ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​​អន្តរជាតិ​លើក​ទី​ ២ នៅ​ចុង​ឆ្នាំ​ ២០១៨ (CTM 2018)​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​កាលពី​ចុង​សប្តាហ៍​មុន​។

ពិព័រណ៍​ទេសចរណ៍​លើក​ទី​ ២ នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ ២០១៨​។ កម្ពុជា​ធ្លាប់​បាន​រៀបចំ​ពិព័រណ៍​នេះ​រួច​ម្តង​ហើយ​កាលពី​ឆ្នាំ​មុន​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​ដែល​មាន​ការចូលរួម​ពី​ស្ថាប័ន​ទេសចរណ៍​ជាតិ អ្នកទិញ អ្នកលក់ ភ្នាក់ងារ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង ៥០០ ​ក្រុមហ៊ុន​មកពី​ ៦០ ​ប្រទេស​។

ក្រសួង​ទេសចរណ៍​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន SlickBooth និង​ផ្នែក​ឯកជន ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ​។

សម្រាប់​ព្រឹត្តិការណ៍​លើក​ទី​ ២ ​នេះ​លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍​អំពាវនាវ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ទេសចរណ៍​កម្ពុជា និង​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ចូលរួម​គាំទ្រ និង​ជួយ​ជំរុញ​សមាជិក​របស់​ខ្លួន​ឲ្យ​សហការ​ផ្សព្វផ្សាយ និង​ដាក់តាំង​ពិព័រណ៍​ផលិតផល សេវា​របស់​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។

ឆ្នាំ​ ២០១៧ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ ៥,៦ ​លាន​នាក់​បាន​ចំណូល​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​៕