ភ្នំពេញ: ក្រុមហ៊ុន​ថៃ Ray Power Supply Co.,Ltd នឹងធ្វើ​ការវិនិយោគ​ក្នុង​ទឹកប្រាក់​ជិត ៤០ ​លាន​ដុល្លារ​ ដើម្បី​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព ៣០ ​មេហ្គាវ៉ាត់​ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ នាពេល​ឆាប់ៗ​នេះ​។

ផែនការ​វិនិយោគ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ទទួល​បាន​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​កាលពី​ថ្ងៃទី​ ២៥ ខែសីហា​។ គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ឈ្នួរមានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ជាមួយនឹង​ទុន​វិនិយោគ ៣៩,៨ ​លាន​ដុល្លារ​។

លោក វ៉ិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការទិញ-លក់​ថាមពល​ជាមួយ​អគ្គិសនី​កម្ពុជា​រួចរាល់​ហើយ​ក្នុង​តម្លៃ ៧,៦ ​សេន​សម្រាប់ ១ ​គីឡូវ៉ាត់ម៉ោង ដែល​នេះ​ជា​តម្លៃ​សមរម្យ​អាច​ទទួលយកបាន​។

លោក​ថ្លែងថា​៖ «​តាម​ផែនការ​គម្រោង​នេះ​នឹង​តភ្ជាប់​ទៅកាន់​បណ្តាញ​ជាតិ​នៅ​ឆ្នាំ​ ២០២១ ដូច្នេះ​នៅ​ឆ្នាំនេះ ក្រុមហ៊ុន​នឹង​រៀបចំ​ដីធ្លី និង​កុម្ម៉ង់​សម្ភារ​ដើម្បី​ដំណើរការ​គម្រោង​»​។

លោក​បន្តថា គម្រោង​ថាមពល​សូឡា ៣០ ​មេហ្គាវ៉ាត់​នេះ​នឹង​សាងសង់​ជើង​ទម្រ​នៅ​លើ​ផ្ទៃដី​ប្រហែល ៤០ ​ហិកតា​។ លោក​បញ្ជាក់ថា​៖ «​ការអនុវត្ត​គម្រោង​ថាមពល​សូឡា​នាពេល​នេះ​គឺជា​ការធ្វើ​ពិពិធកម្ម​របស់​រដ្ឋាភិបាល​ក្នុង​វិស័យ​ថាមពល ដើម្បី​សន្តិសុខ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​»​។

ក្នុង​ឯកសារ​ដាក់​ទៅ​ផ្សារហ៊ុន​ថៃ​កាលពី​ខែវិច្ឆិកា ក្រុមហ៊ុន B.Grimm Solar Power បាន​ប្រកាស​ថា ក្រុមហ៊ុន​បាន​ចូលក្នុង​កិច្ចព្រមព្រៀង​ទិញ លក់​​ជាមួយ​ក្រុមហ៊ុន Ray Power Supply ក្នុង​តម្លៃ ៣០ ​ម៉ឺន​ដុល្លារ លើ​គម្រោង​ដំឡើង​បន្ទះ​ថាមពល​សូឡា​ដែល​មាន​កម្លាំង ៣០ ​មេហ្គាវ៉ាត់​នេះ​។

កិច្ចព្រមព្រៀង​នេះ​ផ្ដល់​ដល់​ក្រុមហ៊ុន B. Grimm Solar Power នូវ​សិទ្ធិ​ក្នុង​ការអភិវឌ្ឍ​គម្រោង PV ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទិញ​ថាមពល​(PPA) រយៈពេល ២០ ​ឆ្នាំ​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​អគ្គិសនី​កម្ពុជា ហើយ​ការចែកចាយ​ថាមពល​អគ្គិសនី​ក្រុមហ៊ុន​នេះ​នឹង​ពិភាក្សា​លម្អិត​ជាមួយ​អគ្គិសនី​កម្ពុជា​។

បើ​តាម​លោក ហ្សូនា សព្វថ្ងៃ​រដ្ឋាភិបាល​បាន​អភិវឌ្ឍ​គម្រោង​ថាមពល​សូឡា​ដែលមាន​អានុភាព​សរុប ៤៥០ ​មេហ្គាវ៉ា់ត់​ ក្នុង​នោះ ១៨០ ​មេហ្គាវ៉ាត់​បាន​ភ្ជាប់​មក​បណ្តាញ​ជាតិ​រួចរាល់​។

អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹងថា តម្រូវការ​ថាមពល​អគ្គិសនី​ក្នុងប្រទេស​ត្រូវ​រំពឹងថា នឹង​កើន​ពី ១,៥ ​ជីហ្គាវ៉ាត់​ក្នុង​ឆ្នាំ​ ២០១៩ ដល់ ២,៣ ​ជីហ្គាវ៉ាត់​នៅក្នុង​ឆ្នាំ​ ២០២០ និង ២,៨ ​ជីហ្គាវ៉ាត់​ត្រឹម​ឆ្នាំ​ ២០២១​។

ថ្លែង​ក្នុង​ពេល​ធ្វើ​បទបង្ហាញ​ស្ដីពី​ចក្ខុវិស័យ​ថាមពល​ក្នុង​ឆ្នាំ​ ២០២០ របស់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​នឹង​បង្កើន​ការវិនិយោគ​ថាមពល​សូឡា​ឲ្យ​បាន ១២ ​ភាគរយ​ត្រឹម​ឆ្នាំ​ ២០២០ និង​បង្កើន​វា​រហូតដល់ ២០ ​ភាគរយ​ក្នុង​រយៈពេល ៣ ​ឆ្នាំ​បន្ទាប់​។

លោក​បាន​បន្តថា ថាមពល​សូឡា​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​អគ្គិសនី​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​។ លោក​បញ្ជាក់ថា​៖ «​យើង​ចង់​បង្កើត​រោងចក្រ​ពី​ថាមពល​សូឡា​នៅ​ទីតាំង​ជាច្រើន​ទៀត​។ យើង​​ជឿជាក់ថា ថាមពល​សូឡា​នឹង​ផ្ដល់​តម្លៃ​កាន់តែ​ទាប​»​។

កាលពី​ខែមករា ឆ្នាំ​ ២០១៨ កម្ពុជា បានចេញ​ច្បាប់​ថ្មី​សម្រាប់​ការធ្វើ​សមាហរណកម្ម​ថាមពល​សូឡា ខណៈ​តម្រូវការ​ថាមពល​របស់​ប្រទេស​នេះ​ត្រូវបាន​គ្របដណ្ដប់​ដោយ​វារីអគ្គិសនី​ប្រហែល ៤៨ ​ភាគរយ និង​ធ្យូងថ្ម​ប្រហែល ៤៧ ​ភាគរយ​។

កម្ពុជា​គ្រោង​ចំណាយ​ប្រាក់ឧបត្ថម្ភធន​ជាង ១០០ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២១ ដើម្បី​កាត់​បន្ថយពន្ធ​អគ្គិសនី​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម និង​គ្រួសារ​៕