ភ្នំពេញ: កម្ពុជា​នឹងមាន​ទីផ្សារ​កាន់តែ​ធំ​ទៅក្នុង​ប្រទេស​ចិន បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ​ទ្វេភាគី​ដំបូង​ត្រូវ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ក្នុង​រយៈពេល​ ៣០ ​ថ្ងៃក្រោយ​គឺជា​ការបើកផ្លូវ​ឱ្យ​ប្រទេស​ទាំង​ ២ ​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​នៃ​ប្រទេស​ខ្លួន ខណៈ​ដែល​ទំនិញ​កម្ពុជា​យ៉ាងហោចណាស់​ ៣៤០ ​មុខ​ត្រូវបាន​បើក​ភ្លើង​ខៀវ​សម្រាប់​នាំទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។

ពិធី​ចុះហត្ថលេខា​នោះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជាមួយ​នឹង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ដោយ​មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ធ្វើ​ជា​សាក្សី​នៅ​ថ្ងៃទី​ ១២ ខែតុលា នៅ​វិមាន​សន្តិភាព​។

លោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹង​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា វា​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ទ្វេភាគី​លើកដំបូង​មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​កម្ពុជា​។

លោក​បាន​បន្ថែមថា វា​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ត្រូវបាន​ចុះហត្ថលេខា​រវាង​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែលជា​មិត្ត​យូរអង្វែង​របស់​កម្ពុជា និង​ជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​។

លោក​លើកឡើង​ថា​៖ «​ការចុះហត្ថលេខា​នេះ បញ្ជាក់​ពី​ភាពកាន់តែ​រឹងមាំ​រវាង​ប្រទេស​ទាំង​ ២ និង​បង្ហាញ​ពី​ផ្នែក​ ១ ​ដ៏សំខាន់​ផ្សេងទៀត​សម្រាប់​ទំនាក់ទំនង​របស់​កម្ពុជា និង​ចិន​។ កិច្ចព្រមព្រៀង​នេះ​នឹង​ផ្ដល់​ភាពជា​ដៃគូ​ផ្នែក​សេដ្ឋកិច្ច​កាន់តែច្រើន​ថែមទៀត តាមរយៈ​កម្រិត​កាន់តែ​ខ្ពស់​នៃ​សកលភាវូបនីយកម្ម​លទ្ធភាព​ចូល​ទីផ្សារ​សម្រាប់​ទំនិញ និង​ការវិនិយោគ ឬ​ការផ្ដល់​អត្ថប្រយោជន៍​សង្គម​ដល់​ដៃគូ​»​។

លោក Zhong Shan រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ឱ្យដឹង​តាមរយៈ​វីដេអូ​ខុនហ្វឺរិន​ថា ចាប់តាំងពី​ការចាប់ផ្ដើម​នៃ​ផែនការ​នេះ ក្រសួង​ទាំង​ ២ ​នៃ​ប្រទេស​ទាំង​ ២ ​បាន​អនុវត្តតាម​ថ្នាក់ដឹកនាំ និង​ការរីកចម្រើន​ទៅមុខ ហើយ​បានបញ្ចប់​ការចរចា​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​ចិន​ដោយ​មិន​បាន​រំពឹងទុក​ជាមុន​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លើក​បង្ហាញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោយ​ចុះហត្ថលេខា​។ រូបថត SPM

លោក Zhong Shan ថ្លែងថា​៖ «​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅថ្ងៃនេះ វា​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ថ្មី​ ១ ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទ្វេភាគី និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ ប្រទេស​ចិន​ត្រៀម​រួចរាល់​ក្នុង​ការរក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​កាន់តែ​ឆាប់​»​។

លោក ស៊ាង ថៃ មន្ត្រី​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃក្រោយ​គិត​ចាប់ពី​ប្រទេស​ទាំង​ ២ ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង និង​ប្តូរ​លិខិតូបករណ៍​ឱ្យ​គ្នា​ទៅវិញទៅមក​។

លោក​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ នឹង​ចូល​ជា​ធរមាន នៅពេល​ប្រទេស​ទាំង​ ២ ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​ហើយ ប្តូរ​លិខិតូបករណ៍​ជាមួយ​គ្នា​ដែល​គិត​ចាប់​ពីថ្ងៃ​ប្តូរ​លិខិត​នេះ​ក្នុង​​រយៈពេល​ ៣០ ​ថ្ងៃក្រោយ​ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា និង​ឡាយ​ព្រះហស្ថលេខា​ពី​ព្រះមហាក្សត្រ​»​។

តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ប្រភេទ​ទំនិញ​របស់​កម្ពុជា​ចំនួន​ជាង ៣៤០ ​មុខ​នឹង​អាច​នាំ​ចេញទៅ​ទីផ្សារ​ចិន​។ ទំនិញ​ទាំងនោះ រួមមាន ម្រេច ម្ទេសក្រៀម ផលិតផល​កែច្នៃ​ពី​ស្វាយចន្ទី ខ្ទឹម ទឹកឃ្មុំ បន្លែ ត្រី សាច់សត្វ​ (​ជ្រូក មាន់ ទា គោ និង​ពពែ​) ​និង​ផលិតផល​ពី​គ្រឿង​សមុទ្រ រួមមាន គ្រំ ក្តាម និង​ខ្យង ជាដើម​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​បើកឱកាស​ដល់​កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ចិន​សម្រាប់​ទំនិញ​ប្រមាណ​ ៩៨ ​ភាគរយ​នៃ​មុខទំនិញ​សរុប ខណៈ​កម្ពុជា​បាន​បើក​ទីផ្សារ​ឱ្យ​ភាគី​ចិន​ ៩០ ​ភាគរយ​នៃ ទំនិញ​សរុប​មិន​ជាប់​កាតព្វកិច្ច​ពន្ធគយ​។

យោងតាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​មាន​តម្លៃ ៩,៤២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ កើនឡើង ២៧,២៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ៧,៤ ពាន់​លាន​ដុល្លារ​៕ LA