ភ្នំពេញៈ កម្ពុជា​នឹង​ទទួល​បាន​ផ្លូវដែក​ (​ដែករ៉ៃ​) ​ប្រមាណ ១៤០ ​គីឡូម៉ែត្រ​ពី​រដ្ឋាភិបាល​ថៃ​យក​មក​ធ្វើឲ្យ​ប្រសើរឡើង និង​មាន​សុវត្ថិភាព​សម្រាប់​ផ្លូវដែក​ភាគ​ខាងជើង​ពី​ភ្នំពេញ-ប៉ោយប៉ែត និង​ជា​ការរួមចំណែក​ជំរុញ​ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​បាន​កាន់តែ​ច្រើន​ជាង​មុន បន្ទាប់ពី​រដ្ឋាភិបាល​ទាំង​ ២ ​បាន​ធ្វើការ​តភ្ជាប់​កាលពី​ឆ្នាំ​ ២០១៨​។

លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា បន្ទាប់ពី​បានធ្វើ​ពិធី​តភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ទាំង​ ២ ​ដោយ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ កាលពី​ចុង​ឆ្នាំ​ ២០១៨ មក​ខាង​ភាគី​ថៃ​បាន​សន្យាថា​នឹង​ផ្តល់នូវ​ដែក​រ៉ៃ​ប្រមាណ ១៤០ ​គីឡូម៉ែត្រ​ដល់​កម្ពុជា ដើម្បី​ធ្វើការ​កែលម្អ​ស្ថានភាព​ផ្លូវដែក​នៅ​កម្ពុជា​ឲ្យ​មាន​ភាពប្រសើរ​។

លោក​ថ្លែងថា​៖ «​ភាគី​ថៃ​គ្រោង​នឹង​ប្រគល់​ដែក​រ៉ៃ​ប្រមាណ ១៤០ ​គីឡូម៉ែត្រ​ឲ្យ​កម្ពុជា​នៅក្នុង​ខែ​សីហា ឬ​ខែកញ្ញា​ខាងមុខ ដើម្បី​យក​មក​ពង្រឹង​ផ្លូវដែក​នៅ​កម្ពុជា​ឲ្យ​មាន​គុណភាព​ប្រសើរ​ជាង​មុន និង​ដើម្បី​ជួយ​ជំរុញ​ការដឹកជញ្ជូន​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ច្រើនជាង​មុន​»​។

បើ​តាម​លោក ស៊ឹមសូរិយា បន្ទាប់​ផ្លូវដែក​ភាគ​ខាងជើង​នេះ​ត្រូវបាន​កែលម្អ វា​នឹង​អាច​ផ្ទុក​ទម្ងន់​បាន ២០ ​តោន និង​ល្បឿន​អាច​កើន​ពី ៦០-៧០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង ខណៈ​កាលពី​មុន​បាន​ត្រឹម ៣០ ​គីឡូម៉ែត្រ​។

ថៃ​ជា​ប្រទេស​នាំចូល​ទំនិញ​កម្ពុជា​ឈានមុខ​គេ ដែល​មាន​ចំនួន ៤ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា បន្ទាប់ពី​អាមេរិក ជប៉ុន អាល្លឺម៉ង់ ចិន អង់គ្លេស និង​កាណាដា​។

ទិន្នន័យ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​មាន​តម្លៃ​ប្រមាណ​ ៣,១ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំនេះ កើនឡើង ១៨,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ថៃ​បាន​កើនឡើង​ ១០៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដល់ ៦៨៧ ​លាន​ដុល្លារ ខណៈ​ការនាំចូល​បាន​កើនឡើង ៥,៦ ​ភាគរយ​ដល់​ចំនួន ២,៤ ​ពាន់​លាន​ដុល្លារ​។

ភាគច្រើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ គឺ​ត្បូង​មាន​តម្លៃ គ្រឿងអលង្ការ ផលិតផល​កសិកម្ម និង​អាលុយមីញ៉ូម​។ ប្រទេស​នាំចូល​ភាគច្រើន​រួមមាន​ប្រេងឥន្ធនៈ ម៉ូតូ រថយន្ត ត្បូង​មាន​តម្លៃ និង​គ្រឿងអលង្ការ​។

កម្ពុជា​បាន​បញ្ចេញ​ប្រាក់​ប្រហែល ២២៦,៦ លាន​ដុល្លារ​សម្រាប់​ការស្ដារ​ឡើងវិញ​ផ្លូវដែក​នៅ​ភាគខាងត្បូង និង​ខាងលិច ដើម្បី​កែលម្អ​ការដឹកជញ្ជូន​តាមរយៈ​ផ្លូវដែក​។

មូលនិធិ​ទាំងនេះ​ប្រហែល ៨៥ ​លាន​ដុល្លារ​បាន​ពី​ថវិកាជាតិ និង​ផ្នែក​នៅសល់​ត្រូវ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត​៕ LA