ភ្នំពេញៈ ​ប្រទេស​ចិន​បាន​ឲ្យ​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​របស់ខ្លួន​ដោយផ្ទាល់ បន្ទាប់ពី​រដ្ឋបាល​គយ​ចិន​បាន​អនុម័ត​ជា​ផ្លូវការ​ទទួលស្គាល់​ស្តង់ដា​ភូតគាម​អនាម័យ​រោងចក្រ​វេចខ្ចប់​ និង​ចម្ការ​ស្វាយ​សរុប ៤២ កាលពី​ថ្ងៃទី ២៦ មេសា ឆ្នាំនេះ។

ការអនុម័ត​នេះ​បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​គយ​ចិន (GACC) ប្រចាំខេត្ត​ក្វាងស៊ី​បាន​ត្រួតពិនិត្យ ចម្ការ​ស្វាយ និង​រោងចក្រ​ប្រព្រឹត្តកម្ម​លើ​សមាសភាព​ចង្រៃ​នៅលើ​ផ្លែស្វាយ តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លង​មក។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​ដឹងថា ជា​លទ្ធផល បន្ទាប់ពី​ការចរចា​បើក​ទីផ្សារ​អស់​រយៈពេល​ជាង ៣ ឆ្នាំ រដ្ឋបាល​គយ​ចិន​បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​ចម្ការ​ស្វាយ​ចំនួន ៣៧ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ៥ អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។

រោងចក្រ​វេចខ្ចប់​ទាំង ៥ នោះ​រួមមាន​ក្រុមហ៊ុន Hyundai Mao Legacy Co., Ltd ក្រុមហ៊ុន Shangda Jian Hui International Agriculture Product and Logistic និង ក្រុមហ៊ុន Al Jazeeland Food Pte. Ltd ព្រមទាំង​ក្រុមហ៊ុន ​Long Wo Agriculture (Cambodia) Co., Ltd និង​ក្រុមហ៊ុន​ BoeungKet Fresh Fruits Co., Ltd ។

លោក​រដ្ឋមន្ត្រី ថ្លែង​ទៀតថា​ក្រសួង​នឹង​រៀបចំ​ពិធី​ផ្លូវការ​នៃ​ការនាំចេញ​ផ្លែស្វាយ​នេះ​នៅ​សប្តាហ៍​នេះ​ដោយ​សហការ​ជាមួយ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹងថា៖ «ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាពិសេស​ឯកឧត្តម​អគ្គរដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​អនុញ្ញាត​ជា​ផ្លូវការ​ក្នុង​ការនាំ​ផ្លែស្វាយ​ស្រស់​ចេញពី​កម្ពុជា»។

ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​គឺជា​ផលិតផល​កសិកម្ម​ទី ២ បន្ទាប់ពី​ផ្លែ​ចេក​ស្រស់​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ចិន​ដោយផ្ទាល់។

លោក​រដ្ឋមន្ត្រី​អះអាង​ថា អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេចខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ចំនួន ៥៥ ហើយ​អគ្គនាយកដ្ឋាន​កសិកម្ម​កំពុង​បន្ត​ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ​ជា​បន្តបន្ទាប់​ទៀត។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែល​ជា​វិនិយោគ​លើ​ចម្ការ បាន​ស្វាគមន៍​ចំពោះ​សមិទ្ធផល​ថ្មី​នេះ ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

លោក ហ៊ុន ឡាក់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ទទួល​បាន​ទីផ្សារ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​កម្ពុជា​ដោយ​ផ្ទាល់​ទៅ​ចិន​នឹង​ជំរុញ​ឲ្យ​ម្ចាស់​ចម្ការ និង​អ្នក​នាំចេញ​បន្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ចម្ការ​របស់​ខ្លួន​ពី​លក្ខណៈ​គ្រួសារ​ទៅ​ជាលក្ខណៈ​ពាណិជ្ជកម្ម។

លោក​មាន​ប្រសាសន៍​ថា៖ «នេះ​មាន​ន័យ​ថា​ ផ្លែស្វាយ​នឹង​មាន​គុណភាព ស្តង់ដា​ស្រប​តាម​ការ​នាំចេញ​តម្រូវ នៅ​ពេល​កម្ពុជា​យើង​ទទួល​បាន​ការ​នាំចេញ​ផ្លូវ​ការ​ដូច​នេះ ម្ចាស់​ចម្ការ​ស្វាយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​នឹង​មាន​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្លែស្វាយ​ត្រូវ​តាម​ស្តង់ដា​របស់​អគ្គរដ្ឋបាល​គយ​ចិន។

លោក ហ៊ុន ឡាក់ ឲ្យ​ដឹង​ថា ភាគី​ទាំង ២ នឹង​ប្រារព្ធ​ពិធី​នាំចេញ​ផ្លូវ​ការ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ ដែល​កម្ពុជា​នឹង​អាច​នាំ​ចេញ​ជា​ផ្លូវការ​នៅ​ពេល​នេះ។

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «រដូវ​ស្វាយ​យើង​អាច​ប្រមូល​ផល​បាន​មួយ​លើក​ទៀត​ក្នុង​ខែ​ឧសភា​នេះ ដែល​អាច​នាំចេញ​បាន​មួយ​ចំនួន​ទៅ​ទីផ្សារ​ចិន»។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន កាល​ពី​ថ្ងៃទី ២៧ មេសា​ថា ផ្លែ​ស្វាយ​កម្ពុជា​នឹង​អាច​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន បាន​ហើយ បន្ទាប់​ពី​រដ្ឋបាល​គយ​ប្រទេស​ចិន បាន​ប្រកាស​ជា​ផ្លូវ​ការ​បញ្ជី​ឈ្មោះ​ចម្ការ​ដំណាំ​ស្វាយ និង​រោងចក្រ​វេចខ្ចប់​ដែល​បាន​ចុះបញ្ជី​ក្នុង​ការ​នាំចេញ​ផ្លែ​ស្វាយ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន។

ស្ថានទូត​ចិន​បាន​សរសេរ​ថា៖ «នេះ គឺ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន និង​កម្ពុជា ក្រោម​ស្ថានភាព​នៃ​ជំងឺ​វីរុស​កូវីដ ១៩ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវា​ងប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​កសិកម្ម»។

លោក​រដ្ឋមន្ត្រី​អះអាង​ថា អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ទទួល​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេចខ្ចប់​សម្រាប់​នាំចេញ​ផ្លែ​ស្វាយស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ចំនួន ៥៥ ហើយ​អគ្គនាយកដ្ឋាន​កសិកម្ម​កំពុង​បន្ត​ទទួល​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ​ជា​បន្ត​បន្ទាប់​ទៀត។

កាល​ពី​នៅ​ថ្ងៃទី ៩ ខែ​ មិថុនា ឆ្នាំ ២០២០ កម្ពុជា និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន៕