ភ្នំពេញៈ កម្ពុជា​គ្រោង​នឹង​ចរចា​ជាមួយ​ថៃ​ក្នុង​ការទិញ​ថាមពល​អគ្គិសនី​ ៣០០ ​មេហ្គាវ៉ាត់​បន្ថែម ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះ​ថាមពល​។ នេះ​បើតាម​ក្រសួង​រ៉ែ និង​ថាមពល​។

លោក Victor Jona អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​នឹង​ចរចា​ជាមួយ​អាជ្ញាធរ​អគ្គិសនី​ថៃ (Egat) នៅ​ចុងខែ​វិច្ឆិកា ឬ​ដើមខែ​ធ្នូ​ឆ្នាំនេះ ដើម្បី​ទិញ​អគ្គិសនី​ពី​ថៃ​ ៣០០ ​មេហ្គាវ៉ាត់​ដែល​នឹង​ប្រតិបត្តិការ​នៅ​ឆ្នាំ​ ២០២៤​។ លោក​បាន​បន្តថា​៖ «​យើង​ទិញ​អគ្គិសនី​បន្ថែម​ពី​ប្រទេស​ថៃ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​»​។

លោក Jona បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​បាន​ទិញ​អគ្គិសនី​ពី​ប្រទេស ​ថៃ ប្រហែល​ពី​ ១០០ ​មេហ្គាវ៉ាត់ ​ទៅ ១៥០ ​មេហ្គាវ៉ាត់ ​រួចហើយ​ចាប់​តាំងពី​ឆ្នាំ​ ២០០០​។ លោក​លើកឡើង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ដោយ​ខ្លួនឯង​បាន ២០០០ មេហ្គាវ៉ាត់​ ប៉ុន្តែ​ចាំបាច់​ត្រូវ​ទិញ​អគ្គិសនី​បន្ថែម​ក្នុង​ចន្លោះ​ពី​ ២០ ​ភាគរយ​ដល់​ ២៥ ​ភាគរយ​ពី​ប្រទេស​ជិតខាង​។

លោក Patana Sangsriroujana អនុប្រធាន​ទទួលបន្ទុក​គោលនយោបាយ និង​ផែនការ​បាន​ប្រាប់​កាសែត Bangkok Post ថា​អាជ្ញាធរ​អគ្គិសនី​ថៃ​បាន​ចាត់តាំង​លោក Sontirat Sontijirawong រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​ក្នុង​ការចរចា​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រទេស​មីយ៉ាន់ម៉ា​អំពី​ពាណិជ្ជកម្ម​ថាមពល​នៅពេល​អនាគត​។ លោក​បាន​ថ្លែងថា​៖ «​ការលក់​ឲ្យ​ប្រទេស កម្ពុជា ​នឹង​ធ្វើ​ឡើង​លឿន​ជាង​ប្រទេស​ មីយ៉ាន់ម៉ា​ ដោយសារ​ខ្សែ​បញ្ជូន​ថាមពល​មួយ​ចំនួន​ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា​»​។

លោក​បាន​ឲ្យ​ដឹងថា ពាណិជ្ជកម្ម​អគ្គិសនី​ទៅ​ប្រទេស​ទាំងពីរ​គួរតែ​ចាប់ផ្ដើម​ត្រឹម​ឆ្នាំ​ ២០២៣​។ រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​របស់​ប្រទេស​ទាំងបី​នេះ​ចាំបាច់​ត្រូវ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​។

រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​រួចហើយ​ក្នុង​ការទិញ​អគ្គិសនី ២ ៤០០​ ​មេហ្គាវ៉ាត់​ ពី​រោងចក្រ​ថាមពល​ដំណើរការ​ដោយ​ធ្យូងថ្ម​របស់​ប្រទេស​ឡាវ​ដែល​ជា «​ការផ្គត់ផ្គង់​មាន​ការធានា​របស់​រដ្ឋាភិបាល​ឡាវ​»​។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​គណៈរដ្ឋមន្ដ្រី​កាលពី​ខែ​កញ្ញា​។

ឯកសារ​បង្ហាញថា ទំហំ​វិនិយោគ​នៃ​គម្រោង​ទាំងពីរ​នេះ​មាន​ចំនួន​សរុប ៤ ៩៧០ ​លាន​ដុល្លារ​អាមេរិក​ដែល​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ​អណ្ដូងរ៉ែ​ធ្យូងថ្ម រោងចក្រ​ថាមពល អនុស្ថានីយ និង​ខ្សែ​បញ្ជូន​អគ្គិសនី​ទៅ​ព្រំដែន​របស់​ប្រទេស​កម្ពុជា និង​ឡាវ​។

ប្រទេស​ កម្ពុជា​ បច្ចុប្បន្ន​នាំចូល​ថាមពល ៤៤២,៥ ​មេហ្គាវ៉ាត់​ ពី​បណ្ដា​ប្រទេស​ជិតខាង​ក្នុង​ចំណោម​នេះ​ ២៧៧ មេហ្គាវ៉ាត់​ ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម ១៣៥,៥ មេហ្គាវ៉ាត់ ​នាំចូល​ពី​ប្រទេស​ ថៃ និង​ ៣០ ​មេហ្គាវ៉ាត់​នាំ​ចូល​ពី​ប្រទេស​ ឡាវ​៕ LA