ភ្នំពេញ: អ្នកនាំពាក្យអាជ្ញាធរអប្សរាបានថ្លែងថា ក្រុមហ៊ុនឯកជនកំពុងសម្លឹងមើលការវិនិយោគដែលមានទឹកប្រាក់ ១០ លានដុល្លារអាមេរិកលើការសាងសង់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់បម្រើភ្ញៀវទេសចរនៅខាងមុខប្រាសាទអង្គរវត្ត ក្នុងបំណងធ្វើឲ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែល្អប្រសើរក្នុងតំបន់ឧទ្យានអង្គរបុរាណមួយនេះ។
មជ្ឈមណ្ឌលនេះនឹងត្រូវបានបម្រើជាមជ្ឈមណ្ឌលសម្រាកលម្ហែកាយរបស់ភ្ញៀវទេសចរត្រូវបានគេរំពឹងថានឹងត្រូវការពេលវេលាពីរឆ្នាំដើម្បីបញ្ចប់។ នេះបើយោងតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញ។
លោកលើកឡើងថា៖ «វានឹងត្រូវសាងសង់នៅលើផ្ទៃដីពីរហិកតានៅខាងមុខប្រាសាទអង្គរវត្តជាមួយអគារដែលរួមមាន កន្លែងចតរថយន្ត ការិយាល័យព័ត៌មានទេសចរណ៍ ភោជនីយដ្ឋាន កន្លែងញ៉ាំអាហារនិងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ»។
លោកបានបន្តថា ពាណិជ្ជករតូចៗដែលកំពុងលក់វត្ថុអនុស្សាវរីយ៍ អាហារ និងភេសជ្ជៈនៅជុំវិញតំបន់ប្រាសាទអង្គរនឹងត្រូវបានស្នើឲ្យរើទៅលក់នៅក្នុងអគារនេះនៅពេលអគារនេះបានសាងសង់រួច។
លោកបញ្ជាក់ថា៖ «គោលបំណងគឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ការធ្វើអាជីវកម្មនៅជុំវិញតំបន់អង្គរ ដើម្បីនាំយករូបភាពកាន់តែល្អប្រសើរសម្រាប់វិស័យទេសចរណ៍។ មជ្ឈមណ្ឌលនេះនឹងត្រូវបានរចនាឡើងតាមរចនាប័ទ្មរបស់ខ្មែរ។ យើងចង់សាងសង់ឲ្យរួចនៅពេលឆាប់ៗនេះ ប៉ុន្តែវាត្រូវការការសិក្សាច្រើនក្នុងការធ្វើឲ្យប្រាកដថាអគារនេះនឹងមិនប៉ះពាល់ដល់តំបន់បេតិកភណ្ឌដែលមានស្រាប់»។
ប៉ុន្តែកាលពីម្សិលមិញលោក កុសល មិនបានបង្ហាញពីព័ត៌មានលម្អិតរបស់វិនិយោគិនដោយបានលើកឡើងថា លោកមិនបានដឹងអំពីព័ត៌មានលម្អិតបន្ថែមអំពីគម្រោងនេះទេ។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ឯកជន-រដ្ឋាភិបាល បានថ្លែងថា គំនិតនៃការបង្កើតឲ្យមានមជ្ឈមណ្ឌលនេះនឹងជួយអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈការនាំយកស្ដង់ដារអនាម័យអាហារនិងសេវាសម្រាប់ភ្ញៀវទេសចរ។
លោកបញ្ជាក់ថា៖ «ការមានមជ្ឈមណ្ឌលមួយដើម្បីស្វាគមន៍ភ្ញៀវទេសចរដូចនេះ គឺជារឿងដ៏ល្អមួយ។ វានឹងជួយជំរុញឲ្យមានស្ដង់ដារសេវាកម្ម និងអនាម័យអាហារកាន់តែល្អប្រសើរ។ វាក៏បាននាំឲ្យមានការគ្រប់គ្រង និងសណ្ដាប់ធ្នាប់នៅជុំវិញតំបន់នេះកាន់តែល្អប្រសើរផងដែរ។ ដរាបណាវាមិនមែនជាការបង្ខិតបង្ខំដល់ភ្ញៀវទេសចរឲ្យមកទស្សនានៅទីនេះ អ៊ីចឹងវានឹងមិនមានផលប៉ះពាល់អាក្រក់ដល់ទេសចរកញ្ចប់ដែលមានស្រាប់នោះទេ។
លោក សុខ សង្វា កូនប្រុសរបស់លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន ដែលទើបនឹងត្រូវបានតែងតាំងនៅពេលថ្មីៗជាអនុប្រធានអាជ្ញាធរអប្សរា កាលពីម្សិលមិញបានបដិសេធដោយមិនធ្វើអត្ថាធិប្បាយស្ដីពីព័ត៌មានលម្អិតបន្ថែមរបស់គម្រោងនេះទេ។
ខេត្តសៀមរាបដែលជាខេត្តសំបូរប្រាសាទបុរាណរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ២ ជាទិសដៅទេសចរណ៍កំពូលរបស់ពិភពលោកឆ្នាំ ២០១៥ និងចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ីដោយគេហទំព័រ TripAdvisor ជាគេហទំព័រទេសចរណ៍ឈានមុខគេមួយរបស់ពិភពលោកកាលពីខែមេសាកន្លងមក។
កម្ពុជាទទួលបានពានរង្វាន់បេតិកភណ្ឌវប្បធម៌ និងជាទិសដៅទេសចរណ៍ល្អបំផុតនៅក្នុងពិព័រណ៍ទេសចរណ៍ពិភពលោក (WTF) នៅទីក្រុងស៊ាងហៃកាលពីដើមខែមុនផងដែរ។
សូមរំលឹកថា ចាប់ពីខែមករា ដល់ខែមេសា តំបន់ឧទ្យានបុរាណមួយនេះបានទាក់ទាញភ្ញៀវទេសចរជិតដល់ ៨៤២ ៧២០ នាក់ដែលរកប្រាក់ចំណូលបានប្រហែល២៤,១លានដុល្លារអាមេរិក៕PB