ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតបញ្ចេញទំនិញ និងសាច់បង្កកចំនួន ៣៥ កុងតឺន័រ ដែលបាននាំចូលពីប្រទេសឥណ្ឌាទៅលើទីផ្សារ បន្ទាប់ពីបានធ្វើតេស្តរកឃើញអវិជ្ជមាននៃជំងឺកូវីដ១៩ ដោយអះអាងថាអាហារ និងសាច់ទាំងនោះមានសុវត្ថិភាពក្នុងការទទួលទាន។
លទ្ធផលធ្វើតេស្តនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំលើកទី ២ កាលពីថ្ងៃទី ១២ ឧសភារបស់គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានិភ័យខ្ពស់ដែលមានប្រភពពីប្រទេសមានការរីករាលដាលខ្លាំងដែលដឹកនាំដោយលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឲ្យដឹងថា កាលពីថ្មីនេះ គណៈកម្មាធិការចំពោះកិច្ចបានធ្វើតេស្តរកមេរោគកូវីដ១៩ លើសម្បកវេចខ្ចប់សាច់ដែលបាននាំចូលពីប្រទេសឥណ្ឌាចំនួន ៣៥ កុងតឺន័រមកដល់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុត្រូវបានរកឃើញអវិជ្ជមានទាំងអស់។
លោក ផាន អូន ក៏ជាអនុប្រធានគណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានឲ្យដឹងទៀតថា៖ «បន្ទាប់ពីលទ្ធផលអវិជ្ជមានហើយ គណៈកម្មាធិការចំពោះកិច្ចនឹងស្វែងរកយន្តការក្នុងការធ្វើយ៉ាងណាឱ្យទំនិញទាំងនោះអាចបញ្ចេញតាមនីតិវិធីនាំចូលឱ្យបានឆាប់រហ័សបំផុត»។
ការធ្វើតេស្តរកមេរោគកូវីដ១៩នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជាផ្អាកការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលមានហានិភ័យខ្ពស់មួយចំនួនមានប្រភពមកពីប្រទេសឥណ្ឌាជាបណ្តោះអាសន្នដែលបានអនុវត្តតាំងពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ តទៅ រហូតដល់មានការណែនាំជាថ្មី។
ក្នុងករណីរកឃើញថា ផលិតផលទាំងនោះមានជាប់ពាក់ព័ន្ធ និងមានផ្ទុកវីរុសកូវីដ១៩ កម្ពុជានឹងអនុវត្តវិធានការច្បាប់ រួមទាំងកម្ទេចផលិតផលសាច់បង្កក និងមុខទំនិញបង្កកនាំចូលពីប្រទេសឥណ្ឌា ដូច្នេះដើម្បីចៀសវាងការភាន់ច្រឡំ ក្រសួងពាណិជ្ជកម្មនឹងធ្វើការពន្យល់ទៅភាគីឥណ្ឌាតាមការទូត។
ការនាំចេញសាច់ក្របីពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានៅក្នុងរយៈពេល ២ ខែដំបូងឆ្នាំ ២០២១ បានកើនឡើងដល់ ៩,៣២ លានដុល្លាររួចហើយ និងត្រូវបានរំពឹងថា នឹងមើលឃើញកំណើនរហ័សក្នុងរយៈពេលជាច្រើនឆ្នាំខាងមុន។ នេះបើតាមស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ។
ប្រទេសកម្ពុជាបាននាំចូលសាច់ក្របីពីប្រទេសឥណ្ឌាក្នុងតម្លៃ ១៧,៧ លានដុល្លារ កាលពីឆ្នាំមុន កើនឡើងពី ៦,៤ លានដុល្លារកាលពីឆ្នាំ ២០១៩ និងកើនឡើង ១២,២៨ ភាគរយនៃពាណិជ្ជកម្មទ្វេភាគីសរុប។
លោកស្រី DevyaniKhobragade អគ្គរាជទូតប្រទេសឥណ្ឌា បានលើកឡើងអំពីសាច់ និងគំរូការប្រើប្រាស់ផលិតផលសាច់នៅក្នុងប្រទេសកម្ពុជា គម្លាតរវាងការផលិតក្នុងស្រុក និងការប្រើប្រាស់ក្នុងស្រុក និងឱកាសនាំចេញសម្រាប់ក្រុមហ៊ុនប្រទេសឥណ្ឌា។
លោកស្រីថ្លែងថា៖ «ក្រុមហ៊ុនប្រទេសឥណ្ឌានឹងអាចផ្គត់ផ្គង់សាច់មានគុណភាពល្អ និងផលិតផលសាច់ដល់ប្រទេសកម្ពុជានៅក្នុងតម្លៃកាន់តែទាប និងបង្កើនចំណែកទីផ្សាររបស់ខ្លួន និងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ»។
នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។ ភាគីទាំងពីរបានទទួលស្គាល់អំពីវឌ្ឍនភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា ដែលបច្ចុប្បន្ន ក្រុមការងារនៃប្រទេសទាំងពីរកំពុងសហប្រតិបត្តិការជាមួយគ្នាក្នុងការបញ្ចប់លក្ខខណ្ឌនៃសេចក្ដីយោងសម្រាប់គណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងនេះ។
ភាគីទាំងពីរក៏បានយល់ស្របគ្នាក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី៕