ភ្នំពេញៈ អ្នក​នាំចេញ​ និង​អ្នកជំនាញ​លើក​ឡើង​ថា ការសម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​រវាង​កម្ពុជា និង​ចិន​ដែល​រំពឹងថា នឹង​ត្រូវ​សម្រេចបាន​ត្រឹម​ចុង​ឆ្នាំនេះ មិន​គ្រាន់​តែ​បង្កើន​បរិមាណ​នាំចេញ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​ទៀ​តទៅ​ក្នុង​ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​ការធ្វើ​ពិពិធកម្ម​លើ​វិស័យ​ឧស្សាហកម្ម​។

ការចរចា FTA ជុំ​ទី​ ៣ ​រវាង​ប្រទេស​កម្ពុជា​ និង​ចិន​បាន​ដោះស្រាយ​រួចហើយ​លើ​បញ្ហា​ដែល​នៅ​សេសសល់​នៅក្នុង​អត្ថបទ​កិច្ចព្រមព្រៀង និង​បានអនុម័ត​ជាគោលការណ៍​ជុំវិញ​ការបើក​ច្រក​ទីផ្សារ​លើ​ទំនិញ និង​សេវា​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

ការចរចា​នេះ​ភាគច្រើន​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការបើក​ច្រក​ទីផ្សារ​សម្រាប់​ទំនិញ សេវា ការវិនិយោគ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស និង​បទប្បញ្ញត្តិ​ផ្សេងទៀត​ដែល​ជួយ​បង្កើន​ការនាំចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា ព្រមទាំង​ដើម្បី​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​ពី​ប្រទេស​ចិន​ដែល​រំពឹង​ថា នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ទាំង​ ២ ​ត្រឹម​ចុង​ឆ្នាំនេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា​៖ «​ប្រសិន​បើ​មេដឹកនាំ​របស់​ប្រទេស​ទាំង​ ២ ​យល់ព្រម​លើ​អត្ថបទ​កិច្ចព្រមព្រៀង​នេះ និង​ការបើក​ច្រក​ទីផ្សារ​ដែល​ត្រូវបាន​ស្នើឡើង​នេះ ការនាំ​ចេញ​ពី​កម្ពុជា​ត្រូវបាន​រំពឹង​ថា នឹង​កើនឡើង​លើសពី​អត្រាកំណើន​ជា​មធ្យម​ ២០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ក្នុង​ឆ្នាំ​ ២០១៧ ​ធៀប​ ២០១៨ និង​ពី​ឆ្នាំ​ ២០១៨ ធៀប​នឹង​ឆ្នាំ​ ២០១៩»​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការធ្វើ​ FTA ជាមួយ​ប្រទេស​ចិន​នឹង​ជួយ​បង្កើន​ការនាំចេញ​របស់​ប្រទេស​កម្ពុជា មិន​គ្រាន់តែ​វិស័យ​កាត់ដេរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​វិស័យ​ផ្សេងទៀត​ផងដែរ​។ ជាមួយ​គ្នា​នេះ​ដែរ​នឹង​មាន​លំហូរ​ការវិនិយោគ​កាន់តែ​ច្រើន​ឡើងៗ​ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា​ដែល​ជួយ​ក្នុង​ការធ្វើ​ពិពិធកម្ម​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​ទៀតផង​។

លោក​បន្តថា​៖ «​ជាមួយ​គ្នា​នេះ​ដែរ យើង​នឹង​មើលឃើញ​លំហូរ​វិនិយោគ​ពី​ប្រទេស​ចិន​ ទៅលើ​ឧស្សាហកម្ម​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ ស្បែកជើង និង​ទំនិញ ធ្វើដំណើរ គ្រឿង​អេឡិចត្រូនិក និង​ឧស្សាហកម្ម​មេកានិច និង​កង់​ជាដើម​»​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management បាន​ឲ្យ​ដឹងថា កម្ពុជា​នឹង​ទទួល​អត្ថប្រយោជន៍​តាមរយៈ​ការដើរ​តួនាទី​ដ៏សំខាន់​នៅក្នុង​ផែនការ​ពង្រីក​ខ្លួន និង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅក្នុង​តំបន់ ហើយ​ភាគច្រើន​តាមរយៈ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ការពង្រីក​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តាមរយៈ​ការសាងសង់ មូលដ្ឋាន​ផលិតកម្ម​នៅ​ប្រទេស​កម្ពុជា ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក និង​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក​។

លោក​លើកឡើង​ថា​៖ «​បច្ចុប្បន្ន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុង​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរៗ ហើយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការជម្នះ​សេដ្ឋកិច្ច​កូវីដ ស្រប​ពេលដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជិត​នឹង​សម្រេច និង​ត្រូវបាន​អនុវត្ត​នោះ ប្រទេស​កម្ពុជា​អាច​រំពឹង​ថា​នឹង​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នេះ​»​។

មេដឹកនាំ​ប្រទេស​ទាំង​ ២ ​ធ្លាប់​បង្ហាញ​បំណង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​ ១០ ​ពាន់​លាន​ដុល្លារ​ ត្រឹម​ឆ្នាំ​ ២០២៣​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស ទាំង​ ២ ​បាន​កើនឡើង​ដល់​ ៧,៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង ២២ ​ភាគរយ​ធៀប​នឹង ​៦,០៤ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧៕LA