ភ្នំពេញៈ ​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ជ័យសំបូរ​មាន​ផែនការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ជា​លើកដំបូង​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​នៅ​ខែក្រោយ​នេះ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​កាលពី​ចុងឆ្នាំ ២០២០។

អ្នកស្រី អ៊ឹន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នែ​គ្រាប់ស្វាយចន្ទី​ជ័យសំបូរ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​សិប្បកម្ម​របស់​អ្នកស្រី​នឹង​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​ចំនួន ៩ តោន​ឲ្យ​ក្រុមហ៊ុន​ជប៉ុន Top Planning Japan Co., Ltd ដែលជា​ដៃគូ​សហការ​ក្នុង​ការសាងសង់​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ដែលមាន​តម្លៃ ២០ ម៉ឺន​ដុល្លារ។

អ្នកស្រី ឡៃហួត ឲ្យ​ដឹងថា តាម​ផែនការ​សិប្បកម្ម​របស់​អ្នកស្រី​ត្រូវ​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​នេះ​ ប៉ុន្តែ​ការនាំចេញ​សម្រាប់​ខែមេសា​ចំនួន ៨ តោន​ត្រូវបាន​ពន្យារពេល​ដោយសារ​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ១៩។ ទោះបី​យ៉ាង អ្នកស្រី​នាំចេញ​គ្រាប់ស្វាយចន្ទី​ឲ្យ​ក្រុមហ៊ុន​នេះ​ចំនួន ៩ តោន​ទៀត​នៅ​ខែ ឧសភា ខាងមុខ​នេះ។

អ្នកស្រី​ថ្លែងថា៖ «ដៃគូ​យើង​ចង់​ឲ្យ​នាំចេញ​ឆាប់ៗ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​នាំចេញ​បាន​តាម​ផែនការ​នៅ​ខែក្រោយ​នេះ»។

អ្នកស្រី​ឲ្យ​ដឹង​ទៀតថា ដោយ​មាន​តម្រូវការ​ច្រើន​នៅ​ឆ្នាំនេះ សិប្បកម្ម​របស់​អ្នកស្រី​មាន​ផែនការ​បង្កើន​បរិមាណ​ទិញ​ស្វាយចន្ទី​ពី​កសិករ​រហូត​ដល់ ៥០០ តោន​សម្រាប់​កែច្នៃ​នាំចេញ។

អ្នកស្រី​ថ្លែងថា៖ «ការបញ្ជាទិញ​ពី​ដៃគូ​ក្នុង​បរិមាណ​ច្រើន​នៅ​ឆ្នាំនេះ យើង​ទិញ​ស្វាយចន្ទី​ក្នុង​តម្លៃ​សមរម្យ​ពី​សមាជិក​របស់​យើង​ ដើម្បី​លើកកម្ពស់​ជីវភាព​គាត់»។

សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ​មាន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​ពី ២ ទៅ ៣ តោន​ក្នុង ១ ថ្ងៃ និង​មានលទ្ធភាព​បក​គ្រាប់​ស្វាយចន្ទី​ស្រស់ ១០ តោន​ក្នុង ១ ថ្ងៃ។ យោងតាម​កិច្ចសន្យា​សិប្បកម្ម​នេះ​ត្រូវ​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​នេះ​ចំនួន ៩០ តោន​ក្នុង ១ ឆ្នាំ​នៅ​ដំណាក់កាល​ដំបូង។

បើ​យោងតាម​ក្រសួងកសិកម្ម កម្ពុជា​បាន​នាំចេញ​ផលិតផល​គ្រាប់ស្វាយចន្ទី​ទៅកាន់​ទីផ្សារ វៀតណាម ថៃ​ ជប៉ុន រុស្ស៊ី ចិន ហុងកុង បារាំង កូរ៉េខាងត្បូង តួកគី និង បង់ក្លាដែស​កាលពី​ឆ្នាំ២០១៩។

កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំណាំ​កសិឧស្សាហកម្ម​ចំនួន ៦ ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​សម្រេច​បានជាង ៨,៥៥ លាន​តោន ដែល​មាន​តម្លៃ​ទឹកប្រាក់​ជាង ២,៣២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០។ ផលិតផល​ទាំងនោះ​រួមមាន ផលិតផល​ដំឡូងមី ផ្លែស្វាយ​ស្រស់ គ្រាប់ស្វាយចន្ទី ផ្លែ​ចេក​ស្រស់ មៀន​ប៉ៃលិន និង​ម្រេច។ នេះ​យោងតាម​តួលេខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ៕