ភ្នំពេញ: លោក ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ ស្វាគមន៍​ការបង្កើត​រោងចក្រ​កែច្នៃ​សម្បក​កង់​យានយន្ត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Cart Tire Co.,Ltd នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែលជា​ការរួមចំណែក​រក្សា​លំនឹង​ទីផ្សារ​ថ្លៃ​នៃ​ជរ័កៅស៊ូ​កម្ពុជា និង​កាត់បន្ថយ​ការនាំចូល​សម្បក​កង់​យានយន្ត​ពី​បរទេស​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​សប្តាហ៍​មុន​បាន​យល់​ព្រមឱ្យ​ក្រុមហ៊ុន Cart Tire Co.,Ltd វិនិយោគ​ទឹកប្រាក់​ ១៥ ​លាន​ដុល្លារ​ ក្នុង​ការបង្កើត​រោងចក្រ​កែច្នៃ​សម្បក​កង់​យានយន្ត ដែល​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូបាវិត​ក្នុង​ខេត្តស្វាយរៀង​។

លោក សុផា បានឱ្យដឹងថា វត្តមាន​របស់​ក្រុមហ៊ុន Cart Tire company នឹង​ស្រូបយក​ការទិញ​ផលិតកម្ម​កៅស៊ូ​ដែល​មិនទាន់​កែច្នៃ នៅក្នុង​ប្រទេស​នេះ ខណៈដែល​កៅស៊ូ​ភាគច្រើន​ត្រូវបាន​នាំចេញ​។ លោក​បន្តថា​៖ «​វា​ជា​ព័ត៌មាន​ដ៏ល្អ​មួយ​ដែលមាន​រោងចក្រ​កែច្នៃ​សម្បក​កង់​រថយន្ត​នៅក្នុង​ប្រទេស​របស់​យើង​»​។

លោក​លើកឡើង​ថា​៖ «​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​កៅស៊ូ​របស់​យើង និង​អំពាវនាវ​ដល់​ក្រុម​វិនិយោគិន​មក​វិនិយោគ​លើ​ការកែច្នៃ​កៅស៊ូ​របស់​យើង​ទៅជា​ប្រភេទ​ទំនិញ​ផ្សេងៗ​នៃ​ឧស្សាហកម្ម​សម្បក​កង់​យានយន្ត​»​។

លោក​បន្តថា​៖ «​ជាមួយ​នឹង​ការបង្កើត​រោងចក្រ​របស់​ក្រុមហ៊ុន Cart Tire company នឹងមិន​គ្រាន់តែ​រួមចំណែក​ដល់​វត្ថុ​ធាតុដើម​កៅស៊ូ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់​តម្លៃបន្ថែម ការបង្កើត​ការងារ និង​ការកាត់បន្ថយ​ការនាំចូល​សម្បក​កង់​យានយន្ត និង​លំហូរ​ចេញ​មូលធន​ទៅ​ក្រៅប្រទេស​ផងដែរ​»​។

លោក សុផា បាន​បញ្ជាក់ថា​៖ «​យើង​ជឿជាក់​ថា ជាមួយ​នឹង​ការបង្កើត​រោងចក្រ​កែច្នៃ​សម្បក​កង់​យានយន្ត​នៅក្នុង​ប្រទេស តម្លៃ​កៅស៊ូ​ក្នុងស្រុក នឹងមាន​ស្ថិរភាព​ដែល​យើង​តែងតែ ពឹង​ផ្អែកលើ​តម្លៃ​នៅក្នុង​ប្រទេសក្រៅ​ប្រទេស​»​។

លោក​ សុផា ឱ្យ​ដឹងថា កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ផលិត និង​នាំចេញ​ជ័រកៅស៊ូ​ប្រហែល​ ៣៥០ ០០០ ​តោន​ ដែល​ការនាំចេញ​ភាគច្រើន​ប្រទេស​វៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ខណៈ​ដែល​តម្លៃ​ដឹកទំនិញ​ទៅដល់​ទីក្រុង​ហូជីមិញ​មាន​តម្លៃ ១ ៨០០ ​ដុល្លារ​ ក្នុង​ ១ ​តោន​។ រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា​មាន​ផ្ទៃដី​ប្រហែល​ ៤០០ ០០០ ​ហិកតា​។

ភ្នំពេញ​ ប៉ុស្ដិ៍​ មិនអាច​ទាក់ទង​ក្រុមហ៊ុន Cart Tire ដើម្បី​ព័ត៌មាន​លម្អិត​នៃ​ការវិនិយោគ​នេះ​បានទេ ដើម្បី​ដឹងថា តើ​ប្រភេទ​សម្បក​កង់​យានយន្ត​អ្វីដែល​ក្រុមហ៊ុន​មួយ​នេះ​នឹង​ផលិត​សម្រាប់​ទីផ្សារ​ក្នុងស្រុក ឬ​ក៏​ទីផ្សារ​ក្រៅ​ប្រទេស​នោះទេ​។

យោងតាម​ទិន្នន័យ​បាន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រទេស​កម្ពុជា​បាន​នាំចូល​យានយន្ត​ប្រហែល​ ៤១៤ ៧២៥ គ្រឿង​ មានតម្លៃ​ ៦៣៤,៩៨ ​លាន​ដុល្លារ នៅ​ឆមាស​ទី​១ ​កាលពី​ឆ្នាំមុន​។ ក្នុងនោះ ការ​នាំចូល​ម៉ូតូ ១៨០ ៥៩០ គ្រឿង មាន​តម្លៃ​ ៩៩ ​លាន​ដុល្លារ កង់ ១៩២ ៣៩៧ ​គ្រឿង មានតម្លៃ ៤,៣៥ ​លាន​ដុល្លារ និង​រថយន្ត ២៥ ៤៨៣ គ្រឿង​មានតម្លៃ​ ២៨០,៦៥ ​លាន​ដុល្លារ​។

ហើយ​ការនាំចូល​រថយន្ត​ដឹក​អ្នកដំណើរ​ដែល​ផ្ទុក​ចំណុះ​មនុស្ស​ពី​ ១០ ​នាក់ ឬ​លើសពីនេះ​ចំនួន ១ ២១២ គ្រឿង​មាន​តម្លៃ​ ១៧,៤៤៨ ​លាន​ដុល្លារ រថយន្ត​ដឹកទំនិញ ១៣ ៨១២ ​គ្រឿង មានតម្លៃ​ ១៩៤,៤៧ ​លាន​ដុល្លារ និង​យានយន្ត​ផ្សេងទៀត​ចំនួន ១ ២៣១ ​គ្រឿង​មានតម្លៃ​ ៣៥,៨៤ លាន​ដុល្លារ​។

ភ្នំពេញ​ ប៉ុស្ដិ៍​ មិនអាច​ស្វែងរក​តួលេខ​នៅ​ឆមាស​ទី១ កាលពី​ឆ្នាំមុន​នោះទេ ប៉ុន្តែ​ប្រទេស​កម្ពុជា​បាន​នាំចូល​រថយន្ត ១ ១២៤ ២១០ ​គ្រឿង​ មាន​តម្លៃ ១,៨៨២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០១៩ បើ​បែងចែក​តាម​ប្រភេទ​ កម្ពុជា​បាន​នាំចូល​ម៉ូតូ ៥១១ ៤៣៤ ​គ្រឿង​ មាន​តម្លៃ ២៧៨,២៨ ​លាន​ដុល្លារ កង់​ចំនួន ៤៦៦ ១១២ គ្រឿង​ មាន​តម្លៃ​ ១០,៤ ​លាន​ដុល្លារ និង​រថយន្ត​ចំនួន ៩៥ ០៦៧ ​គ្រឿង មាន​តម្លៃ​ ៨២៧,៤៤ ​លាន​ដុល្លារ​៕ LA