ភ្នំពេញៈ កម្ពុជា​បាន​បញ្ជាក់​ពី​ការចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន​លើក​ទី ​៣ ឆ្នាំ​ ២០២០ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ៥-១០ ខែវិច្ឆិកា ឆ្នាំ​ ២០២០ នៅ​ទីក្រុង​ស៊ាងហៃ​ប្រទេស​ចិន​ដើម្បី​ចាប់យក​ឱកាស​ពង្រីក​ការនាំចេញ និង​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (CCFTA) នឹងត្រូវ​ចុះហត្ថលេខា​នា​ពាក់កណ្តាល​ខែសីហា​នេះ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​នៅក្នុង​អំឡុងពេល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ពិព័រណ៍​នាំចូល អន្តរជាតិ​ចិន​លើក​ទី ៣ ឆ្នាំ​ ២០២០ រវាង​កម្ពុជា-ចិន​ដែល​ប្រព្រឹត្ត​ទៅ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ជាមួយ​នឹង​លោក SUN Chenhai អគ្គនាយករង​នៃ​ការិយាល័យ​ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។

លោក សូរស័ក្តិ បាន​លើកឡើង​ថា ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន​នាពេល​ខាងមុខ​គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​បណ្តា​ប្រទេស​ចូលរួម ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។ លោក​បន្តថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​ចូលរួម​ពិព័រណ៍​ទំនិញ​នាំចូល​អន្តរ​ជាតិចិន​លើក​ទី​ ៣ នេះ​រួចរាល់​ហើយ ជាមួយ​នឹង​ក្ដី​រំពឹងថា ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ លើ​ពិភពលោក​នឹងត្រូវ​គ្រប់គ្រង​បាន​ព្រមទាំង​មាន​ជើង​ហោះហើរ​ប្រក្រតី​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​ក្រសួង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​រៀបចំ​ពេលា​ជាតិ​កម្ពុជា​មួយ និង​ការសម្របសម្រួល​ដឹកនាំ​វិស័យ​ឯកជន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដូច​ការចូលរួម​ ២ ​លើក​កន្លងទៅ​ផងដែរ​»​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ចូលរួម​ពិព័រណ៍​នេះ​ចាប់ពី​ឆ្នាំ​ ២០១៨ ដែល​ពិព័រណ៍​នេះ​គឺជា​វេទិកា​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ លោក​បន្តថា​៖ «​ខ្ញុំ​នឹងចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏ធំ​នេះ​ទៀត មកដល់​ពេល​នេះ​គឺ​ពិព័រណ៍​នេះ​ត្រូវបាន​​ប្រារព្ធ​ធ្វើ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា​»​។

លោក​បន្ថែមថា​៖ «​នេះ​ជា​ព្រឹត្តិការណ៍​ដ៏ធំ​ដោយ​វា​មិន​គ្រាន់តែ​អនុញ្ញាត​ឲ្យ​យើង​ដាក់តាំង​ស្រូវ​អង្ករ​យើង​នោះទេ ប៉ុន្តែ​ថែមទាំង​ជា​សន្និសីទ​ដែល​ផ្តល់ឱកាស​ឲ្យ​យើង​អាច​ស្វែងរក​ដៃគូ​ធុរកិច្ច​ផងដែរ​»៕ LA