ភ្នំពេញៈ កម្ពុជា​នឹង​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ ៦ នៅក្នុង​ទីក្រុង​គុនមីង ខេត្ត​យុនណាន​របស់​ប្រទេស​​ ចិន​ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម ការវិនិយោគ និង​ភ្ញៀវទេសចរ​មកពី​ខេត្ត​នេះ​មក​កម្ពុជា ខណៈ​ប្រទេស​ទាំង​ ២ ​កំពុង​ស្ថិត​ក្នុង​ការចរចា​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។

លោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រសួង​កាលពី​ថ្ងៃទី​ ១៨ ខែធ្នូ ថា​រហូតមក​ដល់ពេល​នេះ​ក្រសួង​បើក​ដំណើរការ​រួចហើយ​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ប្រទេស​ចិន​បាន​ចំនួន ៥​ ទីតាំង​គឺ​នៅ​ទីក្រុង​ក្វាងចូវ​នៅ​ភាគខាងត្បូង​ខេត្ត​គ័ងតុង ទីក្រុង​ស៊ីអាន នៅ​ភាគ​ពាយព្យ​ខេត្ត​សាន់ស៊ី ទីក្រុង​ហាយនីង នៅ​ភាគ​ខាងកើត​ខេត្ត Zhejiang តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង និង​ទីក្រុង​យានថាយ​នៅ​ភាគ​ខាងត្បូង​ខេត្ត​សានតុង​។

លោក​ថ្លែងថា​៖ «​មជ្ឈមណ្ឌល​បាន​ដើរតួនាទី​ដ៏សំខាន់​នៅក្នុង​ការបម្រើ​ជា​វេទិកា​សម្រាប់​ការបង្ហាញ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក ការចែករំលែក​ព័ត៌មាន​អំពី​ទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម​អំពី​ប្រទេស​កម្ពុជា​ដល់​ពាណិជ្ជករ និង​ក្រុម​វិនិយោគិន​របស់​ប្រទេស​ចិន​»​។

លោក​បន្ថែមថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ ៦ ​នេះ​នឹង​ត្រូវ​បាន​បើក​ដំណើរការ​នៅ​ថ្ងៃទី​ ២៨ ខែធ្នូ នៅ​ទីក្រុង​គុនមីង​។

លោក Yum Sui Sang ប្រធាន​សមាគម​ជនបរទេស និង​ពាណិជ្ជកម្ម​ទីក្រុង​ហុងកុង ម៉ាកាវ​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ដើម​ខែកញ្ញា​ថា ការបើក​បរិយាកាស​វិនិយោគ និង​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​អាមេរិក​គឺជា​កម្លាំង​ជំរុញ​ដ៏សំខាន់​សម្រាប់​វិស័យ​ឯកជន​។

ទិន្នន័យ​ផ្លូវការ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាប់ពី​ឆ្នាំ​ ១៩៩៤ ទៅដល់​ឆ្នាំ​ ២០១៦ បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​បាន​វិនិយោគ​ប្រហែល​ ១៤,៧​ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា ហើយ​ចាប់ពី​ឆ្នាំ​ ១៩៩៣ ដល់​ចុងឆ្នាំ​ ២០១៧ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្ចីសម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​មាន​តម្លៃ​ ៩,៦ ​ពាន់​លាន​ដុល្លារ​។ រដ្ឋាភិបាល​បាន​ខ្ចីប្រាក់​ប្រហែល​ ៦,៣ ​ពាន់​លាន​ដុល្លារ​ពី​បណ្ដា​ប្រទេស​នានា​ឈរលើ​មូលដ្ឋាន​ទ្វេភាគី​ក្នុង​ចំណោម​នេះ​ប្រហែល​ ៤,០៥ ​ពាន់​លាន​ដុល្លារ​បាន​មកពី​ប្រទេស​ចិន​។

ទិន្នន័យ​ចុងក្រោយ​បំផុត​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ដែល​បានចេញ​ផ្សាយ​នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​អនុម័ត​ការវិនិយោគ​មានតម្លៃ​ប្រហែល​ ៥,២ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០១៩ កើនឡើង ៤៨,៥ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​ចំណោម​ការវិនិយោគ​សរុប ក្រុម​វិនិយោគិន​ក្នុង​ស្រុក​មាន​ចំនួន ៦៨,៤ ​ភាគរយ ខណៈ​ប្រទេស​ចិន​មាន​ចំនួន​ ២៥,៤ ភាគរយ​។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បានបង្ហាញ​ឲ្យ​ដឹងថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៤,៨១ ​លាន​នាក់​នៅក្នុង​អំឡុងពេល​ ៩ ​ខែ​នៃ​ឆ្នាំនេះ​។ ភ្ញៀវទេសចរ​ចិន​ឈរ​លំដាប់​លើ​បញ្ជី​នៃ​ភ្ញៀវទេសចរ​បរទេស​ដោយ​មាន​ចំនួន​សរុប ​១,៨៦ ​លាន​នាក់​កើនឡើង​ ២៩,៤ ​ភាគរយ​ធៀប​នឹង​ការកើនឡើង​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែលមាន​ចំនួន​ ៣៨,៧ ​ភាគរយ​នៃ​ភ្ញៀវទេសចរ​បរទេស​ទាំងអស់​៕ LA