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ក្រុមហ៊ុន​ជប៉ុន​បាន​ចាប់​ដៃគូ​ជាមួយ​សិប្បកម្ម​ក្នុងស្រុក​ដើម្បី​ពង្រីក​ផលិតកម្ម និង​ត្រៀម​នាំចេញ​។ ​នេះ​បើ​យោងតាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​ពី​ក្រសួង​នេះ​បានឱ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​ស្វាយចន្ទី​ក្នុង​រយៈពេល​នេះ​ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​មួយចំនួន​ដូចជា វៀតណាម ថៃ ជប៉ុន រុស្ស៊ី ចិន ហុងកុង បារាំង កូរ៉េ តួកគី និង​បង់ក្លាដែស​។

អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ម៉ាដាមហួត​ស្ថិតនៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​ ក្នុង​រយៈពេល ៩ ​ខែ​នៃ​ឆ្នាំនេះ សិប្បកម្ម​នេះ​បាន​កែច្នៃ​គ្រាប់ស្វាយចន្ទី​ប្រមាណ​ ៤០ ​តោន​រួច​លក់​ចេញ​សម្រាប់​ទីផ្សារ​ក្នុងស្រុក ខណៈ​ពេញ​ ១ ​ឆ្នាំ​ ២០១៩ សិប្បកម្ម​នេះ​បាន​កែច្នៃ​នឹង​លក់​គ្រាប់ស្វាយចន្ទី​ចំនួន​ ៥០ ​តោន​ប៉ុណ្ណោះ​។

អ្នកស្រី ឡៃហួត បាន​កត់សម្គាល់​ថា តម្រូវការ​ទីផ្សារ​ក្នុងស្រុក​បាន​រង​ផលប៉ះពាល់​ដោយសារ​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​បរទេស​ក្នុង​ឆ្នាំ​នេះ​បណ្តាល​មកពី​ការរីក​រាលដាល​កូវីដ ​១៩​។

អ្នកស្រី​ថ្លែងថា​៖ «​ទីផ្សារ​គ្រាប់ស្វាយចន្ទី​កំពុង​ថយចុះ​បន្តិច​ដោយសារ​ការធ្លាក់​ចុះ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​ផ្ទុះ​ខ្លាំង ប៉ុន្តែ​សិប្បកម្ម​ខ្ញុំ​នៅតែ​បន្ត​ផលិត​កែច្នៃ​ជាធម្មតា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​»​។

អ្នកស្រី ឡៃហួត ក៏​ជា​ប្រធាន​សមាគម​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ​ដែលមាន​សមាជិក​ ៣៣ ​គ្រួសារ​ កំពុង​ដាំដុះ​ស្វាយចន្ទី​លើ​ផ្ទៃដី​សរុប ៣៤៤ ហិកតា​ នៅក្នុង​ខេត្តកំពង់ធំ ដែល​ទើបបាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ពង្រីក​សិប្បកម្ម​កែច្នៃ​។

ដោយ​សម្លឹង​ឃើញ​ពី​សក្តានុពល​ទីផ្សារ​គ្រាប់ស្វាយចន្ទី​នៅ​ទីផ្សារ​អន្តរជាតិ ក្រោយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ នៅ​ទូទាំង​សកលលោក អ្នកស្រី​បាននិង​កំពុង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ដោយ​សាងសង់​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ថ្មី​ ១ ​ដែល​មាន​សមត្ថភាព​កែច្នៃ​ស្វាយចន្ទី​ ៣ ​តោន ​ក្នុង​ ១ ​ថ្ងៃ និង​មានលទ្ធភាព​បក​គ្រាប់ស្វាយចន្ទី​ស្រស់ ១០ ​តោន​ ក្នុង​ ១ ​ថ្ងៃ​។

រោងចក្រ​នេះ​សាងសង់​អស់ ២០ ​ម៉ឺន​ដុល្លារ ​ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំនេះ​ដោយ​រំពឹងថា​នឹង​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ជា​លើកដំបូង​ចំនួន​ ៩០ តោន​ ក្នុង​ ១ ​ឆ្នាំ​ តាមរយៈ​ក្រុមហ៊ុន Top Planning Japan Co.​។

អ្នកស្រី​បន្តថា​៖ «​នៅ​ឆ្នាំនេះ ខ្ញុំ​ទទួលបាន​ទីផ្សារ​ធំៗ​ចំនួន​ ២ ដែល​បាន​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​ក្នុងស្រុក​ «​សហករណ៍​ខ្មែរ​សិរីរាង្គ​» ​ប្រមាណ ៣០០ គីឡូក្រាម​ក្នុង ១ ​ខែ​ហើយ​ក្រៅពីនេះ ខ្ញុំ​នឹង​លក់រាយ​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​»​។

ជាទូទៅ​គេ​ប្រមូលផល​ស្វាយចន្ទី​ចាប់ពី​ដើមខែ​មីនា​រហូតដល់​ខែ​ឧសភា​។ ក្នុង​រដូវ​ប្រមូលផល​ស្វាយចន្ទី​នៅ​ឆ្នាំ​ ២០២០ មានតម្លៃ​នៅ​ដើមរដូវ​ចន្លោះ​ពី​ ៦ ៨០០ ទៅ ​៧ ០០០ រៀល និង​តម្លៃ​ចុងរដូវ​ចន្លោះ​ពី​ ៤ ៧០០ ​ទៅ​ ៥ ០០០ រៀល​ ក្នុង ១ ​គីឡូក្រាម​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សម្គាល់ថា គ្រាប់ស្វាយចន្ទី​កំពុង​មាន​ទីផ្សារ​ល្អ​មាន​ឈ្មួញ​ជាច្រើន​មករក​ទិញ​នៅ​សិប្បកម្ម​របស់​ខ្ញុំ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ឱ្យ​តែ​មាន​គ្រាប់ស្វាយចន្ទី មិន​ខ្វះ​អ្នកទិញ​នោះទេ​»​។

បើ​តាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ ១ ៥០០ លាន​ដុល្លារ​ កាលពី​ឆ្នាំ ២០១៩ កើន​ពី​ជិត ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៣​។

ប្រទេស​កម្ពុជា​ នាំចេញ​ស្វាយចន្ទី ២០២ ៣១៨ ​តោន កាលពី​ឆ្នាំ​ ២០១៩ ​កើន​ជិត​ ១០០ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ផ្ទៃដី​សរុប​នៃ​ការដាំដុះ​ស្វាយចន្ទី​មាន​ចំនួន ១៤៩ ៦៦០ ហិកតា​នៅ​ទូទាំង​ប្រទេស​៕ LA