
កន្លែងលក់ឫស្សីមួយកន្លែងនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នាពេលកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ កម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើកិច្ចព្រមព្រៀងបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ ឫស្សី និងផ្តៅ ដែលគេរំពឹងថាកម្ពុជានឹងក្លាយជាសមាជិកនៃបណ្តាញនេះក្នុងពេលឆាប់ៗនេះ។
បណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដោយមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេស ចិន និងមានការិយាល័យថ្នាក់តំបន់ចំនួន ៤ រួមមាន ប្រទេស ឥណ្ឌា ហ្គាណា អេត្យូពី និងអេក្វាទ័រ។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៨ អង្គការនេះមានប្រទេសជាសមាជិកចំនួន ៤៣។ បច្ចុប្បន្នប្រទេសក្នុងតំបន់អាស៊ានដែលមិនទាន់បានចូលជាសមាជិកនៃអង្គការនេះរួមមាន កម្ពុជា ប្រ៊ុយណេ សិង្ហបុរី និងឡាវ។
យោងតាមសេចក្តីថ្លែងហេតុរបស់រដ្ឋាភិបាលកម្ពុជា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈការបណ្តុះបណ្តាល និងការកសាងសមត្ថភាពលើការកែច្នៃផលិតផល ឫស្សី និងផ្តៅ។ សេចក្តីថ្លែងហេតុបន្តថា៖ «គោលបំណងនៃការចូលជាសមាជិក គឺដើម្បីធ្វើការអភិវឌ្ឍឫស្សី និងផ្តៅប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចបៃតង»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចូលរួមការពារសេចក្តីព្រាងច្បាប់នេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា កម្ពុជាអាចនឹងចូលជាសមាជិកបណ្តាញនេះយ៉ាងយូរនៅខែក្រោយ។
លោកថ្លែងថា៖ «ដោយសារយើងចង់ចូលរួមកិច្ចប្រជុំរបស់គេ [ INBAR] ខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចក្លាយជាសមាជិកនៃអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ នៅខែក្រោយ ដោយពេលនេះយើងនៅរង់ចាំតែការផ្តល់សច្ចាប័នពីព្រឹទ្ធសភាតែប៉ុណ្ណោះ»។ លោកថ្លែងថា៖ «ការរំពឹងលើឈើ គឺមានរយៈពេលយូរណាស់ ខណៈការដាំឫស្សី និងផ្តៅ ត្រូវការពេលខ្លី»។
ដោយសារផលិតផលគ្រឿងសង្ហារិមធ្វើពីឫស្សី និងផ្តៅនៅកម្ពុជាមានគុណភាពល្អ បច្ចុប្បន្នក៏មានការនាំចេញផលិតផលទាំងនេះទៅកាន់ទីផ្សារប្រទេសនៅអឺរ៉ុបមួយចំនួនផងដែរ។ ចំពោះការនាំចូលឫស្សីពីបរទេសមកកម្ពុជា គឺមិនមានទេ។ នេះបើតាមលោក វេង សាខុន។
កាលពីចុងសប្តាហ៍មុន ក្នុងឱកាសចុះទៅពិនិត្យមើលស្ថានីយស្រាវជ្រាវ និងស្តារព្រៃឈើឃុនរាប ក្នុងខេត្តសៀមរាប លោកក៏បានណែនាំឲ្យរដ្ឋបាលព្រៃឈើ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានីខេត្ត ត្រូវគិតគូរពីការថែទាំ ការពារ និងស្វែងរកពូជឫស្សី និងផ្តៅល្អៗដែលផ្តល់ទិន្នផលខ្ពស់ ដើម្បីបង្កើនការដាំដុះផងដែរ។
ការចូលជាសមាជិកនេះក៏នឹងជួយឲ្យកម្ពុជាអាចអភិវឌ្ឍឫស្សី និងផ្តៅរបស់ខ្លួនបានតាមរយៈការបង្កើនការដាំដុះ និងប្រើប្រាស់ផលិតផលពីឫស្សី និងផ្តៅ ដែលអាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជួយផ្ស៊ាំមជ្ឈដ្ឋាន ព្រមទាំងស្តារគម្របព្រៃឈើឡើងវិញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយវិស័យព្រៃឈើជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់កម្ពុជាផងដែរ។
កាលពីពេលថ្មីៗនេះរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងព្រៃឈើនិងវាលស្មៅរបស់ប្រទេស ចិន ដើម្បីបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជប្រភេទឈើមានតម្លៃនៅកម្ពុជា៕ LA