ភ្នំពេញៈ ការនាំចេញ​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ កូរ៉េខាងត្បូង​ ជា​លើកដំបូង​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​ប្រទេស​កូរ៉េ ធ្វើតេស្ត ដោយ​ជោគជ័យ​លើ​គុណភាព និង​ភូតគាម​អនាម័យ​រួចមក​។ នេះ​បើ​យោងតាម​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក កែ មុន្ធីវុធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​អ្នកជំនាញ​ផ្នែក​ភូតគាម​អនាម័យ​កូរ៉េ​មក​ធ្វើការ​ត្រួតពិនិត្យ​ជាច្រើន​លើក​រួចមក គេ​បាន​បញ្ជាក់​ថា ផ្លែស្វាយ​ស្រស់​កម្ពុជា​ដែល​សម្អាត និង​ឆ្លងកាត់​ការកម្ចាត់​មេរោគ និង​ដង្កូវ​រួច​អាច​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​បាន​។

លោក​បាន​បន្តថា ការនាំចេញ​ជា​ផ្លូវការ​លើក​ដំបូង​នេះ​នឹង​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Hyundai Mao Legacy Co., Ltd ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ម៉ាស៊ីន​កម្ចាត់​រុយ​ចោះ​ផ្លែ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ​ដែល​ជា​ការចង់បាន​របស់​ប្រទេស​កូរ៉េ​។ ទោះ​យ៉ាងណា​លោក​មិន​បានដឹង​ពី​បរិមាណ​ដែល​ក្រុមហ៊ុន Hyundai Mao Legacy Co., Ltd គ្រោង​នឹងត្រូវ​នាំចេញ​លើកដំបូង​នេះ​ទេ​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​គិតថា ការនាំចេញ​ក្នុង​ដំណាក់កាល​ដំបូង​នេះ អាច​មិនមាន​បរិមាណ​ច្រើន​ទេ ព្រោះ​តាម​ខ្ញុំ​ដឹង​គេ​នឹង​ដឹក​តាម​យន្តហោះ ហេតុនេះ​បរិមាណ​ដំបូង​អាច​ស្ថិតក្រោម ១០ ​តោន​ប៉ុណ្ណោះ ហើយ​នៅពេល​មាន​ទីផ្សារ​ល្អ ក្រុមហ៊ុន​នឹង​បង្កើន​ការនាំចេញ និង​អាច​ប្តូរ​ទៅ​ដឹក​តាម​កប៉ាល់​វិញ​»​។

រហូតដល់​ពេលនេះ​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង ឬ​ពិធីសារ​ភូតគាម​អនាម័យ​ចំនួន ២ ​ប្រទេស​រួចហើយ គឺ​ប្រទេស ​វៀតណាម និង​ថៃ​។ ក្រៅពី​នោះ​គឺជា​ការនាំចេញ​ដោយ​មិនមាន​កិច្ចព្រមព្រៀង​របស់​អាជ្ញាធរ​ឡើយ ដោយ​នៅពេល​ក្រុមហ៊ុន​នាំចេញ​ដឹក​ទៅដល់​ទីតាំង​ទើប​អាជ្ញាធរ​ប្រទេស​នោះ គេ​ធ្វើការ​ត្រួតពិនិត្យ​អនាម័យ និង​ភូតគាម​អនាម័យ​។ នេះ​បើតាម​លោក មុន្ធីវុធ​។

បើតាម​លោក មុន្ធីវុធ បច្ចុប្បន្ននេះ​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ​ដែល​កំពុង​ប្រមូលផល​ប្រមាណ​ជាង ១០ ​ម៉ឺន​ហិកតា​ដោយ​អាច​ផ្តល់​ទិន្នផល​ជាង ៤ ​លាន​តោន​ក្នុង ១ ​ឆ្នាំ​។

ក្រុមហ៊ុន Hyundai Mao Legacy Co., គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​ដោយ​ក្រុមហ៊ុន Hyundai Corporation ដែលជា​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ប្រទេស​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន​ដាំ​ស្វាយ​នៅក្នុង​ស្រុក Mao Legacy Co Ltd ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៦ មក​ដើម្បី​បង្កើន​សក្តានុពល​ផលិត និង​កែច្នៃ​រួមគ្នា​លើ​ផ្ទៃដី​ចម្ការ​ស្វាយ​ប្រហែល ២៤០០ ហិកតា​នៅ​ខេត្តកំពង់ស្ពឺ​។

តំណាង​ក្រុមហ៊ុន Hyundai Mao Legacy Co., Ltd បាន​បដិសេធ​ផ្តល់​ព័ត៌មាន ដោយ​ប្រាប់​ថា​គ្រប់​ព័ត៌មាន​ទាំងអស់​នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃទី​ ១៥ ខែ​មករា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​បើកសម្ពោធ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​ទៅ​ប្រទេស​កូរ៉េ​។

តាម​ការគ្រោងទុក​ក្នុង​ឆ្នាំ​ ២០២០ នេះ​ក៏​នឹង​អាចមាន​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​ផងដែរ​។

លោក វណ្ណ ឫទ្ធី ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Angkor Mango ដែលជា​ក្រុមហ៊ុន​ប្រមូល​ទិញ​ និង​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រាប់ថា បច្ចុប្បន្ន​ទិន្នផល​ផ្លែស្វាយ​ដែល​ប្រមូលបាន​គឺមាន​បរិមាណ​ច្រើន​លើសពី​តម្រូវការ ហេតុនេះ​បើ​មាន​ទីផ្សារ​ថ្មីៗ​ដែល​ទទួល​ទិញ​ផ្លៃ​ស្វាយ​ស្រស់​នោះ គឺជា​ការល្អ​។

លោក​បនុ្ត​ថា​៖ «​ដោយសារ​មិន​មាន​ទីផ្សារ​ច្រើន តម្លៃ​ផ្លែស្វាយ​នា​ឆ្នាំនេះ​មិនបាន​កើនឡើង​នោះទេ​»​។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ៥៨ ១៦២ ​តោន​ទៅ​កាន់​ប្រទេស​ចំនួន​ ៥ រួមមាន ថៃ​វៀតណាម សិង្ហបុរី បារាំង រុស្ស៊ី និង​ទីក្រុង​ហុងកុង​៕ LA