
មូលបត្ររដ្ឋនឹងត្រូវចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងពេលឆាប់ៗនេះ។ ហុង មិនា
ភ្នំពេញ: ព្រឹទ្ធសភាកាលពីថ្ងៃចន្ទបានអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី «មូលបត្ររដ្ឋ» ដែលជាការបើកផ្លូវឱ្យរដ្ឋាភិបាលក្នុងការរៀបចំចេញបោះផ្សាយ ជួញដូរ និងគ្រប់គ្រង ដើម្បីប្រមូលមូលនិធិពីសាធារណជនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ អ្នកនៅក្នុងឧស្សាហកម្មនេះសង្ឃឹមថា រដ្ឋាភិបាលនឹងប្រកាសឱ្យប្រើប្រាស់ច្បាប់នេះនៅឆ្នាំក្រោយ។
សមាជិកព្រឹទ្ធសភាចំនួន ៥៧ រូបបានអនុម័តទាំងស្រុងទៅលើសំណើច្បាប់នេះក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី ៦ នីតិកាលទី ៤ បន្ទាប់ពីសំណើច្បាប់នេះត្រូវបានផ្ដល់ការយល់ព្រមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីដើមខែកញ្ញា។
មូលបត្ររដ្ឋគឺជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលក្នុងការប្រមូលហិរញ្ញប្បទានពីវិស័យឯកជនទាំងក្នុងស្រុក និងពីបរទេសយកទៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
«ច្បាប់នេះមានគោលបំណងផ្ដល់នូវក្របខ័ណ្ឌរួមសម្រាប់គ្រប់គ្រងការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព»។ នេះបើតាមសេចក្តីព្រាងច្បាប់ចុងក្រោយដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានកាលពីថ្ងៃចន្ទ។
សំណើច្បាប់នេះបានឱ្យដឹងទៀតថា៖ «ព្រមទាំងធានាបាននូវចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈសំដៅរួមចំណែក ពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាលឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម អភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងទៀត»។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាបានឱ្យដឹងកន្លងមកថា មូលបត្ររដ្ឋាភិបាលគឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយដែលលោកជឿថា នឹងត្រូវចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ( CSX)។
លោកថ្លែងថា៖ «នៅពេលចុះបញ្ជីនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា វានឹងអាចឱ្យទីផ្សារនេះមានឧបករណ៍បំពេញបន្ថែមថ្មីផ្សេងទៀតសម្រាប់ការជួញដូរ ដោយសារតែបណ្ដាប្រទេសជិតខាងរបស់យើង ជាពិសេសវៀតណាមដែលការជួញដូរមូលបត្របំណុលរបស់រដ្ឋគឺកំពុងត្រូវបានជួញដូរយ៉ាងសកម្ម»។ លោកបានបន្ថែមទៀតថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនឹងសម្រេចចិត្តចុះបញ្ជីវានៅលើ CSX ដែលអាចឱ្យវិនិយោគិនសាធារណៈទាំងអស់អាចវិនិយោគបាន»។
លោក Jong Weon Ha អនុប្រធាន CSX បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីមូលបត្ររដ្ឋាភិបាលដោយព្រឹទ្ធសភា បង្ហាញពីការប្ដេជ្ញាចិត្តដោយស្ថាប័នព្រឹទ្ធសភាឆ្ពោះទៅរកការអភិវឌ្ឍវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងមើលឃើញថា ភាគីពាក់ព័ន្ធទាំងអស់បានធ្វើការងារដោយមិនខ្លាចនឿយហត់ក្នុងការនាំយកសេចក្ដីព្រាងច្បាប់នេះទៅដាក់លើតុ ហើយនៅពេលនេះសេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តរួចហើយ។ យើងរំពឹងថា ច្បាប់នេះនឹងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២១ ខាងមុខនេះដែលមានន័យថា យើងនឹងមានជម្រើសវិនិយោគដ៏សំខាន់បន្ថែមទៀតសម្រាប់ទាំងក្រុមវិនិយោគិនបុគ្គល និងវិនិយោគិនស្ថាប័ន»។
លោកលើកឡើងថា៖ «CSX ជាភាគីពាក់ព័ន្ធដ៏សំខាន់មួយក្នុងចំណោមភាគីពាក់ព័ន្ធជាច្រើននៅក្នុងទីផ្សារមូលបត្រ គឺពិតជាមានសេចក្ដីរីករាយសម្រាប់ព័ត៌មានដ៏ល្អនេះ ហើយយើងសង្ឃឹមថា ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងដើរតួនាទីដ៏ល្អនៅពេលអនាគតនៃទីផ្សារនេះទាំងមូល»។
លោកពន្យល់ថា មូលបត្ររដ្ឋ គឺជាប្រភេទនៃមូលបត្រដែលត្រូវបានផ្ដល់ដោយរដ្ឋាភិបាល ដើម្បីប្រមូលមូលនិធិពីសាធារណជនសម្រាប់គម្រោងអភិវឌ្ឍន៍រដ្ឋាភិបាល។ លោកបន្ថែមថា មូលបត្រប្រភេទនេះគឺមានហានិភ័យទាប បើធៀបនឹងមូលបត្រផ្សេងទៀត ហើយក្រុមវិនិយោគិនជាច្រើនដូចជាមូលនិធិសោធន មូលនិធិមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង និងធនាគារពាណិជ្ជកំពុងស្វែងរកការវិនិយោគ ដោយសារតែវាត្រូវបានគាំទ្រដោយរដ្ឋាភិបាល និងតំណាងឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងមូល។
លោក Ha បានថ្លែងថា៖ «មូលបត្ររដ្ឋនឹងដើរតួនាទីសំខាន់ក្នុងការធានាលំហូរសាច់ប្រាក់រដ្ឋាភិបាល ហើយនឹងក្លាយជាប្រភពមូលនិធិផ្សេងមួយទៀត ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍រដ្ឋាភិបាល ដែលជួយកាត់បន្ថយការពឹងផ្អែកលើប្រភពដែលមានស្រាប់ដូចជាការខ្ចីពីបរទេស»។
បច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជី ១៣ នៅកម្ពុជាក្នុងចំណោមនោះក្រុមហ៊ុន ៧ ចុះបញ្ជីភាគហ៊ុន និងក្រុមហ៊ុន ៦ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ១៣ នេះបានប្រមូលមូលនិធិរួមប្រហែល ២៥៣ លានដុល្លារ៕ LA