ភ្នំពេញៈ វិស័យ​ឯកជន​គ្រោង​នឹង​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ជើងឯក​សហគ្រិន​ខ្នាតតូច និង​មធ្យម​ជា​លើកដំបូង​នៅ​កម្ពុជា​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ស្វែងរក​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដើម្បី​ផ្តល់​កម្ចី​សម្រាប់​ពួកគេ​យក​ទៅ​ពង្រីក​អាជីវកម្ម​។

ក្រុមហ៊ុន PLMP Venture Capital និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​ (FASMEC) បានរួម​គ្នា​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ជើងឯក​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​លើកដំបូង​នៅ​កម្ពុជា​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​វិនិយោគិន​ផ្តល់​មូលនិធិ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​សម្រាប់​ពង្រីក​អាជីវកម្ម​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៣ ខែ​កក្កដា នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្រុង​ភ្នំពេញ​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា កម្មវិធី​នេះ​នឹង​ជួយ​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​ដើមទុន​ក្នុង​ការពង្រីក​អាជីវកម្ម​។ លោក​បាន​ថ្លែងថា​៖ «​យើង​បង្កើត​កម្មវិធី​ប្រកួត​នេះ​ឡើង ដើម្បី​រក​អ្នកមាន​ស្នាដៃ​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ដើម្បី​លើកតម្កើង​ពួកគេ​»​។

លោក​បាន​បន្តថា តាមរយៈ​កម្មវិធី​ប្រកួត​នេះ បេក្ខភាព​សហគ្រិន​នឹង​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​អាជីវកម្ម​របស់​ពួកគេ​។ លោក​បញ្ជាក់ថា​៖ «​នេះ​ជាការ​លើកកម្ពស់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​សមត្ថភាព និង​គោរព​គោលការណ៍​ស្តង់ដា​អនាម័យ​នៃ​ផលិតផល​របស់​ពួកគេ​»​។

អ្នកស្រី ម៉ៅ សុធា អ្នកគ្រប់គ្រង​ផ្នែក​លក់​ក្រុមហ៊ុន​ Kirirom Food Product Co., Ltd បាន​ឲ្យ​ដឹងថា ការបង្កើត​កម្មវិធី​ប្រកួតប្រជែង​សម្រាប់​សហគ្រាស​ធុន​តូន និង​មធ្យម​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​អាច​ស្វែងរក​ប្រភព​ហិរញ្ញប្បទាន​ជួយ​ដល់​អាជីវកម្ម​របស់​ពួកគេ​។ អ្នកស្រី​បន្តថា កម្មវិធី​នេះ​ក៏​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់​សហគ្រិន​បន្ថែម​ផងដែរ​។

អ្នកស្រី​ថ្លែងថា​៖ «​កម្មវិធី​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម អាច​ស្វែងរក​ដៃគូ​វិនិយោគ និង​ពង្រីក​សមត្ថភាព ព្រោះ​សហគ្រិន​ខ្នាតតូច​មួយ​ចំនួន​មាន​ស្តង់ដា និង​ចំនួន​ទៀត​កង្វះ​ស្តង់ដា​»​។

បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​ធនាគារ SME Bank ដែល​មាន​ដើមទុន​រហូតដល់​ជិត​ ១៥០ ​លាន​ដុល្លារ​។

សហគ្រិន​ទទួល​ជយលាភី​លំដាប់​កំពូល ៣ ​នាក់​ពី​កម្មវិធី​នេះ​នឹង​ទទួលបាន​ពានរង្វាន់ វិញ្ញាបនបត្រ ព្រមទាំង​ទុនវិនិយោគ​រហូតដល់​ $១ ​លាន​ពី​ក្រុមហ៊ុន PLMP Venture Capital​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ​៕ LA