ភ្នំពេញៈ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈពេល​ ៥ ​ខែ​ដើមឆ្នាំ​ ២០២០ សម្រេចបាន​ជាង​ ៣៥ ​ម៉ឺនតោន​កើនឡើង ៤២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ក្នុង​នោះ​ការនាំ​ទៅ​សហភាព​អឺរ៉ុប​មាន​បរិមាណ និង​អត្រាកំណើន​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​បើតាម​របាយការណ៍​នាំចេញ​អង្ករ​កម្ពុជា​ប្រចាំ​ខែ​ឧសភា ឆ្នាំ​ ២០២០​។

របាយការណ៍​បាន​ឲ្យ​ដឹងថា ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ​ក្នុង​រយៈពេល​ ៥ ​ខែ​ដើមឆ្នាំ​ ២០២០ មាន​ចំនួន ៣៥៦ ០៩៧ ​តោន កើន​ ៤២,៣៤ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ ៥ ​ខែ​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ២៥០ ១៧២ ​តោន​។

ក្នុងនោះ​ការនាំចេញ​ទៅកាន់​សហគមន៍​អឺរ៉ុប​មាន ១២២ ០១០ ​តោន កើន ៥១,១០ ​ភាគរយ​ធៀប​នឹង​ចំនួន ៨០ ៧៤៩ ​តោន​កាលពី​រយៈពេល ៥ ​ខែ​ឆ្នាំ​ ២០១៩ ទីផ្សារ​ប្រទេស​ចិន​មាន​ចំនួន ១៣៦ ៨២៥ ​តោន កើន ២៥,២៦ ​ភាគរយ ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ចំនួន ៤៥ ៨២៥ ​តោន​កើន ៤៥,៣៩ ​ភាគរយ និង​ទិសដៅ​ផ្សេងៗ​ទៀត​មាន​ចំនួន ៥១,៤៣៧ ​តោន កើនឡើង កើនឡើង ៧៩,៤០ ​ភាគរយ​។

សម្រាប់​បរិមាណ​នាំចេញ​ក្នុង​រយៈពេល ៥ ​ខែ​ខាងលើ​គឺ​អង្ករ​ក្រអូប​មាន​ប្រមាណ ៨១,២៤ ​ភាគរយ​ ស្មើនឹង ២៨៩ ២៨៧ ​តោន អង្ករ​ចម្រុះ​មាន ៦២ ៧៧៩ តោន និង​អង្ករ​ចំហុយ មាន ៤ ០៣១ ​តោន​។

ដោយឡែក​ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០២០ ​នេះ​ការនាំចេញ​អង្ករ​សម្រេច​បាន ៥៥ ៨៤៥ តោន កើន ៥៣,៣៨ ​ភាគរយ​ធៀប​នឹង​ខែឧសភា ឆ្នាំ​ ២០១៩ ក្នុងនោះ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន ៥១ ៦៨៣ តោន អង្ករ​ចម្រុះ​គ្រប់​ប្រភេទ ៣ ៥៧៨ តោន និង​អង្ករ​ចំហុយ​មាន ៥៨៤ តោន​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​នាំចេញ​អង្ករ Signatures of Asia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ចាប់តាំងពី​ដើម​ឆ្នាំ​ ២០២០ ការនាំចេញ​អង្ករ​បាន​កើនឡើង​ជា​បន្តបន្ទាប់ ជាពិសេស​បន្ទាប់ពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឲ្យ​តម្រូវការ​ស្តុក​ទុក​ស្បៀងអាហារ​កើនឡើង​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។ លោក​បន្តថា កំណើន​នៃ​ការនាំ​នេះ​គឺមាន​ទៅគ្រប់​ទិសដៅ​ក្នុង​នោះ​មាន​ទីផ្សារ​ចំនួន​ដែល​កំពុង​មាន​កំណើន​នៃ​ការបញ្ជាទិញ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ដូចជា ប្រទេស​អូស្ត្រាលី​ជាដើម​។

លោក​ថ្លែងថា​៖ «​វា​ជា​សញ្ញា​ល្អ​សម្រាប់​ទីផ្សារ​អង្ករ​កម្ពុជា ពិសេស​អង្ករ​ក្រអូប ដែលមាន​កំណើន​នៃ​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​»​។

ទោះយ៉ាងណា ដោយសារ​តែ​កំណើន​នាំចេញ​អង្ករ​ពេលនេះ​មាន​ជាប់ទាក់ទង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ លោក ចាន់ ពេជ្រ អះអាង​ថា មិនទាន់​ហ៊ាន​សន្និដ្ឋាន​បែប​ណា​ទេ​ចំពោះ​ការនាំចេញ​នៅពេល​ខាងមុខ ព្រោះ​ស្ថានភាព​នៃ​ការគ្រប់គ្រង​ជំងឺ​នេះ និង​ការស្តុក​ទុក​ស្បៀង​នៅតាម​ប្រទេស​នីមួយៗ​ក៏មាន​ច្រើន​ដែរ​ពេល​នេះ​។

លោក កាន់ គន្ធី អគ្គនាយករង​ក្រុមហ៊ុន​នាំចេញ​អង្ករ Amru Rice មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​កាលពី​ចុង​សប្តាហ៍​ថា ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូវីដ​១៩ កំពុង​បន្ត​ការរីករាលដាល​នៅ​ស្ទើរ​គ្រប់​ប្រទេស​លើ​ពិភពលោក​គឺ​ប្រហែល​មាន​តែ​ការនាំចេញ​អង្ករ​ប៉ុណ្ណោះ​ដែល​មិន​រង​ផលប៉ះពាល់​។ លោក​បន្តថា ជាមួយ​នឹង​ភាពវិជ្ជមាន​នេះ លោក​គិត​ថា​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​អាច​សម្រេច​បាន​រហូតដល់ ៨០ ​ម៉ឺន​តោន ​នៅក្នុង​ឆ្នាំ​ ២០២០ នេះ​។

លោក​ថ្លែងថា​៖ «​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​សេដ្ឋកិច្ច​កម្ពុជា និង​ពិភពលោក​ស្ទើរ​គ្រប់​វិស័យ ក៏ប៉ុន្តែ​កូវីដ ១៩ ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា វិស័យ​កសិកម្ម និង​ស្បៀងអាហារ​ពិតជា​មាន​សារ:សំខាន់​។ វា​ក៏​ជា​ឱកាស​ដែល​កម្ពុជា​ត្រូវ​យកចិត្ត​ទុកដាក់ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែម​ឲ្យ​អស់​សក្តានុពល​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ការកើនឡើង​បរិមាណ​នាំចេញ​នៅពេល​នេះ​គឺ​ជាប់ទាក់ទង​នឹង​ក្តីបារម្ភ​របស់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ពី​កង្វះខាត​ស្តុក​ស្បៀងអាហារ​នា​អំឡុងពេល​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។ លោក​បន្តថា​នេះ​គឺជា​ឱកាស​ដែល​បង្ហាញថា កម្ពុជា​ត្រូវតែ​ខិតខំ​ក្នុង​ការពង្រឹង និង​ពង្រីក​ការដាំដុះ និង​បង្កើន​ផល​កសិផល​ដែល​ទាក់ទង​នឹង​ចំណីអាហារ​ឲ្យ​បាន​កាន់តែ​ខ្លាំង​បន្ថែមទៀត​។

លោក​និយាយថា​៖ «​កូវីដ​ធ្វើឲ្យ​ប៉ះពាល់​ការនាំចេញ​ផលិតផល​កសិឧស្សាហកម្ម ប៉ុន្តែ​សម្រាប់​វិស័យ​ផលិតផល​កសិកម្ម​ចំណីអាហារ​គឺ​មាន​ភាពល្អប្រសើរ​ខ្លាំង​»​។

លោក​បន្ថែមថា ជាមួយ​ភាពអំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ និង​អាកាសធាតុ កម្ពុជា​នៅមាន​ឱកាស​ច្រើន​ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​ចូលមក​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម​។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​ ៦២០ ១០៦ ​តោន ​ធ្លាក់ចុះ ០,៩៧ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៦២៦ ២២៥ ​តោន​។ ក្នុងនោះ​ប្រាក់​ទទួលបាន​មាន​ចំនួន ៥០១ ​លាន​ដុល្លារ​ ធ្លាក់ចុះ ៤,៣ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​តម្លៃ ៥២៤ លាន​ដុល្លារ​៕ LA