ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​វិនិយោគ​ក្នុង​ការបង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ ដើម្បី​រំដោះ​ប្រេកង់​ប្រមាណ​ជា ៧០០ Mhz ទៅ​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក្នុងការ​អភិវឌ្ឍ​បណ្តាញ 5G ប្រព័ន្ធ​សេវា​អ៊ីនធឺណិត​ក្នុង​ការ​រួមចំណែក​សម្រេច​ឲ្យ​បាន​នូវ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុងពេល​ដ៏ខ្លី​ខាងមុខ​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ទើប​តែងតាំង​ថ្មី និង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ជួបប្រជុំ​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​ស្តីពី​ការត្រៀម​ប្រគល់​ប្រេកង់ ៧០០ Mhz ដែល​កំពុង​ប្រើប្រាស់​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ទៅ​ឲ្យ​ក្រសួង​ប្រៃសណីយ៍ ដើម្បី​យក​ទៅ​អភិវឌ្ឍ​ប្រព័ន្ធ 5G និង​សេដ្ឋកិច្ច​ឌីជីថល​។

លោក ផុស សុវណ្ណ អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​ព័ត៌មាន​បាន​យល់ព្រម​ប្រគល់ ៧០០ Mhz ដែល​កំពុង​ត្រូវបាន​ប្រើ​ដោយ​ស្ថានីយទូរទស្សន៍​ក្នុង​ស្រុក​ផ្ទេរ​ទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅពេល​ដែល​ក្រសួង​អាច​រំដោះ​បាន​រួចរាល់​។

លោក សុវណ្ណ បាន​ថ្លែងថា​៖ «​អ្វី​ដែល​យើង​គ្រោង​នឹង​បង្កើត​នោះ គឺ​ថ្នាល​ទូរទស្សន៍​ជាតិ​ឌីជីថល​ជាតិ ដើម្បី​អភិវឌ្ឍ​ទូរទស្សន៍​ក្នុង​ស្រុក​ទៅជា​ឌីជីថល ដូច្នេះ​យើង​អាច​បញ្ជូន​ប្រេកង់​ចំនួន 700 MHz ទៅ​ក្រសួង​ប្រៃសណីយ៍​បាន​។ យើង​ក៏​ទទួល​បាន​ការសម្រេច​ជា​គោលការណ៍​ពី​សមេ្តច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ​ដោយ​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​សម្រាប់​ថ្នាល​ទូរទស្សន៍​ឌីជីថល​នេះ​»​។

លោក​បាន​បន្ថែមថា​៖ «​ឥឡូវនេះ​យើង​បាន​ស្នើ​ថវិកាវិនិយោគ​សម្រាប់​គម្រោង​នេះ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួចហើយ​។ យើង​សង្ឃឹម​ថា ការងារ​រៀបចំ​ថ្នាល​ទូរទស្សន៍​ឌីជីថល​នេះ​នឹង​ចាប់ផ្តើម​ក្នុងឆ្នាំនេះ ហើយ​នឹង​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ​ ២០២៣»​។

យោងតាម​សារាចរ​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២០ ខែមេសា ឆ្នាំ​ ២០២០ ការបង្កើត​ក្រុមការងារ​រួមគ្នា​ទៅលើ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ គឺ​ដើម្បី​រៀបចំ​ផែនការ​វិនិយោគ​លើ​កម្មវិធី​ទូរទស្សន៍​ឌីជីថល​ជាតិ ដោយ​សិក្សា​លម្អិត​អំពី​ការចំណាយ​សម្រាប់​ការវិនិយោគ​រយៈពេល​ ៣ ​ឆ្នាំ​ដំបូង​ (២០២១-២០២៣) និង​រៀបចំ​លើកសំណើ​ចំណាយ​សម្រាប់​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ផ្សេងៗ​។

កាលពី​ខែមេសា ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Huawei Technologies របស់​ចិន​ក្នុង​ការជួយ​អភិវឌ្ឍ​បណ្តាញ​ចែកចាយ 5G​។

ក្រុមហ៊ុន Smart Axiata កាលពី​ខែ​កក្កដា​ឆ្នាំមុន​ក៏​បាន​ចាប់ផ្តើម​សាកល្បង​ដំណើរការ​ប្រព័ន្ធ 5G ដំបូងបង្អស់​នៅ​កម្ពុជា​។ ក្រុមហ៊ុន Smart បាន​វិនិយោគ​ប្រមាណ​ពី ៧០ ​ទៅ​ ៨០ ​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ធ្វើឱ្យ​ប្រសើរ​នូវ​បណ្តាញ​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​នៅ​ទូទាំង​ប្រទេស​។

ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន Royal Group ដែល​ប្រតិបត្តិការ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Cellcard បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​ក្រសួង​ប្រៃសណីយ៍​កាលពី​ខែ​ឧសភា​ឆ្នាំមុន​ស្តីពី​ការសហការ​គ្នា និង​រៀបចំ​ផែនការ​សម្រាប់​ដំណើរការ 5G និង​ការធ្វើ​ឌីជីថល​នៅ​កម្ពុជា​។ កាលពី​ខែវិច្ឆិកា ក្រុមហ៊ុន​សែលកាត​ក៏​បាន​សាកល្បង​បណ្តាញ 5G ថ្មី​របស់​ខ្លួន​ផងដែរ​។ ក្រោយមក​កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ក្រុមហ៊ុន​បានបង្ហាញ​ពី​ការរីកចម្រើន​ដ៏ល្អ​នៃ​ការដាក់​បញ្ចូល​បណ្តាញ​ 5G នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើ​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​ចំនួន ១៦,៧ លាន​នាក់ និង​ ២១៥ ០០០ ​នាក់ តភ្ជាប់​អ៊ីនធឺណិត​ល្បឿន​លឿន​។ នេះ​បើតាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​៕

វីដេអូ៖