ភ្នំពេញ៖ រដ្ឋា​ភិបាលកម្ពុជា​​តាម​រយៈ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈបា​ន​​ប្តេជ្ញាចិត្ត​​ពង្រីក​វិសាល​ភាព​អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​​នៅ​កម្ពុជា (BFC) ទៅ​ដល់​រោងចក្រផលិត​ទំនិញ​ធ្វើដំណើរ និង​កាបូប ដើម្បី​ជំរុញ​ភាព​ប្រកួត​ប្រជែង​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​។​

ការ​លើកឡើងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុងកិច្ច​ប្រជុំជាមួយ​តំណាងពាណិជ្ជ​កម្មរបស់​សហរដ្ឋ​អាមេរិក​ (USTR) កាល​ពីថ្ងៃទី​ ៦ ​ខែ​ឧសភា​ តាម​ប្រព័ន្ធ​អនឡាញ​។

លោក​ ហេង សួរ ​រដ្ឋលេ​ខាធិ​ការក្រសួង​ការ​ងារ និងបណ្តុះបណ្តា​ល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះថា ​ភាគី​ទាំង​ ២ ​ពិភាក្សា​គ្នា​ផ្តោត​លើ​ក្របខ័ណ្ឌ​វិនិយោគ ​និងពាណិជ្ជ​កម្មរវាង​កម្ពុជា ​និង​សហ​រដ្ឋអាមេរិក​ (TIFA)​ និង​ពិភាក្សា​អំពីវឌ្ឍនភាព​ក្នុងវិស័យ​ការងារ​នាពេលកន្លងមក​។

ក្នុង​កិច្ចប្រជុំនេះ​ លោក ហេង សួរ ​ក៏បាន​បង្ហាញ​អំពីវឌ្ឍន​ភាពការងារ​នានា​ពាក់ព័ន្ធ​នឹងការ​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ ​ការដោះ​ស្រាយវិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ​ការចុះធ្វើ​អធិការកិច្ច​ការងារក្នុង​អំឡុង​ពេល​នៃការរីក​រាលដាលនៃ​ជំងឺកូវីដ ១៩។​

លោក​ថ្លែងទៀតថា​៖ «យើង​បាននិងកំពុង​ខិត​ខំ​លើ​កិច្ចសហការ​ជាមួយ​គម្រោងរោង​ចក្រកាន់តែ​ប្រសើរនៅ​កម្ពុជា​ក្នុងការ​ពង្រីក​វិសាលភាព​អនុវត្តចំពោះ​រោងចក្រ​ផ្នែកផលិត​ផលិតផល​ធ្វើដំណើរ​ និងកាបូបផងដែរ​»។

ដើម្បី​ទទួលបាន​សិទ្ធិ​នាំ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ ម្ចាស់​រោងចក្រ សហគ្រាស​ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ទទួលបាន​សិទ្ធិ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ត្រូវ​មក​ចុះបញ្ជី​ជាមួយ​គម្រោង BFC ជាមុនសិន​ទើប​អាច​នាំចេញ​ទំនិញ​បាន​ ហើយ​ការខកខាន​មិនបាន​អនុវត្តនេះ​អាច​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការនាំចេញ​របស់​ពួកគេ​។​ នេះ​បើ​តាម​ក្រសួង​ការងារ​។​

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ខែ​កុម្ភៈថា សព្វ​ថ្ងៃរដ្ឋាភិបាល​បាន​ និង​កំពុង​​ពង្រីក​វិសាលភាព​គ្របដណ្តប់​ ដើម្បី​រួមបញ្ចូល​ទំនិញ​ធ្វើដំណើរ​ និង​រោងចក្រ​ផលិត​កាបូប​នៅក្នុង​គម្រោង​ BFC។

លោក​បន្តថា​៖ «​ការណ៍​នេះ ​គឺជា​ការបង្ហាញ​យ៉ាងច្បាស់​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការធានាថា អ្នក​នាំចេញ​ក្នុង​វិស័យ​ទាំង ​២​ នេះ ​គោរព​នូវ​ភាពអនុលោម​តាមច្បាប់​ការងារ​ក្នុង​ស្រុក​ និង​បទដ្ឋាន​ការងារ​អន្តរ​ជាតិ​។ GMAC ​គឺជា​ហត្ថលេខី​នៃ MOU ជាមួយ​ BFC ​រួមគ្នា​ជាមួយ​ក្រសួង​ការងារ​ និង​ក្រសួង​ពាណិជ្ជ​កម្ម​។ យើង​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​»​។

គម្រោង ​BFC ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០០១ នេះក្នុង​ភាពជា​ដៃគូ​តែមួយគត់​រវាង​អង្គការ​អន្តរជាតិ​ខាង​ការ​ងារ​ (ILO)​ នៃ​អង្គការ​សហប្រជាជាតិ ​(UN) និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC) ​ដែល​ជា​សមាជិក​របស់​ធនាគារ​ពិភពលោក ​(WB)​។

យោងតាម​អង្គការ ILO គម្រោង​ BFC ​នេះ​មាន​ការចូលរួម​ពី​កម្មករ និយោជិត និង​រដ្ឋាភិបាល​ក្នុង​ការកែលម្អ​លក្ខខណ្ឌ​ការងារ​និង​ជំរុញ​ភាពប្រកួតប្រជែង​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​។ សព្វថ្ងៃ​រោងចក្រ​ចំនួន ៥៥៧ ​ជាមួយនឹង​កម្មករនិយោជិត​ចំនួន ៦១៤ ២៤២​ នាក់​ និង​ម៉ាក​យីហោ និង​អ្នក​លក់រាយ​ចំនួន​ ៥៩ បានចូលរួម​ក្នុង​គម្រោង​នេះ​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជាចាប់​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​ផលិតផល​វាយនភណ្ឌ​ក្នុង​តម្លៃ​សរុប ២ ៤១០ លាន​ដុល្លារ ធ្លាក់​ចុះ ៦,៤៨ ភាគរយ ពី​ចំនួន ២ ៥៧៧ លាន​ដុល្លារ​ កាល​ពី​ត្រីមាស​ទី១ ឆ្នាំ ២០២០។

ទិន្នន័យ​បង្ហាញថា ក្នុង​នោះ​ការ​នាំចេញ​សម្លៀក​បំពាក់​មាន​តម្លៃ ១ ៧៧៥ លាន​ដុល្លារ ធ្លាក់​ចុះ ៦,៤៣ ភាគរយ ពី​ចំនួន ១ ៨៩៧ លាន​ដុល្លារ, ផលិតផល​ស្បែក​ជើងមាន ៣១៦ លាន​ដុល្លារ ធ្លាក់ចុះ ៧,៣៣ ភាគរយ​ ពី​ចំនួន ៣៤១ លានដុល្លា និង​សម្ភារ​ធ្វើ​ដំណើរ (កាបូប) មាន​ ៣១៩ លាន​ដុល្លារ ធ្លាក់ចុះ ៥,៨៩ ភាគរយ​ពី​ចំនួន ៣៣៩ លាន​ដុល្លារ៕