ភ្នំពេញៈ ការនាំចេញឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិច (Electrical Equipments, Parts thereof, Machinery and Mechanical Appliances) ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំ ២០២០ មានតម្លៃប្រមាណជិត ២៦៥ លានដុល្លារកើនឡើងជាង ៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
ទិន្នន័យនាំចេញរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្មដែលភ្នំពេញប៉ុស្តិ៍ទទួលបានចុងសប្តាហ៍មុនបង្ហាញថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ ការនាំចេញឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចមានតម្លៃសរុប ២៦៤,៨៩ លានដុល្លារកើន ៣៣,៤ ភាគរយពីចំនួន ១៩៨,៥១ លានដុល្លារកាលពីរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ប្រទេសដែលនាំចូលផលិតផលឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចពីកម្ពុជាច្រើនជាងគេរួមមាន ប្រទេសថៃ ចិន ជប៉ុន និងអាមេរិក។
យោងតាមទិន្នន័យខាងលើមានឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិច សរុប ៧២ មុខដែលត្រូវបាននាំចេញក្នុងរយៈពេលនេះ ដោយស្មើនឹងទម្ងន់សរុប ២៧ ២៧៣ តោន។
ឧបករណ៍ទាំងនោះមានដូចជា ខ្សែចម្លងអគ្គិសនី, យ៉ូត, ត្រង់ស៊ីស្ទ័រ, ឧបករណ៍បឺតខ្យល់, ម៉ូទ័រអគ្គិសនី ម៉ាស៊ីនជនិតាអគ្គិសនី (មិនរាប់បញ្ចូលម៉ាស៊ីនភ្លើង), ឧបករណ៍មេកានិចអគ្គិសនីប្រើប្រាស់ក្នុងផ្ទះដែលមានភ្ជាប់ម៉ូទ័រអគ្គិសនី និងសៀគ្វីអេឡិចត្រូនិកចម្រុះជាដើម។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា បើទោះបីជាលោកកំពុងជួបប្រទះនឹងការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែការនាំចេញឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចផលិតនៅកម្ពុជាទៅទីផ្សារអន្តរជាតិមិនបានធ្លាក់ចុះទេក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២០ ដោយមានកំណើនជាង ៣៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។
លោកបន្តថា ការនាំចេញក្នុងវិស័យនេះមិនបានទទួលរងផលប៉ះពាល់ដូចវិស័យកាត់ដេរ និងវាយនភណ្ឌឡើយ បើទោះបីភាគច្រើននៃប្រទេសដែលជាគោលដៅនាំចេញពីកម្ពុជាកំពុងស្ថិតក្នុងកាលៈទេសៈបិទប្រទេសដោយសារកូវីដ១៩ ក៏ដោយ។
លោកថ្លែងថា៖ «ជារួមការនាំចេញគ្រឿងផ្គុំអេឡិចត្រូនិករបស់យើង គឺសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រសហគ្រាសផលិតឧបករណ៍អេឡិចត្រូនិកនៅបរទេស ដែលមានកិច្ចសន្យាទិញគ្រឿងផ្គុំ ឬជួលឲ្យរោងចក្រនៅកម្ពុជាផលិតគ្រឿងផ្គុំឲ្យខ្លួន ហើយដែលកិច្ចសន្យាទាំងនោះនៅជាធរមាននៅឡើយ។ ម្យ៉ាងទៀត រោងចក្រផលិតរបស់យើងដែលទទួលកិច្ចសន្យាផលិតរួចហើយ ក៏នៅបន្តសកម្មភាពផលិត និងនាំចេញរបស់ខ្លួនជាធម្មតា ទោះបីក្នុងកាលៈទេសៈកូវីដ ១៩ នេះក្ដី»។
លោកប្រាប់ទៀតថា ការវិនិយោគនៅក្នុងវិស័យផលិតឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចនៅកម្ពុជាត្រូវរំពឹងថា នឹងមានកំណើនបន្ថែមទៀតនៅពេលខាងមុខ ខណៈរដ្ឋាភិបាលកំពុងមានយុទ្ធសាស្ត្រក្នុងការលើកស្ទួយឧស្សាហកម្មស្រាល ពិសេសឧស្សាហកម្មរៀបចំផ្គុំ ដំឡើង ឧស្សាហកម្មផលិតគ្រឿងផ្គុំ ដែលជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។
លោកអះអាងថា៖ «រាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យមានការធ្វើវិនិយោគកាន់តែច្រើនចំពោះវិស័យដែលនាំមកនូវការផ្ទេរបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗដើម្បីលើកកម្ពស់កម្រិតជំនាញរបស់កម្មករ ពលករយើង និងដើម្បីត្រៀមខ្លួនសម្រាប់ការឈានទៅរកឧស្សាហកម្ម ៤.០ ផងដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា ភាពទាក់ទាញនៃគោលនយោបាយវិនិយោគរបស់កម្ពុជាព្រមជាមួយការកើតមានជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកដែលបណ្តាលឲ្យប្រទេសទាំង ២ បង្កើនការយកពន្ធពីទំនិញនាំចូលរវាងខ្លួនកំពុងតែផ្តល់ឱកាសឲ្យកម្ពុជាស្រូបអ្នកវិនិយោគលើវិស័យផលិតឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចជាច្រើនចូលមកបណ្តាក់ទុននៅកម្ពុជា។
លោកនិយាយថា៖ «ខ្ញុំមានជំនឿថា ការវិនិយោគ និងការនាំចេញរបស់កម្ពុជាលើគ្រប់វិស័យនឹងមានកំណើនជាបន្តបន្ទាប់នៅពេលអនាគត»។
កាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចេញឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃសរុប ៦៩០,១៨ លានដុល្លារ។ នេះបើយោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម៕ LA